​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ​បាន​បញ្ចេញ​ផែនការ​រយៈពេល​ប្រាំ​ឆ្នាំ​មួយ​ដើម្បី​ស្ថាបនា​ប្រព័ន្ធ​ព្រមាន​ជា​មុន​របស់​ពិភពលោក​មួយ​សំរាប់​ត្រៀម​ទប់ទល់​នឹង​​ព្រឹត្តិការណ៍​អាកាសធាតុ​អាក្រក់ៗ​ដែល​បង្ក​ការខូចខាត​ធំធេង​និង​សម្លាប់​មនុស្ស​ច្រើនៗ ជំរុញ​ឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​។​

​ថ្លៃ​នៃ​ការដំឡើង​ប្រព័ន្ធ​នេះ​អាច​មាន​តំលៃ​៣,១​ពាន់​លាន​ដុល្លារ ឬ​ក្រោម​០,៥​ដុល្លារ​ក្នុង​មនុស្ស​ម្នាក់ ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស​រាប់​ម៉ឺន​នាក់ ឬ​លាន​នាក់ នេះ​បើ​តាម​លោក​អគ្គលេខា​អង្គការ​​សហប្រជាជាតិ អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េ​សបាន​និយាយ​នៅ​ជំនួប​កំពូល​ស្តី​ពី​អាកាសធាតុ​COP27 នៅអេ​ហ្ស៊ី​ប​។​

​នៅពេល​ក្រុម​មេដឹកនាំ​ពិភពលោក​ជួបប្រជុំ​នៅ​ទីក្រុង​សាម​អែល​សេក​សំរាប់​កិច្ច​ពិ​ភក្សា​១៣​ថ្ងៃ លោក​អគ្គលេខា​បាន​និយាយថា​«​ខ្ញុំ​អំពាវនាវ​គ្រប់​គ្នា​នៅលើ​ផែនដី​ត្រូវបាន​ការពារ​ដោយ​ប្រព័ន្ធ​ព្រមាន​​ជា​មុន​មួយ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ដោយ​អាទិភាពរបស់វា​ត្រូវ​គាំទ្រ​ជន​ងាយ​រងគ្រោះ​ជា​មុន​»​។​

​ទោះជា​អាកាសធាតុ​អាក្រក់​ជំរុញ​ឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ ក៏​ប្រទេស​ពាក់កណ្តាល​នៅលើ​ផែនដី​យើង​ខ្វះ​ប្រព័ន្ធ​ព្រមាន​ជា​មុន​ទំនើប​ដែល​អាច​ជួយសង្គ្រោះ​ជីវិត​មនុស្ស​។​

​យោងតាម​អង្គការសហប្រជាជាតិ ប្រទេស​ដែល​ខ្វះ​ហេដ្ឋារចនាសម្ពន្ធ ជា​មធ្យម​ជួប​ការបាត់បង់​អាយុជីវិត​មនុស្ស​ពី​គ្រោះធម្មជាតិ​ខ្ពស់ជាង​ប្រទេស​មាន​វិធានការ​ខ្លាំង​ជាង​ដល់​ទៅ​៨​ដង​។​ការ​មាន​ប្រព័ន្ធ​​ព្រមាន​ជា​មុន​ត្រឹមត្រូវ​សំរាប់​ទឹកជំនន់ ភាព​រាំងស្ងួត រលក​កំដៅ ព្យុះ​និង​គ្រោះមហន្តរាយ​ដទៃទៀត​ផ្តល់​ឳ​កាស​ច្រើន​សំរាប់​ការរៀបចំ​ផែនការ​ដើម្បី​បន្ថយ​ផលប៉ះពាល់​។​

​ឧទាហរណ៍ ព្យុះ​បូ​ឡា​(Bhola)​វាយប្រហារ​បង់​ក្លា​ដែស​នៅ​ឆ្នាំ​១៩៧០ វាបានសម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់​។​ប្រទេស​នេះ​បាន​វិនិយោគ​លើ​បច្ចេកវិទ្យា​ព្យាករណ៍​អាកាសធាតុ​នៅ​មួយ​ឆ្នាំ​ក្រោយ សង់​ជម្រក​ការពារនិង​​បង្កើត​បណ្តាញ​អ្នកស្ម័គ្រចិត្ត​នៅតាម​ឆ្នេរ​។​ជា​លទ្ធផល​ព្យុះ​ស្រដៀង​គ្នា​ឈ្មោះ​អាម​ផាន​(Amphan)​វាយប្រហារ​ប្រទេស​ដដែល​នេះ​នៅ​ឆ្នាំ​២០២០​ក្នុង​តំបន់​ដដែល វា​បាន​សម្លាប់​មនុស្ស​ត្រឹមតែ​២៦​នាក់​៕

​សព្វថ្ងៃ​ប្រទេស​ពាក់កណ្តាល​នៅលើ​ផែនដី​យើង​ខ្វះ​ប្រព័ន្ធ​ព្រមាន​ជា​មុន​ទំនើប​ដែល​អាច​ជួយសង្គ្រោះ​ជីវិត​មនុស្ស​រាប់​ម៉ឺន​នាក់​