​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សហគ្រិន​ដែលមាន​ទំនាក់ទំនង​ជាមួយ​វិមាន​ក្រឹម​ឡាំង លោក យេ​វ​ហ្គេ​នី ព្រី​ហ្គោ​ហ្ស៊ី​ន (Yevgeny Prigozhin)​បាន​សារភាព​ថា​បាន​ជ្រៀតជ្រែក​ក្នុង​​ការបោះឆ្នោត​អាម៉េរិក ហើយ​បាន​និយាយថា​គាត់​នឹង​បន្ត​ធ្វើ​ដូច្នេះ ដោយ​បញ្ជាក់​ជា​លើកដំបូង​នូវ​ការចោទប្រកាន់​ដែល​គាត់​បាន​បដិសេធ​អស់​ជាច្រើន​ឆ្នាំ​។​

​លោកព្រី​ហ្គោ​ហ្ស៊ី​ន​បាន​និយាយ​នៅក្នុង​ការកត់សម្គាល់​ដែល​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ថា “​យើង​បាន​ជ្រៀតជ្រែក កំពុង​ជ្រៀតជ្រែក ហើយ​នឹង​បន្ត​ជ្រៀតជ្រែក តាម​វិធី​ប្រកប​ដោយ​ការប្រុងប្រយ័ត្ន ច្បាស់លាស់ និង​ច្បាស់​ការ​របស់​យើង​”​។​

​សេចក្តីថ្លែងការណ៍​ចេញពី​សេវា​សារព័ត៌មាន​នៃ​ក្រុមហ៊ុន​អាហារ​របស់គាត់ ដែល​បាន​ធ្វើឱ្យ​គាត់​ទទួល​រហស្សនាម​ថា “​មេ​ចុងភៅ​របស់​ពូ​ទីន​”​បាន​កើតឡើង​នៅមុន​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​​របស់​សហរដ្ឋ​អាម៉េរិក​ដើម្បី​ឆ្លើយតប​ទៅ​នឹង​សំណើ​សុំ​ការអត្ថាធិប្បាយ​។​

​វា​ជា​ការសារភាព​ធំ​លើក​ទី​ពីរ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ដោយ​ពាណិជ្ជក​រវ័យ​៦១​ឆ្នាំ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន​។​លោកព្រី​ហ្គោ​ហ្ស៊ី​ន​ពី​មុន​បាន​ព្យាយាម​​រក្សា​សកម្មភាព​របស់​គាត់​នៅក្រោម​ការបិទបាំង ប៉ុន្តែ​ឥឡូវនេះ​ហាក់​មាន​ការចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ការទទួលបាន​ឥទ្ធិពល​នយោបាយ​។​

​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាម៉េរិក ដែល​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ពិភាក្សា​អំពី​សុន្ទរកថា​របស់​លោកព្រី​ហ្គោ​ហ្ស៊ី​ន​ជា​សាធារណៈ បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​”​ខណៈ​យើង​នឹងមិន​​ប៉ាន់ស្មាន​ពី​ចេតនា​ជាក់លាក់​របស់​គាត់ យើង​ដឹង​ថា​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រុស្ស៊ី​គឺ​រួម​មាន​ការផ្សព្វផ្សាយ​សាច់​រឿង​ជាច្រើន​ដែល​មាន​បំណង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​និង​សាប​ព្រួស​ការបែកបាក់​​និង​ការមិនចុះសម្រុង​គ្នា​។ វា​មិនមែន​ជា​រឿង​គួរឱ្យ​ភ្ញាក់ផ្អើល​ទេ​ដែល​រុស្ស៊ី​នឹង​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​និង​ប្រឌិត​រឿង​អំពី​ជោគជ័យ​របស់​ពួកគេ​នៅ​មុន​ថ្ងៃ​បោះឆ្នោត​”​។​

​នៅក្នុង​ខែ​កញ្ញា គាត់​ក៏បាន​និយាយ​ជា​សាធារណៈ​ផង​ដែរ​ថា គាត់​នៅ​ពីក្រោយ​កម្លាំង​ទាហាន​ស៊ីឈ្នួល ឈ្មោះថា Wagner Group ជា​អ្វី​ដែល​គាត់​ធ្លាប់​បាន​បដិសេធ​ពីមុន​មក​ហើយ​បាន​និយាយ​​ដោយ​បើកចំហ​អំពី​ការចូលរួម​របស់​ខ្លួន​នៅក្នុង​សង្គ្រាម​រយៈពេល​ប្រាំបី​ខែ​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែន​។ ​អ្នកម៉ៅការ​យោធា​នេះ​ក៏​បាន​បញ្ជូន​កងកម្លាំង​របស់​ខ្លួន​ទៅ​កាន់​កន្លែង​នានា​ដូចជា​ស៊ី​រី​និង​អនុ​តំបន់​សាហា​រ៉ា​អាហ្វ្រិក​ផងដែរ​។​

​វីដេអូ​មួយ​ក៏​បាន​បង្ហាញ​ថ្មីៗ​នេះ​ផង​ដែរ​អំពី​បុរស​ម្នាក់​ដែល​មាន​រូបរាង​ស្រដៀង​នឹង​លោកព្រី​ហ្គោ​ហ្ស៊ី​ន​ចុះ​ទៅ​មើល​ដែនដី​អាណានិគម​របស់​រុស្ស៊ី​ដើម្បី​ជ្រើសរើស​អ្នកទោស​ទៅ​ប្រយុទ្ធ​នៅ​អ៊ុ​យក្រែន​៕

​សហគ្រិន​ដែលមាន​ទំនាក់ទំនង​ជាមួយ​វិមាន​ក្រឹម​ឡាំង លោក យេ​វ​ហ្គេ​នី ព្រី​ហ្គោ​ហ្ស៊ី​ន