ដោយ: បូកគោ / កំពត: ពិធីប្រណាំងទូកងខ្នាតប្រពៃណី ដែលបានរៀបចំឡើងដោយ រដ្ឋបាលខេត្តកំពត សម្រាប់រយៈពេលពីរថ្ងៃ បានបញ្ចប់ដោយជោគជ័យ អមជាមួយ ភាពរីករាយបំផុត។ អភិបាលខេត្ត បានសន្យាថា នឹងរៀបចំការប្រណាំងទូកង ខ្នាតប្រពៃណី ជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ក្តីសប្បាយ និងអភិរក្សប្រភេទកីឡា ដែលជាកេរដំណែលដូនតា បន្សល់ទុក តាំងពីយូរលង់ មកហើយនោះ។

ថ្លែងក្នុងពិធីបិទការប្រណាំងទូកង ខ្នាតប្រពៃណី កាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថាៈ ទោះបីឆ្នាំនេះ ជាលើកដំបូង ដែលរដ្ឋបាលខេត្ត រៀបចំការប្រណាំងទូកងក្តី តែកម្មវិធី បានប្រព្រឹត្តទៅ ប្រកបដោយភាពជោគជ័យ។ រយៈពេលពីរថ្ងៃ ពោលគឺ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែវិច្ឆិកានេះ ពុំមានបញ្ហាអ្វីកើតឡើង ចំពោះកីឡាករ ចំណុះទូក នីមួយៗឡើយ។ ម្យ៉ាងទៀត តាមការពិនិត្យជាក់ស្តែង ឃើញថា បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានចូលរួមគាំទ្រ ព្រមទាំងលើកទឹកចិត្ត ដល់កីឡាករទូកង យ៉ាងខ្លាំងក្លា។

លោកអភិបាលខេត្ត បានបន្តថាៈ ក្នុងនាមរដ្ឋបាលខេត្ត លោកសូមថ្លែងអំណរគុណ ដល់លោក លោកស្រី លោកឧកញ៉ា ម្ចាស់ក្រុមហ៊ុន និងសហគ្រាសនានា ទូទាំងខេត្ត ដែលបានឧបត្ថម្ភដល់កីឡាករទូកង ដើម្បីញ៉ាំងកម្មវិធីនេះ ឲ្យកាន់តែអធឹកអធមនោះ។ ការរស់នៅក្នុងជីវភាពសមរម្យ និងក្តីសប្បាយរីករាយទាំងនេះ អាចកើតឡើងបាន គឺផ្តើមចេញពីកត្តាសុខសន្តិភាព ពេញប្រទេស ក្រោមកិច្ចដឹកប្រកបដោយភាពឆ្លាតវៃ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់ គ្រប់បែបយ៉ាង។ ដូច្នេះពលរដ្ឋ ទាំងអស់ ត្រូវដឹងគុណសន្តិភាព និងបន្តថែរក្សាសុខសន្តិភាព ឲ្យនៅគង់វង្ស យូរអង្វែង៕ V / N