​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋាភិបាល​ក្រុង​ប៊ុយ​ណូ​ស៊ែ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៧​វិច្ឆិកា​ថា​អ្នកគាំទ្រ​ដែល​មាន​អំពើហិង្សា​ពាក់ព័ន្ធ​នឹង​សមាគម​ខុសច្បាប់​និង​សូម្បី​អ្នក​ជំពាក់​​បំណុល​សម្រាប់​ថ្លៃ​អាហារ​គឺជា​ផ្នែក​មួយ​នៃ​បញ្ជី​ជនជាតិ​អា​ហ្សង់​ទីន ៦.០០០ នាក់​ដែល​នឹង​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​កីឡដ្ឋាន​វើល​ខាប់​ក្នុង​ប្រទេសកាតា​។​

​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​និង​សន្តិសុខ​លោក ម៉ា​សេ​ឡូ ឌី​អា​ឡេស​សាន់​ដ្រូ (Marcelo D’Alessandro) បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​តាម​ស្ថានីយ​វិទ្យុ​ក្នុងស្រុក​ថា​”​ពួក​ហិង្សា​នៅទីនេះ​​និង​ក្នុង​ប្រទេស​កាតា​។ យើង​ចង់​នាំយក​សន្តិភាព​មក​ឱ្យ​បាល់ទាត់​វិញ ហើយ​ដូច្នេះ​ពួក​បង្ក​ហិង្សា​គឺ​ត្រូវ​នៅ​ខាងក្រៅ​កីឡដ្ឋាន​”​។​

​លោក​បាន​បន្ថែមថា “​ពួកគេ​ត្រូវបាន​រាប់បញ្ចូល​ជា​កម្មសិទ្ធិ​របស់​ក្រុម Barras (​អ្នកគាំទ្រ​ហិង្សា​) សម្រាប់​ការចូលរួម​ក្នុង​អំពើហិង្សា សម្រាប់​សមាគម​ខុស​ច្បាប់​ដូចជា “Trapitos”(​អាជីវកម្ម​​តាម​ដងផ្លូវ​ដែល​ត្រូវ​បាន​ហាមឃាត់​) និង​សម្រាប់​ការ​ជំពាក់​ប្រាក់​ថ្លៃ​ថែទាំ (​ពី​ឪពុក​ម្តាយ​ដែល​លែងលះគ្នា​)​។​

​ដើម្បី​អនុវត្ត​ការគ្រប់គ្រង​ក្នុង​ប្រទេស​កាតា មន្ត្រី​រូប​នេះ​បាន​និយាយថា “​ដូច​រាល់ដង​នៅក្នុង​រាល់​ការប្រកួត​បាល់​ទាត់វើល​ខា​ប់ គណៈប្រតិភូ​នៃ​ស្ថាប័ន​ប៉ូលិស​ផ្សេងៗ​គ្នា (​នៃ​ប្រទេស​នី​មួយៗ​)​នឹងត្រូវ​​បាន​បញ្ជូន​ឱ្យទៅ​ធ្វើការ​រួមគ្នា​ជាមួយ​អាជ្ញាធរ​សន្តិសុខ​កាតា​”​។​

​កាលពី​ខែ​មិថុនា ក្រសួង​សន្តិសុខ​ជាតិ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​ស្ថានទូត​កាតា​ដើម្បី​ទប់ស្កាត់​ជន​អនាធិបតេយ្យ​អា​ហ្សង់​ទី​ន​ដែល​ជា​អ្នកគាំទ្រ​ប្រើ​ហិង្សា​កុំ​ឱ្យ​ចូលរួម​ក្នុង​​ការប្រកួត​បាល់​ទាត់វើល​ខាប់​។​

​ក្នុងចំណោម​ជនជាតិ​អា​ហ្សង់​ទីន ៦.០០០ នាក់​ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូល​កីឡដ្ឋាន លោក​ឌី​អា​ឡេស​សាន់​ដ្រូ​បាន​និយាយថា ប្រហែល ៣.០០០ នាក់​គឺជា “​ក្រុម Barrabravas” ដែល​មិន​អនុញ្ញាត​ឱ្យ​ចូលរួម​ការ​ប្រកួត​លី​ក​ក្នុងស្រុក​៕

អ្នកគាំទ្រ​អា​ហ្សង់​ទីន ៦.០០០ នាក់​នឹង​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​កីឡដ្ឋាន​វើល​ខាប់​ក្នុង​ប្រទេសកាតា