​ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ក្នុង​ប្រធានបទ «​ចក្ខុវិស័យ​បរិស្ថាន និង​ប្រវត្តិសាស្ត្រ​យោធា​៖ តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ចម្រុះ​ច្រើនយ៉ាង សំឡូត​» លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​គូសបញ្ជាក់​សារជាថ្មី​ម្តងទៀត ទៅលើ​ការប្តេជ្ញា ចិត្ត​ខ្ពស់ ក្នុងការ​រៀបចំ​តំបន់​ប្រវត្តិសាស្ត្រ​យោធា រួមគ្នា​ជាមួយ​ក្រសួងការពារជាតិ នៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​។​

​ថ្លែង​ក្នុង​ពិធី ដែល​បាន​រៀបចំឡើង កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក​រដ្ឋមន្ត្រី បានឱ្យដឹងថាៈ ក្រសួងបរិស្ថាន ចាត់ទុកថា ការរៀបចំ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​នេះ គឺជា​ការរៀបចំ​ឧទ្យាន ដែល​រួមមាន ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​បម្រើឱ្យ​វិស័យ ទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្ត្រ​យោធា និង​សង្គម​វប្បធម៌ ដែលជា​កំលាំងចលករ ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​។​

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថាៈ តំបន់​ប្រវត្តិសាស្ត្រ​យោធា បង្កើតឡើង​ដើម្បីៈ​ ១- ការពារ និង​អភិរក្ស តឹកតាង​ប្រវត្តិសាស្ត្រ​យោធា ដែលមាន​ខ្សែសង្វាក់ ពាក់ព័ន្ធ​វិស័យ​ការពារជាតិ និង​បូរណភាព​ដែនដី​។ ២-​ឆ្លុះបញ្ចាំង​ឱ្យឃើញ​កេរតំណែល ដែលជា​ប្រវត្តិសាស្ត្រ នៃ​ការអនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ របស់​រាជរដ្ឋាភិបាល ក្នុងការ​បញ្ចប់សង្គ្រាម​ស៊ីវិល​។៣-​ជា​កន្លែង​សិក្សា​ស្រាវជ្រាវ លើកកម្ពស់​ស្មារតី និង​ឆន្ទៈ​ប្រជាពលរដ្ឋ ចូលរួម​ក្នុង​កិច្ចការពារ​សន្តិភាព ឯកភាព​ជាតិ និង​ការអភិវឌ្ឍ ដោយ​ចីរភាព​៕/V​