​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បានឱ្យដឹងថាៈ គិត​ត្រឹម​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២២ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ បោះឆ្នោត បានទទួល និង​សម្រេច​លើ​ពាក្យសុំ​ចុះឈ្មោះ អ្នកសង្កេតការណ៍​ជាតិ ដើម្បី​សង្កេតមើល ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២ មាន​ចំនួន ២.៦៦១ នាក់​។​

​គ​.​ជ​.​ប​. បានបញ្ជាក់​ថាៈ អ្នកសង្កេតការណ៍​ជាតិ គឺជា​ជនជាតិខ្មែរ ឬ​ជនបរទេស ដែលជា​សមាជិក នៃ​សមាគម ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក ដែល​បាន​ចុះបញ្ជី នៅ​ក្រសួងមហាផ្ទៃ និង​អនុញ្ញាត​ដោយ គ​.​ជ​.​ប​. ។​

​ការដាក់ និង​ការទទួល​ពាក្យសុំ​ចុះឈ្មោះ អ្នកសង្កេតការណ៍​ជាតិ ប្រព្រឹត្តទៅ​ចាប់ពី ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២ ដល់​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៣​។ គំរូ​ពាក្យសុំ​ចុះ ឈ្មោះ សម្រាប់​អ្នកសង្កេតការណ៍​ជាតិ ផ្ដល់ជូន​ដោយ​ឥតគិតថ្លៃ ឬ​អាច​ទាញយក​ពី គេហទំព័រ គ​.​ជ​.​ប​. www.nec.gov.kh និង​ត្រូវ​ដាក់ពាក្យ នៅ​ទីស្ដីការ គ​.​ជ​.​ប​. (​ការិយាល័យ​កិច្ចការ​គណបក្សនយោបាយ និង​សមាគម និង​អង្គការ​មិនមែន រដ្ឋាភិបាល​) រៀងរាល់​ម៉ោង​ធ្វើការ ពេលព្រឹក​ពី​ម៉ោង ៧:០០​នាទី ដល់​ម៉ោង ១១:៣០​នាទី និង​ពេល​រសៀល ពី​ម៉ោង ២:០០​នាទី ដល់​ម៉ោង ៥:៣០​នាទី​។​

​សូមបញ្ជាក់ថា អ្នកសង្កេតការណ៍​ជាតិ ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ចូលរួម​សង្កេតមើល ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ត្រូវគោរព​ឱ្យខាងតែបាន នូវ​ក្រមសីលធម៌ សម្រាប់​អ្នកសង្កេតការណ៍​បោះឆ្នោត ដែល​បានអនុម័ត ដោយ គ​.​ជ​.​ប​. ៕/V​