ដោយ: ពៅនិមល / ភ្នំពេញ៖ យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថាៈ កម្ពុជាតំណាងដោយ លោក ឡុង កែមវិចិត្រ ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ត្រូវបានទទួលការគាំទ្រ ពីសមាជិក ជាប្រធាននៃកិច្ចប្រជុំ លើកទី២០ នៃក្រុមការងារ ស្ដីពីការអភិវឌ្ឍច្បាប់ នៃប្រព័ន្ធម៉ាឌ្រីដ សម្រាប់ការចុះបញ្ជីម៉ាកអន្តរជាតិ (Working Group on the Legal Development of the Madrid System for the International Registration of Marks) នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដែលប្រារព្ធធ្វើរយៈពេល ៥ថ្ងៃ ពីថ្ងៃទី៧ ដល់ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រភពពីក្រសួងពាណិជ្ជកម្ម នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា នេះ បានឲ្យដឹងថាៈ នៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរាជទូតកម្ពុជា បានសម្ដែងនូវសេចក្ដី សោមនស្ស រីករាយ និងកិត្តិយសយ៉ាងក្រៃលែង ដែលកម្ពុជាត្រូវបានទទួលការគាំទ្រ ពីសមាជិកទាំងមូល ដើម្បីដឹកនាំកិច្ចប្រជុំ ដ៏មានសារៈសំខាន់នេះ ព្រមទាំងបានតាំង ចិត្តខ្ពស់ក្នុងការដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំ ឲ្យទទួលបានលទ្ធផល ដែលបានរំពឹងទុក។

លោកបានបន្ថែមទៀតថាៈ កិច្ចពិភាក្សាដែលនឹងធ្វើឡើង នៅក្នុងកិច្ចប្រជុំទី២០ នៃក្រុមការងារម៉ាឌ្រីដនេះ នឹងនាំមកនូវការអភិវឌ្ឍ និងភាពប្រសើរឡើងបន្ថែមទៀត ចំពោះប្រព័ន្ធម៉ាឌ្រីដ ធ្វើឲ្យប្រព័ន្ធចុះបញ្ជីម៉ាកអន្តរជាតិនេះ រឹតតែមានភាពទាក់ទាញ ភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ថែមទៀត ដល់អ្នកប្រើប្រាស់ បម្រើដល់តម្រូវការ នៃធុរកិច្ចទាំងឡាយ ជាពិសេសសហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបាន ផលប្រយោជន៍ ពីកម្មសិទ្ធិបញ្ញា ដើម្បីជំរុញដល់គោលដៅធុរកិច្ចរបស់ខ្លួន។

សូមបញ្ជាក់ថា ប្រព័ន្ធម៉ាឌ្រីដ គឺជាប្រព័ន្ធចុះបញ្ជីម៉ាកអន្តរជាតិ ដោយប្រើប្រាស់​បច្ចេកវិទ្យា ដែលគ្រប់គ្រង ដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដោយប្រព័ន្ធនេះ បានផ្ដល់ភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ ចំពោះការចុះបញ្ជីម៉ាក នៅក្នុងប្រទេស នានាជាសមាជិក។ នាពេលបច្ចុប្បន្ន ប្រព័ន្ធនេះ មានសមាជិកចំនួន១២៨ ដែលក្នុងនោះ មានប្រទេសកម្ពុជាផងដែរ ដែលបានចូលរួមការប្រើប្រាស់ប្រព័ន្ធនេះ តាមរយៈការចូលជាសមាជិក នៃពិធីសារទីក្រុងម៉ាឌ្រីដ ទាក់ទងនឹងកិច្ចព្រមព្រៀង ទីក្រុងម៉ាឌ្រីដ ទាក់ទងនឹងការចុះឈ្មោះអន្តរជាតិ នៃម៉ាក (Madrid Protocol Relating to the Madrid Agreement Concerning the International Registration of Marks) នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥។ នៅក្នុងកិច្ចប្រជុំលើកទី២០ នៃក្រុមការងារម៉ាឌ្រីដនេះ សមាជិក នឹងពិភាក្សាលើសេចក្ដីព្រាងវិសោធនកម្មច្បាប់ និងវិធានមួយចំនួន ពាក់ព័ន្ធនឹងការ ចុះបញ្ជីម៉ាក ព្រមទាំងប្រឹក្សាលើការអភិវឌ្ឍប្រព័ន្ធបន្ថែម សំដៅលើកកម្ពស់ ការប្រើ ប្រាស់ ធ្វើឲ្យប្រព័ន្ធមានភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ សម្រាប់អ្នកប្រើប្រាស់ និងឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន៕ V / N