ដោយៈ មុនីរ័ត្ន​/ ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានបញ្ជាក់ថាៈ រយៈពេល ១៩ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ត្រឹមថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ លទ្ធផលបណ្ដោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺប្រជាពលរដ្ឋ ចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២៥៩.៤២១ នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញ ពីបញ្ជីបោះឆ្នោត មានចំនួន ១៣១.៥៩៨ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ២០.៧១២ នាក់។ អ្នកដែលបានផ្ទេរទីលំនៅ ចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៧៤.៩៥៥ នាក់។

គ.ជ.ប. បានបន្តថាៈ លទ្ធផលបណ្ដោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទូទាំងប្រទេស គឺមានប្រជាពលរដ្ឋ ចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២៤.០៨៥ នាក់។ អ្នកដែលនឹង ត្រូវលុបឈ្មោះចេញ ពីបញ្ជីបោះឆ្នោត មានចំនួន ៦.៦៩៦ នាក់។ អ្នកដែលបានកែ តម្រូវទិន្នន័យ មានចំនួន ១.៩៩០ នាក់។ អ្នកដែលបានផ្ទេរទីលំនៅ ចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៤.៥៨៧ នាក់។

គ.ជ.ប. បានបន្តទៀតថាៈ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សូមអញ្ជើញប្រជាពលរដ្ឋខ្មែរ ទៅពិនិត្យមើលឈ្មោះ ក្នុងបញ្ជីបោះឆ្នោតចុងក្រោយ និងស្នើសុំកែតម្រូវឈ្មោះ ឬទិន្នន័យ ប្រសិនបើកត់ត្រាមិនបានត្រឹមត្រូវ។ ប្រជាពលរដ្ឋ ដែលទើបគ្រប់អាយុ ១៨ ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ ប្រជាពលរដ្ឋដែល មិនធ្លាប់ចុះឈ្មោះបោះឆ្នោត ពីមុនមក និងប្រជាពលរដ្ឋ ដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី អញ្ជើញទៅចុះឈ្មោះ បោះឆ្នោត ឱ្យបានគ្រប់ៗគ្នា។

សូមចូលទៅកាន់គេហទំព័រ គ.ជ.ប www.nec.gov.kh/khmer/voter-list-revision-2022 ដើម្បីពិនិត្យ មើលតារាងលទ្ធផលបណ្ដោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២៕ V / N