​ប្រែ​សម្រួលៈ​បំណង​(trtworld)៖ ចិន​នៅ​ថ្ងៃ​អង្គារ​ទី​៨​វិច្ឆិកា​បាន​បង្ហាញ​យន្តហោះ​ដឹក​អ្នកដំណើរ​C919​ផលិត​ក្នុងស្រុក​របស់​ខ្លួន​ជា​លើកដំបូង នៅ​ពិព័រណ៍​អាកាសចរណ៍​ធំ​មួយ​បន្ទាប់​ពី​យន្តហោះ​នេះ​​ត្រូវបាន​អនុម័ត​អោយ​ប្រើ​ដោយ​និយ័ត​ករ​។​

​យន្តហោះ​តួ​តូច​ដ៏​រលោង ត្រូវបាន​នាំ​ទៅកាន់​ផ្លូវ​យន្តហោះ​នៅ​ពិព័រណ៍​អាកាសចរណ៍​និង​អវកាស​អន្តរជាតិ​ចិន​(China International Aviation and Aerospace Exhibition)​និង​បាន​ហោះ​ក្រឡឹង​ក្នុង​មេឃ​មាន​ពពក​ក្រាស់​លើ​ទីក្រុង​ជូ​ហៃ​( Zhuhai)​មុន​ពេល​ចុះ​មក​វិញ​នៅ​ចំពោះមុខ​អ្នកទស្សនា​រាប់រយ​នាក់​។​

​អាជ្ញាធរ​ចិន​សង្ឃឹម​ថាយន្តហោះ​C919 ផលិត​ដោយ​ក្រុមហ៊ុន​រដ្ឋ​ចិន​COMAC​នឹង​អាច​ប្រកួតប្រជែង​ជាមួយ​យន្តហោះ​ដឹក​អ្នកដំណើរ​បរទេស​ដូចជា Boeing​របស់​អាម៉េរិក​និង Airbus​របស់​អឺរ៉ុប​។​

​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ក៏​សង្ឃឹមថា យន្តហោះ​ដឹក​អ្នកដំណើរ​ផលិត​ក្នុងស្រុក​ដំបូង​របស់​ខ្លួន នឹង​ផលិត​ចេញ​ទ្រង់ទ្រាយ​ធំ​ជាលក្ខណៈ​ពាណិជ្ជកម្ម ដោយ​នឹង​កាត់បន្ថយ​ការពឹង​របស់​ប្រទេស​លើ​បច្ចេកវិទ្យា​​បរទេស​នៅ​ពេល​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​បណ្តា​ប្រទេស​លោក​ខាងលិច​កាន់តែ​ធ្លាក់​ចុះ​ដុនដាប ទោះជា​យ៉ាងណា​គ្រឿង​បង្គំ​ភាគច្រើន​នៃ​យន្តហោះ​នេះ​មាន​ប្រភព​នៅ​បរទេស​។​

សូមបញ្ជាក់ថា​និយ័ត​ករ​ចិន​បាន​អនុម័ត​អោយ​ប្រើ​យន្តហោះ​C919​កាលពី​ខែ​កញ្ញា ដោយ​ប្រធានាធិបតី​ស៊ី ជីន​ភីង អបអរ​វា​ថា​ជា​«​សមិទ្ធិផល​គួរ​ជាទី​សោមនស្ស​»​របស់​គំរោង និង​បាន​ហៅ​វា​ថា​ជា​«​កិច្ច​ខិតខំ​មួយ​​បង្កប់​នូវ​ឆន្ទៈ​របស់​ប្រទេស​»​។​

​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ក៏​សាទរ​និង​គាំទ្រ​ផលិតផល​ថ្មី​នេះ ទោះជា​វា​នៅ​មិនទាន់​ទទួលបាន​អាជ្ញាប័ណ្ណ​ទទួល​ស្គាល់​ពី​និយ័ត​ករ​អាម៉េរិក​និង​អឺរ៉ុប ឬក៏​ការអនុញ្ញាតអោយ​ផលិត​ទ្រង់ទ្រាយ​ធំក៏ដោយ​។​

​ក្រុមហ៊ុន​China Eastern Airlines​ដែលជា​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ធំ​បំផុត​លំដាប់​ទី​ពីរ បាន​និយាយ​កាលពី​ខែ​ឧសភា​ថា ខ្លួន​មាន​ផែនការ​ដាក់បញ្ចូល​យន្ត​ហោះ​C919​បួន​គ្រឿង​ទៅក្នុង​កង​​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ខ្លួន ហើយ​វា​ទំនងជា​នឹង​ដំណើរការ​ហោះហើ​រដឹក​អ្នកដំណើរ​នៅ​ត្រីមាស​ទី​មួយ​ឆ្នាំ​២០២៣​។​

​ក្រុមហ៊ុន​ផលិត​COMAC​បាន​និយាយថា មាន​ការបញ្ជា​ទិញ​យន្ត​ហោះ​C919​ជាង​៨០០​គ្រឿង​មក​ពី​អតិថិជន​ជា​ង​រាប់សិប​។​

​សូមបញ្ជាក់​ថា ក្នុង​អំ​ឡុង​ពេល​ទស្សនកិច្ច​របស់​អធិកា​ប​តី​អាល្លឺម៉ង់​នៅ​ក្រុង​ប៉េកាំង​កាលពី​សប្តាហ៍​មុន ចិន​បាន​ប្រកាស​កិច្ចព្រមព្រៀង​តំលៃ​១៧​ពាន់​លាន​ដុល្លារ​ជាមួយ​ក្រុមហ៊ុន​ផលិត​យន្តហោះ​Airbus​​នៅពេល​យន្តហោះ​Boeing 737 MAX ត្រូវបាន​ចិន​ចត​ចោល​ចាប់តាំងពី​ឆ្នាំ​២០១៩ បន្ទាប់​ពី​ការធ្លាក់​យន្តហោះ​Boeingសម្លាប់​មនុស្ស​ច្រើន​ៗពីរលើក​៕

​អាជ្ញាធរ​ចិន​សង្ឃឹម​យន្តហោះ​C919​នឹង​អាច​ប្រកួតប្រជែង​ជាមួយ​យន្តហោះ​ដឹក​អ្នកដំណើរ​បរទេស​ដូចជា Boeing​និង Airbus