ដោយ៖តារារិទ្ធ(ភ្នំពេញ)លោក លី ខឺឈាង (Li Keqiang)នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋរដ្ឋប្រជាមានិតចិននិងលោកស្រីបានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេលបួនថ្ងៃនៅព្រះរាជាណាចក្រកម្ពុជានាយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បើតាមគម្រោងនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង (LI Keqiang)នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃ ទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងបន្តថាក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះលោក លី ខឺឈាងនឹងចូលថ្វាយបង្គំគាល់ព្រះករុណា ព្រះ​បាទសម្ដេច​ព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងព្រះបរមរាជវាំង។

បន្ទាប់មកសម្តេចតេជោ ហ៊ុន សែននិងលោក លី ខឺឈាង នឹងជួបពិភាក្សាទ្វេភាគីនៅវិមានសន្តិភាពដោយផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ច សហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាកង្វល់រួម។

នៅចុងបញ្ចប់នៃជំនួបថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួននិងក្នុងពិធីសម្ពោធជានិមិត្តរូប បើកឲ្យ ប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ។

បន្ទាប់មកទៀតលោកនាយករដ្ឋមន្ត្រីចិននឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យនិងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្ដម សីហនុ “ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះដែរ លោក លី ខឺឈាង ក៏នឹងអញ្ជើញធ្វើទស្សនកិច្ចទៅកាន់ខេត្តសៀមរាបដែលក្នុងឱកាសនោះលោកនឹងអញ្ជើញធ្វើជាអធិបតីជាមួយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់គម្រោងស្ថាបនាឡើងវិញនៃប្រាសាទតាកែវផងដែរ៕