​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​អង្គារបាន​បដិសេធរ​បាយ​ការណ៍​ដែល​ថា​ខ្លួន​ស្ថិត​ក្រោម​សម្ពាធ​លោកខាងលិច​ដើម្បី​អោយ​ចូល​ចរចា​ជាមួយ​រុស្ស៊ី និង​បាន​បញ្ជាក់​សារ​ឡើងវិញ​ថា​​កិច្ចពិភាក្សា​អាច​ធ្វើទៅបាន​ទាល់តែ​រុស្ស៊ី​សុខចិត្ត​បោះ​បង់​ទឹកដី​អ៊ុយ​ក្រែន​ដែល​ខ្លួន​វាយយ​កចាប់​តាំងពីកា​រ​ឈ្លានពាន​កាលពី​ខែ​កុម្ភៈ​។​

​ការបញ្ជាក់​នេះ​ធ្វើឡើង​ដោយ​ប្រធានាធិបតី​វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី ក្រោយ​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​កាលពី​ថ្ងៃ​សៅរ៍​បាន​រាយការណ៍​ថា​អាម៉េរិក​បាន​ជំរុញ​លើកទឹកចិត្ត​អ៊ុយ​ក្រែន​អោយ​បង្ហាញ​ឆន្ទៈ​សំរាប់​កិច្ច​​ពិភាក្សា​។​ការ​ចេញ​មក​បញ្ជាក់រ​បស់​ហ្សេ​ឡេន​ស្គីក៏​កើតឡើង​ចំ​ពេល​អាម៉េរិក​ធ្វើការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ដែ​លអាច​ជា​ការ​ធ្វើតេស្តិ៍​ការគាំទ្ររ​បស់​ប្រជាជន​អាម៉រិក​ចំពោះ​អ៊ុ​យក្រែន​។​

​ហ្សេ​ឡេន​ស្គី បើកទ្វារ​សំ​រាប់ការ​ចរចា​ជាមួយ​រុស្ស៊ី តែ​តាម​លក្ខខណ្ឌ​អ៊ុ​យក្រែន​

​ក្នុងការ​ថ្លែង​សុន្ទរកថា​កាលពី​រំលង​អធ្រាត​ថ្ងៃ​អង្គារ​មុនពេល​លោក​ថ្លែង​ទៅ​កាន់​ជំនួប​កំពូល​ស្តី​ពី​អាកាសធាតុ លោក​ហ្សេ​ឡេ​ស្គី បាន​សូត្រ​ឡើងវិញ​អ្វីដែល​លោក​ហៅថា​«​លក្ខខណ្ឌ​អាច​យល់​បាន​ទាំងស្រុង​»​របស់​អ៊ុយ​ក្រែន​សំរាប់​កិច្ច​ពិភាក្សា​រក​សន្តិភាព​។​លោក​បាន​និយាយ​ដូច្នេះ​ថា​«​ជាថ្មីទៀត ការស្តារ​បូរណភាព​ទឹកដី ការគោរព​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ សំណង​សំរាប់​ការខូចខាត​ទាំងអស់​បង្ក​ឡើង​ដោ​​យ​សង្គ្រាម ការដាក់ទោស​ឧក្រិដ្ឋជន​សង្គ្រាម​និង​ធានាថាហេតុការណ៍​បែប​នេះ​នឹង​មិន​កើត​មាន​ជា​ថ្មី​ឡើយ​»ជាលក្ខខណ្ឌសំរាប់ការចរចារកសន្តិភាពជាមួយរុស្ស៊ី​។​

​បើ​តាម​មេដឹកនាំ​អ៊ុ​យក្រែន អ៊ុយ​ក្រែន​បាន​ស្នើសុំ​ពិភាក្សា​ដូច្នេះ​ម្តង​ហើយ​ម្តងទៀត តែ​«​យើង​តែងតែ​ទទួលបាន​ចម្លើយ​ឆ្កួតៗ​គ្មាន​ន័យ​ពី​រុស្ស៊ី​ជាមួយនឹង​ការវាយប្រហារ​ភេរវកម្ម​ថ្មី បាញ់​ផ្លោង​និង​សម្លុត​​គំរាម​»​។​

​កាលពី​ថ្ងៃ​ចន្ទ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​រុស្ស៊ី​លោក ឌី​មី​ទ្រី ប៉េ​ស្កូវ បាន​បញ្ជាក់​ឡើងវិញ​អំពី​ជំហរ​របស់​រុស្ស៊ី​ថា រុស្ស៊ីបើកទ្វារ​សំរាប់​ការពិភាក្សា តែ​ថា​រដ្ឋាភិបាល​ទីក្រុង​គៀវ​បាន​បដិសេធ​វា​។​រដ្ឋាភិបាល​ទីក្រុង​​មូ​ស្គូបា​ននិយាយថា​ខ្លួន​នឹងមិ​ន​ចរចា​អំពី​ទឹកដី​ដែល​ខ្លួន​បាន​កាត់​ចូល​ក្នុង​ប្រទេស​រុស្ស៊ី​ទេ​។​

​ទីប្រឹក្សា​របស់​ហ្សេ​ឡេន​ស្គីបា​ននិយាយថា វា​មិន​ទំនង​ដែល​ថា​បណ្តា​ប្រទេស​លោកខាងលិច​នឹង​បង្ខំ​អោយ​រដ្ឋាភិបាល​ទីក្រុង​គៀវ​ចរចា​អំពី​លក្ខខណ្ឌ​របស់​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ នៅ​ពេល​ពួកគេ​កំពុង​ផ្គត់ផ្គង់​​សព្វាវុធ​ទំនើបៗ​ដើម្បី​វាយ​រុញច្រាន​កងកម្លាំង​រុស្ស៊ី​ចេញ​ពី​ទឹកដី​អ៊ុ​យក្រែន​។​លោក​ថា​មិន​មាន​«​ការបង្ខិតបង្ខំ​»​នៅក្នុង​ទំនាក់ទំនង​របស់​រដ្ឋាភិបាល​ទីក្រុង​គៀវ​ជាមួយ​វ៉ាស៊ីនតោន និង​ការលើកឡើង​ដែល​​ថា​លោក​ខាងលិច​ជំរុញ​អោយ​អ៊ុយ​ក្រែន​ចរចា​ជា​ផ្នែក​នៃ​«​កម្មវិធី​ក្រៅផ្លូវការ​»​របស់​រុស្ស៊ី ។​

​សូមបញ្ជាក់​ថា​ចាប់តាំងពី​ពេល​ប្រធានាធិបតី​ពូ​ទីន​ប្រកាស​កាត់​យក​តំបន់​បួន​នៅ​អ៊ុយ​ក្រែ​នខាង​ត្បូងនិង​ខាងកើត​ជា​ផ្នែក​នៃ​ទឹកដី​រុស្ស៊ី​មក លោក​ហ្សេ​ឡេន​ស្គីបា​ននិយាយថា​រដ្ឋាភិបា​ល​ទីក្រុង​គៀវ​​នឹង​មិន​ចរចា​ជាមួយ​រុស្ស៊ី​ទេ ដរាបណា​ពូ​ទីន​នៅ​ជា​ប្រធានាធិបតី​រុស្ស៊ី​។​

​នៅ​ថ្ងៃ​អង្គារ​នេះដែរ លោក​ហ្សេ​ឡេន​ស្គី​បាន​អំពាវនាវ​អោយ​បន្ត​កិច្ច​ព្រមព្រៀង​នាំចេញ​ធញ្ញជាតិ​សមុទ្រ​ខ្មៅ ដែល​វា​បាន​ដកចេញ​ការហ៊ុមព័ទ្ធ​របស់​រុស្ស៊ី​លើ​កំពង់ផែ​ធំ​បី​របស់​អ៊ុយ​ក្រែ​ន​និង​បាន​ជួយ​កាត់​​បន្ថយ​វិបត្តិ​ស្បៀង​សកល​។​កិច្ចពរមព្រៀង​ដែល​សម្របសម្រួល​ដោយ​តួ​ក​គី​និង​អង្គការសហប្រជាជាតិ​កាលពី​ខែ​កក្កដា នឹង​ផុតពេល​អនុវត្ត​នៅ​ថ្ងៃ​១៩​វិច្ឆិកា ៕