​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី ចូ បៃ​ដិន នឹង​ជួប​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​អេ​ហ្ស៊ី​ប កម្ពុជា និង​ឥណ្ឌូណេស៊ី​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​នាពេល​ខាងមុខ​ទៅកាន់​អាហ្វ្រិក​ខាងជើង​​និង​អាស៊ី ទី​ដែល​លោក​នឹង​បង្ហាញ​ការប្តេជ្ញា​ចិត្ត​របស់​សហ​រដ្ឋ​អាម៉េរិក​លើ​បញ្ហា​ដូចជា​ការប្រែប្រួល​អាកាសធាតុ​និង​អះអាង​ជា​ថ្មី​ពី​ការសន្យា​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​ទប់ទល់​នឹង​ការ​កើន​​ឡើង​ឥទ្ធិពល​ចិន​លើ​ពិភពលោក​។​

​មន្ត្រីរដ្ឋបាល​ជាន់​ខ្ពស់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៨​វិច្ឆិកា​ថា ដំណើរ​ដ៏​ទូលំទូលាយ​របស់​លោកបៃ​ដិ​ននឹង​រួមបញ្ចូល​កិច្ច​ប្រជុំ​កំពូល​អាកាសធាតុ​អន្តរជាតិ​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប កិច្ចប្រជុំ​អាស៊ាន​នៅ​​កម្ពុជា​និង​ជំនួប​កំពូល​របស់​ក្រុម​ប្រទេស​ឧស្សាហកម្ម​ទាំង ២០ នៅ​ឥណ្ឌូនេស៊ី​។​

​ទស្សនកិច្ច​នេះ​នឹង​ចាប់ផ្តើម ពីរ​ថ្ងៃ​បន្ទាប់​ពី​អ្នក​បោះឆ្នោត​អាម៉េរិក​ចេញ​សាលក្រម​លើ​អភិបាលកិច្ច​របស់​លោកបៃ​ដិន​នា​ពេលកន្លងមក​និង​ការគ្រប់គ្រង​រយៈពេល​ពី​រ​ឆ្នាំ​ដោយ​បក្ស​ប្រជាធិបតេយ្យ​លើ​​ទីក្រុង​វ៉ាស៊ីនតោន​។​

​ផ្អែក​លើ​លទ្ធផល​នៃ​ការបោះឆ្នោត លោកបៃ​ដិន​អាច​ចាប់ផ្តើម​ដំណើ​ររបស់​គាត់​ក្នុងស្ថានភាព​ទន់ខ្សោយ​ខាង​នយោបាយ​។​គណបក្ស​ប្រជាធិបតេយ្យ​បាន​និង​កំពុង​ត្រៀមខ្លួន​ជា​លក្ខណៈ​ឯកជន​ក្នុងការ​​បាត់បង់​ការគ្រប់គ្រង​យ៉ាងហោច​ណាស់​សភាតំណាងរាស្ត្រ​។

​មន្ត្រីរដ្ឋបាល​មិន​អាច​និយាយបាន​ថា​តើ​លោកបៃ​ដិ​ននឹង​មាន​កិច្ចប្រជុំដា​ច់​ដោយ​ឡែក​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង ដែល​រំពឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ និង​របៀបវារៈ​របស់​ពួកគេ​អាច​រួម​​បញ្ចូល​អ្វីខ្លះ​នោះទេ​។ រដ្ឋាភិបាល​ទាំងពីរ​បាន​និង​កំពុង​ធ្វើការ​ឆ្ពោះទៅរក​ការរៀបចំ​នូវ​អ្វី​ដែល​នឹង​ក្លាយជា​ជំនួប​ទល់មុខ​គ្នា​ជា​លើក​ដំបូង​រវាង​មេដឹកនាំ​ទាំង​ពីរ​ចាប់តាំងពី​លោកបៃ​ដិន​ចូលកាន់​តំណែង​​ក្នុង​ខែមករា ឆ្នាំ ២០២១​។​

​ក្រុមមន្ត្រី​បាន​និយាយថា លោកបៃ​ដិ​ននឹង​ចាប់ផ្តើម​ដំណើ​ររបស់​លោក​ដោយ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អេ​ហ្ស៊ី​ប ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ COP27 នៅ​ថ្ងៃ​សុក្រ កន្លែង​ដែល​លោក​នឹង​និយាយ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាម៉េរិក​ក្នុង​ការកាត់បន្ថយ​ការបំភាយ​ឧស្ម័ន ហើយ​ក៏​នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​អេ​ហ្ស៊ី​បលោក អាប់ឌែល ហ្វាត​តា អែល ស៊ី​ស៊ី (Abdel Fattah El-Sisi) ផងដែរ​។ មន្ត្រីរដ្ឋបាល​ម្នាក់​បាន​និយាយថា “​សិទ្ធិមនុស្ស​នឹង​មាន​លក្ខណៈ​លេចធ្លោ​” នៅក្នុង​ការពិភាក្សា​ជាមួយ​មេដឹកនាំ​អេ​ហ្ស៊ី​ប​។​

​បន្ទាប់មក លោកបៃ​ដិ​ននឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កម្ពុជា​ពី​ថ្ងៃ​សៅរ៍​ដល់​ថ្ងៃអាទិត្យ​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​រវាង​សហរដ្ឋ​អាម៉េរិក​និង​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​កន្លែង​​ដែល​លោក​នឹង​ផ្តោត​លើ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក និង​និយាយ​អំពី​ការប្តេជ្ញា​ចិត្ត​របស់​សហ​រដ្ឋ​អាម៉េរិក​ចំពោះ​សណ្តាប់ធ្នាប់​អន្តរជាតិ ដែល​ផ្អែកលើ​ច្បាប់​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​ចាប់ពី​ថ្ងៃ​អាទិត្យ​ដល់​ថ្ងៃទី ១៦ ខែវិច្ឆិកា លោកបៃ​ដិ​ននឹង​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌូនេស៊ី​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​មេដឹកនាំ​មកពី​ក្រុម​សេដ្ឋកិច្ច​ធំៗ​ទាំង​២០​។ មន្ត្រី​ម្នាក់​បាន​និយាយថា គាត់​នឹង “​មិន​សោកស្តាយ​” ក្នុង​ការការពារ​អ៊ុ​យក្រែន និង​ទាញ​ការចាប់អារម្មណ៍​លើ​រុស្ស៊ី​ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​នេះ​។ ​ផលប៉ះពាល់​ខ្លាំង​បំផុត​នៅ​បរទេស​ពី​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​ថ្ងៃ​អង្គារ​នៅ​សហរដ្ឋ​អាម៉េរិក​អាចជា​អនាគត​នៃ​ជំនួយ​ដល់​អ៊ុ​យក្រែន​។​

​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន មិន​បាន​ប្រកាស​ជា​សាធារណៈ​ថា​តើ​លោក​មាន​គម្រោង​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ​ឬ​យ៉ាងណា​នោះទេ​តែ​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី​បាន​និយាយថា​លោក​ប្រហែល​ជា​អត់​ចូល​​រួម​ច្រើនជាង​។ លោកបៃ​ដិនបាន​និយាយថា លោក​មិន​មាន​គម្រោង​ជួប​ជាមួយ​លោកពូ​ទីន​នោះទេ ប៉ុន្តែ​បាន​បើក​ឱកាស​នៃ​ការសន្ទនា​ប្រសិនបើ​លោកពូ​ទីន​ចង់​ពិភាក្សា​អំពី​កិច្ចព្រមព្រៀង​ដើម្បី​ដោះ​​លែង​ជនជាតិ​អាម៉េរិក​ដែល​ជាប់គុក​នៅ​ក្នុងប្រទេស​រុស្ស៊ី​។ មន្ត្រី​ទាំងនោះ​មិនបាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ជំនួប​ណាមួយ​រវាង​មេដឹកនាំ​ទាំង​ពីរ​នោះ​ទេ​។​

​រដ្ឋបាលបៃដិ​នក៏បាន​និយាយ​មុននេះ​ដែរថា លោក​ប្រធានាធិបតី​មិន​មាន​គម្រោង​ជួប​ជាមួយ​ព្រះអង្គម្ចាស់​ម៉ូ​ហាម​ម៉េត ប៊ីន សាល់​ម៉ាន់ (Mohammed bin Salman)​របស់​អា​រ៉ាប៊ីសាអូឌីត​នោះទេ បន្ទាប់ពី​ក្រុម OPEC+ បាន​កាត់បន្ថយ​ផលិតកម្ម នៅ​ប៉ុន្មាន​ខែ​បន្ទាប់​ពី​ជំនួប​ខែកក្កដា​របស់​លោក​បៃដិនជា​មួយ​ព្រះអង្គម្ចាស់​រជ្ជទា​យា​ទ​អង្គនេះ​និង​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋ​​បាល​របស់លោក​ក្នុង​ការទប់ស្កាត់​តម្លៃ​ឧស្ម័ន​និង​អតិផរណា​នៅក្នុង​ស្រុក​៕

​ប្រធានាធិបតី ចូ បៃ​ដិន នឹង​ចាប់ផ្តើម​ដំណើរ​ទៅ​កាន់អេ​ហ្សី​ប​នៅ​ថ្ងៃ​សុក្រ មុន​មក​កាន់​កម្ពុជា និង​បន្ត​ទៅ​ឥណ្ឌូណេស៊ី