​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រសួងការបរទេស​អាម៉េរិ​ក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៨​វិច្ឆិកា​ថា​សហរដ្ឋ​អាម៉េរិក​និង​រុស្ស៊ី​នឹង​ធ្វើ​ការពិភាក្សា​គ្នា​ក្នុងពេល​ឆាប់ៗ​នេះ​ស្តីពី​ការបន្ត​ការ​​ត្រួតពិនិត្យ​អាវុធ​នុយក្លេអ៊ែរ​ដែល​បាន​ផ្អាក​ក្នុងអំឡុង​ជំងឺ​រាតត្បាត​កូវី​ដ​១៩ និង​បាន​ចុះខ្សោយ បន្ទាប់​ពី​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុ​យក្រែន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក ណេ​ត ប្រា​យ បាន​និយាយថា ការចរចា​លើ​ការត្រួតពិនិត្យ​អាវុធ​នុយក្លេអ៊ែរ​នឹង​ប្រព្រឹត្តទៅ “​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​” ក្រោម​លក្ខខណ្ឌ​នៃ​សន្ធិសញ្ញា New START ហើយ​នឹង​មិន​រាប់​បញ្ចូល​ការពិភាក្សា​ណាមួយ​អំពី​ជម្លោះ​នៅក្នុង​អ៊ុយ​ក្រែន​នោះឡើយ​។​

​លោក​មិន​បាន​ផ្តល់​កាលបរិច្ឆេទ​ឬ​ទីកន្លែង​សម្រាប់​កិច្ចពិភាក្សា​នោះ​ទេ ប៉ុន្តែ​មន្ត្រី​ផ្សេងទៀត​បាន​លើកឡើង​ថា ការពិភាក្សា​អាច​នឹង​ធ្វើឡើង​មុន​ដំណាច់​ឆ្នាំ​នេះ ដែល​ទំនងជា​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​។​

​កិច្ចប្រជុំ​នៃ​សន្ធិសញ្ញា ដែល​ហៅថា “​គណៈកម្មការ​ប្រឹក្សា​ទ្វេភាគី​” នឹង​ធ្វើឡើង​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​ហើយ​មាន​បំណង​បង្ហាញ​ថា​ប្រទេស​ទាំង​ពីរ​នៅ​តែ​ប្តេជ្ញាចិត្ត​ក្នុង​ការគ្រប់គ្រង​អាវុធ​​និង​រក្សា​ទំនាក់ទំនង​បើកចំហ ទោះបីជា​មាន​ការខ្វែងគំនិត​គ្នា​ផ្សេងទៀត​ក៏ដោយ​។​

​លោក​ប្រាយ​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ថា “​យើង​ជឿជាក់​យ៉ាង​ជ្រាលជ្រៅ​ជុំវិញ​ពិភពលោក​នៅ​ក្នុង​អំណាច​ដែល​ផ្លាស់ប្តូរ និង​សារៈសំខាន់​នៃ​ការទូត​និង​ការសន្ទនា​”​។ លោក​បាន​សង្កត់ធ្ងន់ថា រដ្ឋបាលបៃដិ​ន​មាន “​ភាពប្រាកដនិយម​” អំពី​អ្វី​ដែល​កិច្ចប្រជុំ​អាច​សម្រេចបាន​។​

​លោក​បាន​និយាយថា “​វា​បង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​ការកាត់បន្ថយ​ហានិភ័យ ស្ថិរភាព​ជា​យុទ្ធសាស្ត្រ ជា​អ្វី​ដែល​យើង​នៅតែ​ប្តេជ្ញាចិត្ត​ចំពោះ​និង​ជា​អ្វី​ដែល​ជា​ផលប្រយោជន៍​ទ្វេភាគី​យ៉ាង​​ជ្រាលជ្រៅ ហើយ​យើង​សង្ឃឹមថា កិច្ចប្រជុំ​នាពេលខាងមុខ​នឹង​មាន​លក្ខណៈ​ស្ថាបនា​”៕

អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក លោក ណេ​ត ប្រា​យ