ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាមរយៈ​មជ្ឈមណ្ឌល បណ្តុះ​ធុរកិច្ច​ថ្មី «​តេ​ជោ​» នឹងដាក់​ឲ្យ​ដំណើរការ ថ្នាល​ឌីជីថល​គន្លឹះ Cambodia Distributed Ledger ហៅ​កាត់​ថា CamDL នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅក្នុង «​វេទិកា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​» នៃ​ពិព័រណ៍​បច្ចេកវិទ្យា​កម្ពុ​ជា ២០២២​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង ដែល​ចេញផ្សាយ នៅថ្ងៃនេះ ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​ការដាក់​ឲ្យ​ដំណើរការ​ថ្នាល CamDL នេះ គឺជា​ជំហាន​ថ្មី​មួយ នៃ​វិស័យ​បច្ចេក វិទ្យា​ហិរញ្ញវត្ថុ នៅ​ប្រទេស​កម្ពុជា ក្នុងការ​ទាញយក​សក្តា​នុព​ល ពី​បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​ជំរុញ​ឲ្យ​មាន​នវានុវត្តន៍ នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​វិស័យ​ហិរញ្ញវត្ថុ ជារួម​។​

​គម្រោង​នៃ​ការរៀបចំ​ថ្នាល​ឌីជីថល​គន្លឹះ​នេះ គឺ​ដឹកនាំ និង​គ្រប់គ្រង ដោយ​លោក​បណ្ឌិត គង់ ម៉ា​រី អនុរដ្ឋលេខាធិការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ​សេដ្ឋកិច្ច និង​ធុរកិច្ច​ឌីជីថល​។​

CamDL គឺជា​បណ្តាញ​ប្លុក​ឆេន​ចម្រុះ (Hybrid Permissioned Blockchain) ដែល​បង្កើតឡើង ដើម្បី​ផ្តល់ជូន​សាធារណជន នូវ​ថ្នាល​មួយ សម្រាប់​តេស្ត សិក្សា​ស្វែងយល់ ដក​ពិសោធន៍ ឬ​អភិវឌ្ឍន៍​កម្មវិធី ក្នុង​ទម្រង់ Web 3.0 ឬ​កម្មវិធី​ដែល​ដំណើរការ ក្នុង​វិស័យ​ហិរញ្ញវត្ថុ​វិមជ្ឈការ (Decentralized Application – DApp) ក្នុង​គោលបំណង​ដោះស្រាយ បញ្ហា​ប្រឈម​ប្រចាំថ្ងៃ នៅក្នុង​សហគមន៍ និង​នៅក្នុង​ឧស្សាហកម្ម​។​

​ថ្នាល​នេះ នឹង​បំពេញ​តួនាទី ជា​ប្រព័ន្ធ​អេកូឡូស៊ី វិស័យ​ហិរញ្ញវត្ថុ​វិមជ្ឈការ ដំបូង​គេ នៅ​កម្ពុជា និង​ស្ថិតក្រោម​បញ្ញត្តិ​កម្ម របស់​រាជរដ្ឋាភិបាល ដែល​អនុញ្ញាត​ឲ្យ​តួអង្គ ពាក់ព័ន្ធ អាច​ចូលទៅ​ប្រើប្រាស់ ធ្វើតេស្ត និង​សហការគ្នា ក្នុង​ការបង្កើត​នវានុវត្តន៍​ថ្មីៗ ដោយ​ប្រើ​គំរូ «​សាកល្បង និង​រៀនសូត្រ – Test and Learn»​។​

​សាធារណជន ជាពិសេស​អ្នក​អភិវឌ្ឍន៍​កម្មវិធី អាចធ្វើ​ការពិសោធន៍ ដោយផ្ទាល់ និង​សិក្សា​ឱ្យបាន​កាន់តែ​ច្បាស់លាស់ និង​ស៊ីជម្រៅ ដើម្បី​ទាញយក​អត្ថប្រយោជន៍ ជា​អតិបរមា ព្រមទាំង​ដើម្បី​កាត់បន្ថយ​ហានិភ័យ ឲ្យ​ស្ថិតក្នុង​កម្រិត​អប្បបរមា ពី​បច្ចេកវិទ្យា​ថ្មីៗ តាមរយៈ​ការប្រើប្រាស់​ថ្នាល​នេះ​។​

​បណ្តាញ​ប្លុក​ឆេន​ចម្រុះ សំដៅ​ដល់​បណ្តាញ​ប្លុក​ឆេន ដែល​អនុញ្ញាត​ឲ្យ​សាធារណជន មាន លទ្ធភាព​ចូលទៅ​ប្រើប្រាស់​បាន​ដោយ​សេរី ប៉ុន្តែ​លក្ខខណ្ឌ​តម្រូវ ដើម្បី​ចូល​ប្រើប្រាស់ ត្រូវបាន​កំណត់​។​

​ការដាក់​ឲ្យ​ដំណើរការ​ថ្នាល​ឌីជីថល​គន្លឹះ CamDL នឹង​រួមចំណែក​ក្នុងការ​ការពារ អ្នកប្រើប្រាស់ ជំរុញ​ស្ថិរភាព​ហិរញ្ញវត្ថុ និង​ជំរុញឱ្យមាន​សុ​ចរិតភាព​ហិរញ្ញវត្ថុ ក៏ដូចជា​រួមចំណែក ក្នុង​ការកសាង​សេដ្ឋកិច្ច​ឌីជីថល នៅ​កម្ពុជា​។​

​តួអង្គ​ពាក់ព័ន្ធ នៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី វិស័យ​ហិរញ្ញវត្ថុ​វិមជ្ឈការ រួមមាន វិស័យ​សាធារណៈ វិស័យ​ធនាគារ វិស័យ​ធានារ៉ាប់រង វិស័យ​មូល​ប​ត្រ វិស័យ​គណនេយ្យ និង​សវនកម្ម សហគ្រាស​ទូទៅ ក៏ដូចជា សាធារណជន​ទូទៅ អាច​ប្រើប្រាស់ និង​ទទួលបាន​សារៈប្រយោជន៍​មួយចំនួន ពី​ថ្នាល​ឌីជីថល គន្លឹះ​នេះ​៕/V​