ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ថា នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២២ នេះ គឺជាខួបលើកទី៦៩ ឆ្នាំ នៃបុណ្យឯករាជ្យជាតិ ដែលព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រ បានទាមទារឯករាជ្យពីអាណានិគមនិយមបារាំង ៩ វិច្ឆិកា ១៩៥៣។ ហើយលោកនៅចងចាំជានិច្ចនូវការទាមទារនិងទទួលបានឯករាជ្យពីបារាំង គឺដោយស្នាព្រះហត្ថសម្តេចព្រះ នរោត្តម សីហនុ រហូតបានសាងសង់វិមានឯករាជ្យមួយជានិម្មិតរូបសម្រាប់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋខ្មែរគោរពវិញ្ញាណក្ខន្ធវិរៈយុទ្ធជន យុទ្ធនារី វីរៈបុរសដែលបានពលីជីវិតដើម្បីទទួលបានឯករាជ្យមកវិញពីបារាំង។ ដែលនេះគឺជាស្នាព្រះហត្ថដ៏ធំធេងរបស់សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានដឹកនាំការទាមទាររហូតទទួលបានឯករាជ្យពីបារាំង។

លោកបានបន្តថា លោកក៏បានចងចាំនៅស្នាព្រះហត្ថរបស់សម្តេចព្រះ នរោត្តម សីហនុ ជាច្រើនទៀតជាដូចជា ការទាមទារយកប្រាសាទព្រះវិហារពីភាគីថៃ ដែលមានការប្តឹងផ្តល់នៅតុលាការអន្តរជាតិ ក្រុងឡាអេ។ ហើយតុលាការឡេអេបានកាត់ក្តីឲ្យកម្ពុជាឈ្នះ មានពេលមួយនោះភាគីថៃបានធ្វើលិខិតមួយស្នើសុំមកកម្ពុជាដើម្បីឲ្យមានប្រតិភូខាងបរទេសសុំចូលមកមើលប្រាសាទព្រះវិហារ។ សុំដែលស្នើសុំការអនុញ្ញាតពីខាងកម្ពុជាដើម្បីឲ្យភ្ញៀវបរទេសចូលមកប្រាសាទព្រះវិហារ គឺបានសេចក្តីថាប្រាសាទព្រះវិហារជារបស់កម្ពុជា។ ៣.២៣

លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានបន្តថា ស្នាព្រះហត្ថរបស់សម្តេចព្រះ នរោត្តម សីហនុ ចុងក្រោយនេះទៀត គឺព្រះអង្គបានដឹកនាំចលនាតស៊ូត្រីភាគី ហើយមុនព្រះអង្គគង់ជាព្រះប្រធានចលនាត្រីភាគី គឺព្រះអង្គបានបង្កើតចលនារណសិរ្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី២១ មីនា ១៩៨១ ហើយព្រះអង្គក៏ជាព្រះប្រធានរណសិរ្សហ៊្វុនស៊ិនប៉ិច។ ការបង្កើតរណសិរ្សហ៊្វុនស៊ិនប៉ិច គឺរូបលោកផ្ទាល់ (ញឹក ប៊ុនឆៃ) កាលពីឆ្នាំ១៧៥ នៅជានិស្សិតសិក្សានៅវិទ្យាល័យសម្តេចឪសិរិសោភ័ណ្ឌ ហើយថ្ងៃ ១៧ មេសា ១៧៥ រស់នៅក្នុងរបបខ្មែរក្រហម ហើយនៅចុងឆ្នាំក៏បានរត់ភៀសខ្លួនទៅព្រំដែនថៃ ហើយនៅឆ្នាំ១៩៧៦ លោកបានចូលរួមចលនាតស៊ូសេរីការនៅតាមបណ្តោយព្រំដែន។ ហើយនៅថ្ងៃទី១ មករា ១៩៧៩ លោកបានស្តាប់វិទ្យុដែលបានផ្សាយពីរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលវ៉ៃផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម គឺលោកបានរៀបចំកន្លែតស៊ូនៅក្បែរឡាក់ ៤៣ ហើយក៏បានបង្កើតបន្តបន្ទាប់នៅជំរុំថ្មី។ ហើយកម្លាំងរបស់លោកបានបង្កើតចលនាសេរីការជាតិកម្ពុជា ហៅម៉ូលីណាកា ហើយបានទៅទទួលលោកឧត្តមសេនីយ៍ គង់ ស៊ីលាស់ ពីទីក្រុងបាងកកដែលគាត់អញ្ជើញមកពីបារាំង។ នៅថ្ងៃទី៣១ ខែសីហា ១៩៧៩ បានប្រកាសបង្កើតចលនាសេរីការជាតិកម្ពុជា ហៅម៉ូលីណាកា ដោយបានជ្រើសតាំងលោកឧត្តមសេនីយ៍ គង់ ស៊ីលាស់ ជាប្រធាន។ ហើយលោកទន់ ចាយ ក៏បានប្រកាសបង្កើតចលនាឃ្លាំងមឿង និងលោកស្វីស ធឿន ក៏បានប្រកាសបង្កើតចលនាឧត្តរទិស។ ដោយចលនាទាំងបីនេះ បាននាំគ្នាផ្តិតមេដៃយាងសម្តេចព្រះ នរោត្តម សីហនុ។ រហូតដល់ថ្ងៃទី២១ មីនា ១៩៨១ សម្តេចព្រះ នរោត្តម សីហនុ បានអញ្ជើញឥស្សរជនជាន់ខ្ពស់ប្រជុំនៅទីក្រុងព្យុងយ៉ាង កូរ៉េខាងជើង បង្កើតរណសិ្សហ៊្វុនស៊ិនប៉ិច ដែលដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ។ ហើយពេលនោះព្រះអង្គបានតែងតាំងលោក អ៊ិន តាំ ជាព្រះរាជតំណាងប្រចាំកម្ពុជា និងអាស៊ី ដែលមានមូលដ្ឋាននៅអូរស្មាច់។ ហើយបានឈានទៅបង្កើតចលនាតស៊ូត្រីភាគី ដែលមានរដ្ឋាភិបាលចម្រុះត្រីភាគី ដែលមានអាសនៈនៅអង្គការសហប្រជាជាតិ រហូតឈានទៅមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ ហើយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានមកក៏ដោយសារតួអង្គពីរ គឺសម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គជាប្រធានចលនាត្រីភាគី និងសម្តេចតេជោ ហ៊ុន សែន។ ដោយសារសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន បានធ្វើការចរចាបន្តបន្ទាប់ច្រើនលើកច្រើនសាររហូតឈានទៅមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ហើយក្រៅពីនេះសម្តេចព្រះ នរោត្តម សីហនុ បានបន្សល់ទុកស្នាព្រះហត្ថជាច្រើនសម្រាប់កូនចៅជំនាន់ក្រោយដែលយើងមិនអាចបំភ្លេចបាន៕sne