ដោយ៖ ដេប៉ូ / ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានដឹកនាំមន្រ្តីជាន់ខ្ពស់ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ចូលរួមដាក់កម្រងផ្កា នៅវិមានឯករាជ្យ ដើម្បីគោរពវិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី វីរបុរស អ្នកស្នេហាជាតិ ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ ក្រសួងបរិស្ថាន ក៏បានថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ” ព្រះបរមរតនកោដ្ឋ” ដើម្បីថ្វាយព្រះរាជកុសល និងរំលឹកដឹងគុណពី ព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ ព្រះកាយពល និងព្រះបញ្ញាញាណ យ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌ នៃព្រះរាជបូជនីកិច្ច ដើម្បីទាមទាឯករាជ្យ ពីអាណានិគមនិយមបារាំង បានពេញលេញមកវិញ នាឆ្នាំ១៩៥៣។

គួរបញ្ជាក់ថា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ គឺជាខួបលើកទី ៦៩ ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ដែលប្រារព្ធឡើងរំលឹកឲ្យឃើញ ពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ បានលះបង់ ព្រះកាយពល និងព្រះបញ្ញាញាណ យ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌនៃ ព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យ ដ៏ពិតប្រាកដ នៅកម្ពុជា៕/V-PC