ដោយៈសុផល/ភ្នំពេញ៖នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបជាមួយលោក ផាម មិញជីញ (Pham Minh Chin) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលលោក ផាម មិញជីញ ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០, ៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញ។

ក្នុងនាមព្រឹទ្ធសភា ប្រជាជនកម្ពុជា និងខ្លួនសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅ ជូនចំពោះលោក ផាម មិញជីញនិងគណៈប្រតិភូអញ្ជើញ​មកបំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករាយ ដែលមានឱកាសបានជួបលោក ផាម មិញជីញ សារជាថ្មីម្តងទៀតនៅរាជធានីភ្នំពេញ បន្ទាប់ពីបានជួបពិភាក្សាការងារគ្នា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហាណូយ កន្លងទៅថ្មីៗនេះ។ ការជួបគ្នាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរពិតជាមានសារៈសំខាន​ណាស់ចំពោះសភាពការណ៍​នាពេលបច្ចុប្បន្ននេះ។ តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូក្នុងឱកាសនេះ ពិតជាបានរួមចំណែកដ៏ធំធេងដល់ការថែរក្សាពូនជ្រំចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ និងផ្តល់ការគាំទ្រដល់តួនាទីកម្ពុជាជាប្រធានអាស៊ាន។

ក្នុងឱកាសនោះលោកផាម មិញជីញ បានពាំនាំនូវការសួរសុខទុក្ខពីឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តមប្រធានរដ្ឋវៀតណាមនិងលោកប្រធាន​រដ្ឋសភាវៀតណាម ជូនចំពោះសម្តេចប្រធានព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភាកម្ពុជា។ លោកបានបញ្ជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគឺជាទំនាក់ទំនងមួយ​ដែលគ្មានកម្លាំងអមិត្តណាមួយមកបំបែកបំបាក់បានឡើយ។ ជាមួយគ្នានេះ ឯកឧត្តមបានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលនានា ដែល ប្រទេសកម្ពុជាសម្រេចបានក្រោមការ​ដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យប្រជាជនកម្ពុជាមានជីវភាពរស់នៅយ៉ាងល្អប្រសើរ។

លោក ផាម មិញជីញ បានគូសបញ្ជាក់ថា ប្រទេសវៀតណាមគាំទ្រជានិច្ចដល់តួនាទីកម្ពុជាជាប្រធានប្តូរវេនអាស៊ាន និងសង្ឃឹមថាប្រទេសកម្ពុជានឹងទទួលបានជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំAIPAលើកទី៤៣។ដោយមើលឃើញអំពីសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការបរទេស វិនិយោគ និងពាណិជ្ជកម្ម លោក ផាម មិញជីញ បានស្នើសុំឱ្យជំរុញសកម្មភាពលើគ្រប់វិស័យ និងការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកដើម្បីស្វែងយល់អំពី​គ្នាបន្ថែមទៀត ក្នុងបរិបទដែលសភាពការណ៍ក្នុងតំបន់ និងពិភពលោកមានការប្រែប្រួលដូចពេលបច្ចុប្បន្ននេះ។

លោក ផាម មិញជីញ សង្ឃឹមថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទំាំងពីរ នឹងមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងថែមទៀតនិងគាំទ្រដល់ទំនាក​ទំនង​រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។ ជាមួយគ្នានេះសភានៃប្រទេសទាំងពីរតែងតែគាំទ្រគ្នាទៅវិ​ទៅមក​លើរាល់បញ្ហាពហុភាគី ទាំងក្នុងតំបន់ និងពិភពលោក។ ឯកឧត្តមមានជំនឿជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងរដ្ឋសភាវៀតណាម ជាមួយសភាកម្ពុជា នឹងកាន់តែរីកចម្រើនថែមទៀតនាពេលខាងមុខ។

សម្តេចប្រធានព្រឹទ្ធសភាបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរវាងប្រទេសទាំងពីរក្នុងការរៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើនដើម្បីអបអរសាទរខួបអនុស្សាវរីយ៍​លើកទី៥៥ឆ្នាំ ថ្ងៃបង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាព កម្ពុជា-វៀតណាម។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យនិងគ្រប់កម្រិតដែលប្រទេសទាំងពីរ​សម្រេចក្នុងរយៈពេល៥៥ឆ្នាំកន្លងទៅនេះ ដែលបាននាំមកនូវឯករាជ្យភាព អធិបតេយ្យភាព សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍហើយបានផ្តល់ផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក​សម្រាប់ប្រជាជនទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភាបានគាំទ្រ និងលើកទឹកចិត្តឱ្យដល់រដ្ឋភិបាលនៃប្រទេសទាំងពីរ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល នូវរាល់កិច្ចព្រមព្រៀងនិងអនុស្សារណ​យោគយល់គ្នាដែលបានចុះហត្ថលេខារួចហើយ រួមចំណែកធ្វើឲ្យប្រទេសទាំងពីរលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ប្រទេសជាតិ។ ជាមួយគ្នានេះ សម្តេចបានអបអរសាទរចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រេចបានកំណើនសេដ្ឋកិច្ចរហូតដល់ ៨.៨% ក្នុងត្រីមាសទី៣នេះ ដែលជាអត្រាខ្ពស់ជាងគេនៅក្នុងតំបន់។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការគាំទ្រ និងអបអរសាទរដែលរដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ១១ឯកសារនៅក្នុងដំណើរទស្សនកិច្ចរបស់​លោកនាយករដ្ឋមន្រ្តី វៀតណាម។ ព្រឹទ្ធសភា និងខ្លួនសម្តេចផ្ទាល់ បន្តគាំទ្រទាំងស្រុងនិងលើកទឹកចិត្តដល់រដ្ឋាភិបាលទាំងពីរអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវយន្តការ​នានាដែលមានស្រាប់ និងកិច្ចព្រមព្រៀង អនុស្សរណៈយោគយល់ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានសម្រេចរួមគ្នាកន្លងទៅ និងបន្តគាំទ្រដល់ទិសដៅកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែល​បម្រើផលប្រយោជន៍ ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភាបានអះអាងជាថ្មីថា ទោះបីស្ថានភាពតំបន់ និងអន្តរជាតិមានការវិវត្ត ប្រែ-ប្រួលឆាប់រហ័សស្មុគស្មាញ និងប្រកបដោយគ្រោះថ្នាក់ក៏ដោយក៏ពុំមានកម្លាំងណា​អាចបំបែកបំបាក់សាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរបានឡើយ ទាំងពេលបច្ចុប្បន្ន និងពេលអនាគតយូរអង្វែង។ កម្ពុជាប្រកាន់ខ្ជាប់ខ្ជួនឥតងាករេចាត់ទុកវៀតណាមជា“អ្នកជិត​ខាងល្អ មិត្តភក្តិល្អ បងប្អូនល្អ និងដៃគូល្អ”។

សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាវៀតណាម មានទំនាក់ទំនងនិងកិច្ចសហប្រតិបតិ្តការដ៏ល្អដែលស្តែងចេញតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច​គ្រប់កម្រិត​ទៅវិញទៅមកជាញឹកញាប់ និងការបន្តគាំទ្រគ្នាទៅវិញទៅមកជាបន្តបន្ទាប់នៅក្នុងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិនៃអន្តរសភា ដូចជា៖ IPU, AIPA, CLV-DTA, APPF, APF, ASEPជាដើម។ ក្រៅពីមុខងារស្នូលរបស់សភា និងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ សភានៃប្រទេសទាំងពីរមានភារកិច្ចរួមចំណែកការពារ ថែរក្សា ពូនជ្រំចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរឱ្យរឹងមាំស្ថិតស្ថេរ និងជំរុញការផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយឱ្យបានយល់ដឹងច្បាស់អំពីសារៈសំខាន់ នៃប្រវត្តិសាស្រ្តដ៏មានតម្លៃរវាងកម្ពុជា-វៀតណាម សម្រាប់បន្តវេននាពេលអនាគត។
ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងការអបអរសាទរដ៏ស្មោះស្ម័គ្រចំពោះសមិទ្ធផលដ៏ធំធេងដែលបក្សកុម្មុយនីស្តវៀតណាម រដ្ឋាភិបាល និងប្រជាជនវៀតណាមសម្រេចបានក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ខ្លួន។ សម្តេចមានជំនឿជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សកុម្មុយនីស្តវៀត-ណាម រដ្ឋាភិបាល និងសភាវៀតណាម វៀតណាមនឹងបន្តសម្រេចបាននូវសមិទ្ធផលសង្គម-សេដ្ឋកិច្ចធំៗបន្ថែមទៀត និងឈានឆ្ពោះទៅសម្រេចបាននូវគោលដៅ “ក្លាយទៅជាប្រទេសអភិវឌ្ឍន៍មានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥”។

សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរជូនឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ សូមមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យ និងភាពរីករាយក្នុងពេលស្នាក់អាស្រ័យនៅរាជធានីភ្នំពេញ៕