​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មនុស្ស​ម្នាក់ ដែល​បាន​ទិញ​សន្លឹកឆ្នោត Powerball នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ភាគខាងត្បូង បាន​ឈ្នះ​រង្វាន់​ធំរ​បស់ឆ្នោត Powerball ចំនួន ២,០៤ ពាន់​លាន​ដុល្លារ បន្ទាប់​ពី​រយៈពេល​ជាង​បី​ខែ​ដោយ​គ្មាន​អ្នកឈ្នះ​រង្វាន់​ធំ​។​

​លេខ ដែល​ឈ្នះ​ត្រូវបាន​ចាប់ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​៨​វិច្ឆិកា គឺ​ជិត ១០ ម៉ោង​បន្ទាប់ពី​ការចាប់​ឆ្នោត​ដែល​គ្រោង​ធ្វើ​នៅ​យប់​ថ្ងៃ​ចន្ទ​ដោយសារតែ​មាន​បញ្ហា​ក្នុងការ​ដំណើរការ​ទិន្នន័យ​លក់​នៅ​កន្លែង​សមាជិក​​លក់​ឆ្នោត​មួយ​របស់​ខ្លួន​។ មន្ត្រី​ឆ្នោត​បាន​ទទួលស្គាល់​ការពន្យារពេល​មិន​ធ្លាប់​មាន​ពីមុនមក​សម្រាប់​ការចាប់​ឆ្នោត​ល្បី​បែបនេះ ប៉ុន្តែ​និយាយថា ដំណើរការ​សុវត្ថិភាពរ​បស់ឆ្នោត​គឺជា​អាទិភាព​។​

​លោក ឌ្រូ ស្វីត​កូ (Drew Svitko) ប្រធាន​ក្រុម​ផលិតផល​របស់ Powerball និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ឆ្នោត​នេះ​ប្រចាំ​នៅ​រដ្ឋ​ផេន​ស៊ីល​វ៉ានៀ បាន​និយាយថា​”​ការការពារ​សុចរិត​ភាព​​នៃ​ការ​ចាប់ឆ្នោត​គឺ​មាន​សារៈសំខាន់​បំផុត ហើយ​យើង​អាច​ធ្វើ​វា​បាន​ក្នុងអំឡុងពេល​នៃ​ការ​ចាប់ឆ្នោត​ជា​ប្រវត្តិសាស្ត្រ​នេះ ជាមួយនឹង​កិច្ចសហប្រតិបត្តិការ​នៃ​សាខា​ឆ្នោត​ពាក់ព័ន្ធ​ទាំងអស់​”​។

​នៅ​រសៀល​ថ្ងៃ​អង្គារ សាខា​ឆ្នោត​នៅ​មីន​ណេ​សូ​តា​បាន​ទទួលស្គាល់ថា ប្រព័ន្ធ​ផ្ទៀងផ្ទាត់​ការលក់​របស់​ពួកគេ​បាន​បណ្តាលឱ្យ​មាន​ការពន្យា​រ​ពេល​យូរ​។​

​លេខ​ឈ្នះ ដែល​បាន​ចាប់​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នៅឯ​បន្ទប់​ចាប់ឆ្នោត​នៅ​រដ្ឋ​ផ្លរីដា​ក្នុង​ទីក្រុង​តាល់​ឡា​ហា​សស៊ី (Tallahassee) មានដូចជា ៖ កូន​បាល់​ពណ៌​ស​លេខ ១០, ៣៣, ៤១, ៤៧ និង ៥៦ និង កូន​បាល់ Powerball ពណ៌​ក្រហម​លេខ ១០​។​

​សន្លឹកឆ្នោត​រង្វាន់​ធំ​នេះ​ត្រូវ​បាន​លក់​នៅ​មជ្ឈមណ្ឌល​សេវាកម្ម​ចូ (Joe´s Service Center) នៅ​អា​ល់​តាដេ​នណា (Altadena)​ជា​សហគមន៍​ដាច់ស្រយាល​មួយ​នៅ​តំបន់​ជើងភ្នំ​ភាគ​ឦសាន​​នៃ​ទីក្រុង​ឡូ​សអាន់​ជេ​ឡេស​។ សម្រាប់​ការលក់​សន្លឹកឆ្នោត​ដែល​ឈ្នះ ម្ចាស់​អាជីវកម្ម​ឈ្មោះ ចូ ឆា​ហា​យ៉េត (Joe Chahayed) នឹង​ទទួលបាន​ប្រាក់រង្វាន់ Powerball អតិបរមា ១ លាន​ដុល្លារ​៕

ម្ចាស់​អាជីវកម្ម​ឈ្មោះ ចូ ឆា​ហា​យ៉េត (​ឆ្វេង​) នឹង​ទទួលបាន​ប្រាក់រង្វាន់ Powerball អតិបរមា ១ លាន​ដុល្លារ