ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅវេលាយប់ ថ្ងៃទី៨ វិច្ឆិកា ២០២២ លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចូល រួម ពិធីបុណ្យសំពះព្រះខែ និងអកអំបុក នៅវត្តទេពធីតារាម ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលពិធីបុណ្យនេះ ជា​ប្រពៃណី​ទំនៀមទម្លាប់ខ្មែរ ដែលជា​មរតក វប្បធម៌ដូនតា ​បានបន្សល់ទុកតាំងពីសម័យបុរាណ យូរលង់ណាស់មកហើយៗ សព្វថ្ងៃ ពិធីបុណ្យនេះ​ត្រូវបានពលរដ្ឋ​ក្នុងប្រទេសកម្ពុជា ប្រតិបត្តិបន្តរាល់ឆ្នាំ និងចាត់ទុកថា ​ជា​បុណ្យប្រពៃណីវប្បធម៌ជាតិដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យសំខាន់ៗ ជាច្រើនទៀត។

ដោយឡែកក្នុងថ្ងៃអកអំបុក សំពះព្រះខែនេះ ខេត្តកំពង់ឆ្នាំង បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីឯកឧត្តម យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង និងលោកជំទាវ ឯកឧត្តម សុីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម គុយ ចន្ថា សមាជិកក្រុមប្រឹក្សា ព្រមទាំងអាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ អាចារ្យគណៈកម្មការរួមនឹងពុទ្ធបរិស័ទច្រើនកុះករ។

ព្រះគ្រូ ឆន ឆុង ព្រះចៅ​អធិការ​វត្តទេពធីតារាម បានមានសង្ឃដីកា អំពីពិធីបុណ្យ សំពះព្រះខែ និងអកអំបុកថា ជា​ការថ្វាយដល់ព្រះចន្ទ ដែលកំពុងរះ​ពេញវង់​នូវភោគផលកសិកម្ម ដែលប្រជា​កសិករ​ប្រមូលផលស្រូវ​បានដំបូងបំផុត។ កសិករ បានយកស្រូវទុំថ្មីៗ​ទៅ​លីង ហើយបុករួច​អុំយកអង្កាម​ចេញស្អាត ដាក់សែនថ្វាយ ទេវតា ចំពេលព្រះចន្ទ​រះ​ពេញវង់ ដើម្បីសម្ដែងការដឹងគុណទេវតា ​ដែលប្រទាន ទឹកភ្លៀង​ធ្លាក់មកលើ​ព្រះធរណី ធ្វើ​ឲ្យដំណាំ​សព្វសារពើ​ដុះដាល ហើយទទួលផល​កសិកម្ម​បានច្រើន។

ព្រះគ្រូ ឆន ឆុង បានបញ្ជាក់ថាៈ «ពិធីបុណ្យសំពះ​ព្រះ​ខែ និងអកអំបុក​នេះ​ឯង និយាយទៅ គឺជា​ពិធីមួយដែលគេ​រំឭក​ទៅ​ដល់ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គ​យោងយកកំណើតជា​សត្វទន្សាយ​នៅ​ក្នុងព្រះចន្ទ​ហេតុនេះបានជាខ្មែរយើង​តំណមកធ្វើ​ពិធីអកអំបុក​សែនព្រះ​ខែ ដើម្បីនឹកទៅ​ដល់គុណព្រះចន្ទ​ដែលមានគុណ​មកលើ​សត្វលោកយើងទាំងអស់ ដែលយើងបានកើត​នៅ​ក្នុងលោកយើង​នេះ​ឯង»៕/V-PC