​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ពេជ្រ​ផ្កាឈូក​សំណាង (Fortune Pink) ដែល​ជា​ត្បូង​យក្ស​ដ៏​កម្រ ត្រូវ​បាន​លក់​ក្នុងតម្លៃ​ជាង ២៨,៥​លាន​ដុល្លារ​នៅឯ​ការដេញថ្លៃ​នៅ​ទីក្រុង​ហ្សឺ​ណែ​វ​​កាលពី​ថ្ងៃ​អង្គារ​ទី​៨​វិច្ឆិកា​ដល់​អតិថិជន​អាស៊ី​ឯកជន​ម្នាក់​។​

​ក្រុមហ៊ុន​ដេញថ្លៃ Christie’s បាន​និយាយថា នៅ​ទម្ងន់ ១៨,១៨ កា​រ៉ាត់ គ្រឿងអលង្ការ​នេះ​គឺជា​ពេជ្រ “​ពណ៌​ផ្កាឈូក​រស់​រវើក​” រាង​ផ្លែ​សារី​ដ៏​ធំ​បំផុត​មិន​ធ្លាប់​លក់​ដេញថ្លៃ​ក្រោម​ស្នូរ​ញញួរ​ពីមុនមក​។​

​ពេជ្រ​ដ៏​ស្រស់​ស្អាត​នេះ​បាន​ឈាន​ដល់​តម្លៃ​ដេញថ្លៃ ២៤,៥ លាន​ហ្វ្រង់​ស្វីស (២៤.៦១៥.១៥០ ដុល្លារ​) ដោយ​កើនឡើង​ដល់ ២៨.៤៣៦.៥០០ ហ្វ្រង់​ស្វីស (២៨.៥៧០.១៥០ ដុល្លារ​) ជាមួយនឹង​បុព្វលាភ​បន្ថែម​របស់​អ្នកទិញ​។​

​ការដេញថ្លៃ​ដ៏​តានតឹង​រយៈពេល​បួន​នាទី​បានចាប់ផ្តើម​នៅ​តម្លៃ ១៧ លាន​ហ្វ្រង់​ស្វីស ហើយ​វា​ជាការ​ប្រយុទ្ធ​គ្នា​បី​ផ្លូវ​រវាង​អ្នកដេញថ្លៃ​តាម​ទូរស័ព្ទ ដោយ​អ្នកឈ្នះ​នៅ​ទីបំផុត​បាន​យក​ត្បូង​នេះ​បាន តាមរយៈ​ការដំឡើង​ការដេញថ្លៃ​កន្លះ​លាន​។​

​បុគ្គលិក​របស់​ក្រុមហ៊ុន Christie’s ដែល​ទទួល​យក​ការដេញថ្លៃ​ឈ្នះ​នេះ ខណៈ​រក្សា​ភាព​អនាមិក​ដល់​អ្នក​ទិញ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​អ្នកទិញ​សប្បាយចិត្ត​ណាស់​។​វា​ជា​សុបិន​​ក្លាយជា​ការពិត​”​។​

​ពេជ្រ Fortune Pink ដែល​ជីក​បាន​ក្នុង​ប្រទេសប្រេ​ស៊ីល ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​អាច​ដេញថ្លៃ​បាន​ចន្លោះ​ពី ២៥ ទៅ ៣៥ លាន​ដុល្លារ​។​

​ក្រុមហ៊ុន Christie’s បាន​កត់សម្គាល់​ថា ទម្ងន់ ១៨,១៨ កា​រ៉ាត់​ត្រូវបាន​ចាត់ទុក​ជា​លេខ​សំណាង​នៅ​អាស៊ី ដែល​វា​តំណាងឱ្យ “​វិបុលភាព​ជា​ដរាប​” និង​ជា​ឈ្មោះ​ដាក់ឱ្យ​ពេជ្រ​នេះ​តែម្តង​៕

ពេជ្រ Fortune Pink លក់បាន ២៨.៥៧០.១៥០ ដុល្លារ