ដោយ៖តារារិទ្ធ(ភ្នំពេញ)កម្ពុជាប្រារព្ធខួប៦៩ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣ ~ ០៩ វិច្ឆិកា ២០២២)យ៉ាងអធិកអធមដើម្បីអបអរជ័យជំនះ ដែលបារាំងសុខចិត្តប្រគល់ឯករាជ្យជាតិមកឲ្យកម្ពុជាវិញនៅថ្ងៃទី៩វិច្ឆិកាឆ្នាំ១៩៥៣ក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

ព្រះរាជពិធីប្រទានភ្លើងជ័យបុណ្យខួបអនុស្សាវរីយ៍លើកទី ៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាបានប្រព្រឹត្តក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា​ ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី នៅម៉ោង ៧៖៤០ ព្រឹកជាមួយវត្តមានដង្ហែលព្រះអង្គមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាបព្រឹទ្ធសភា,សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា,សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា,សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ,សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិព្រមទាំងវត្តមានមន្រ្តីរាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា រដ្ឋសភា កងកម្លាំង ប្រដាប់អាវុធ និង មហាជនយ៉ាងចករើនកុះករ ។ ដោយឡែកបណ្តាអង្គទូតបណ្តាប្រទេសជាមិត្តប្រចាំនៅកម្ពុជាក៏មានវត្តមាននៅក្នុងពិធីនេះផងដែរ ។

បន្ទាប់ពីស្វាគមន៍មន្រ្តីរាជការ អង្គទូត ភ្ញៀវអន្តរជាតិ កងកម្លាំងប្រដាប់អាវុធរួចមក ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបាន ធ្វើជាព្រះរាជអធិបតីក្នុងពិធីគោរពទង់ជាតិនៅវិមានឯករាជ្យ ព្រមទាំងឧទ្ទិសដល់វិណ្ណាណខ័ន្ធវីរៈបុរស ដែលបានពលីជីវិតដើម្បីឯករាជ្យជាតិ។

គួររំលឹកថា ប្រទេសកម្ពុជាបានទទួលឯករាជ្យពេញបរិបូរណ៌ពីអាណានិគមនិយមបារាំង នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ នៅពេលបានទទួលឯករាជ្យ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ បានសរសេរលិខិតផ្លូវការទៅរដ្ឋាភិបាលបារាំង ដោយអះអាងថា ចាប់ពីថ្ងៃទី ៩វិច្ឆិកា ឆ្នាំ១៩៥៣ តទៅគឺកម្ពុជាជាប្រទេសឯករាជ្យមួយ មិនស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសណាមួយនោះឡើយ កម្ពុជានឹងស្រលាញ់រាប់អានបារាំងក្នុងឋានៈជាប្រទេសឯក រាជ្យដូចគ្នា។

ការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាក្រៅតែពីក្នុងរាជធានីភ្នំពេញនៅតាមបណ្តាខេត្តនានាក៏មានការរៀបចំពិធីអបអរសាទរដល់ថ្ងៃជាប្រវត្តិសាស្ត្រនៃការដណ្តើមបានមកវិញ នូវសិទ្ធិសេរីភាពនិងភាពជាម្ចាស់ទឹកដីរបស់ប្រជាជាតិកម្ពុជានេះផងដែរ។ បន្ថែមពីលើការប្រារព្ធពិធីអបអរសាទរនៅថ្ងៃទី០៩ ខែវិច្ឆិកានេះនៅមួយថ្ងៃមុននៃការប្រារព្ធពិធីនេះ ពោលនៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ក៏មានការរៀបចំឱ្យមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមកពីតាមបណ្តាក្រសួងស្ថាប័ននានាបានចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅមណ្ឌបព្រះបរមរូបក្បែរវិមានឯករាជ្យផងដែរ។ ការចូលគោរពព្រះវិញ្ញាណក្ខន្ធនេះ ដើម្បីរលឹកនឹកដល់គុណូបការៈនិងវីរភាពដ៏ធំធេងរបស់សម្តេចព្រះបរមរតន កោដ្ឋដែលបានយាងបំពេញព្រះរាជបូជនីយកិច្ច និងបូជាអស់កម្លាំងព្រះកាយពល បញ្ញាញាណក្នុងការដណ្តើមឯករាជ្យពីប្រទេសបារាំង។

ក្រោយពីទទួលបានឯរាជ្យកម្ពុជាតែងតែប្រារព្ធពិធីបុណ្យឯរាជ្យឡើងយ៉ាងអធិកអធមជារៀងរាល់ឆ្នាំក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្ស ត្រនិងវត្តមានរបស់ប្រមុខ ដឹកនាំរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា នាហ្មឺនសព្វមុខមន្ត្រី ព្រមទាំងមហាជនយ៉ាងច្រើនកុះករ ដើម្បីដាក់កម្រងផ្កានៅវិមានឯករាជ្យ នាទីក្រុងភ្នំពេញ ។

ឆ្លងកាត់សម័យកាលប្រវត្តិសាស្ត្រជាច្រើននាបច្ចុប្បន្ននេះប្រជាជនកម្ពុជាទទួលបានសន្តិភាពពេញលេញ ។មុនពេលជំងឺរាតត្បាតកូវីដ១៩រាតត្បាតកំណើន សេដ្ឋកិច្ចរបស់កម្ពុជាសម្រេ ចបាន ៧ ភាគរយក្នុងរយៈពេលជាងមួយទសវត្សរ៍ ។ប្រទេសកម្ពុជាត្រូវបានគេព្យាករណ៍ថាជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ានដែលអាចស្ដាសេដ្ឋកិច្ចឡើងវិញលឿនបំផុតក្រោ យពីជំងឺរាតត្បាតកូវីដ១៩ ផងដែរ ៕