ដោយៈ វ៉ៃកូ / ស្វាយរៀងៈ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅតាមមន្ទីរ អង្គភាពនានា កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ  សិស្ស និស្សិត ព្រះសង្ឃ ប្រជាពលរដ្ឋខេត្តស្វាយរៀង ប្រមាណ ២.៥០០ នាក់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ បានមកជួបជុំគ្នា ដើម្បីធ្វើមិទ្ទិញអបអរសាទរ រំលឹកខួបអនុស្សាវរីយ៍ លើកទី៦៩ ថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាឆ្នាំ១៩៥៣ – ៩ វិច្ឆិកា​ ឆ្នាំ២០២២។

ពិធីនេះបានប្រព្រឹត្តទៅ នៅរង្វង់មូលវិមានឯករាជ្យ ខេត្តស្វាយរៀង ដោយមានការដាក់ កម្រងផ្កា ដើម្បីគោរពវិញ្ញាណក្ខន្ធ បុព្វបុរសដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ មាតុភូមិ និង ពិធីសូត្រមន្តបង្សុកូល។

តាមប្រវត្តិព្រះរាជបូនីយកិច្ច ថ្ងៃទី ៩ វិច្ឆិកា នេះ ជាខួបលើកទី៦៩ នៃការដណ្ដើមបាន ឯករាជ្យពីអាណានិគមនិយមបារាំង និងជាថ្ងៃរំលឹកឡើងវិញ ព្រះរាជបេសកកម្មរបស់ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានលះបង់ ព្រះកាយពល ព្រះបញ្ញាញាណ យ៉ាងធំធេង ក្នុងការទាមទារឯករាជ្យ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ជាគំរូដ៏ល្អដល់កូនចៅជំនាន់ក្រោយ ក្នុងការការពារបូរណភាពទឹកដី និងធ្វើការអភិវឌ្ឍន៍ជាតិ ឲ្យកាន់តែរីកចម្រើន៕/V-PC