ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ឥណ្ឌា​កាលពី​ថ្ងៃ​អង្គារ​បាន​អំពា​វនា​រុស្ស៊ី​អោយ​ខិតខំ​ស្វែងរក​ដំណោះស្រាយ​ដោយ​អហិង្សា​ចំពោះ​សង្គ្រាម​នៅ​អ៊ុ​យក្រែន តែ​បាន​ការពារ​ការបន្ត​ទិញ​ប្រេង​រុស្ស៊ី ដែល​សំខាន់​​ក្នុង​ការផ្តល់​ហិរញ្ញវត្ថុ​សំរាប់​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែន​។​

​នៅ​ជំនួប​មួយ​ក្នុង​ទីក្រុង​មូ​ស្គូ ជាមួយ​សម​ភាគី​រុស្ស៊ី រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​លោក អេស ចៃ​សាន់​កា​( S. Jaishankar)​បាន​និយាយថា សេដ្ឋកិច្ច​សកលលោក​ធ្លាប់​«​អាស្រ័យ​គ្នា​ខ្លាំង​»ហើយ​សំរាប់​ជម្លោះ​​ណា​មួយ​វា​«​មិន​បង្ក​ផលប៉ះពាល់​ធំដុំ​»​នៅ​ផ្នែក​ផ្សេងៗ​នៃ​ពិ​ភ​លោក​ទេ​។​​ដោយ​បន្ទរ​សម្តី​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណា​រ៉េ​នដ្រា ម៉ូ​ឌី ទៅកាន់​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន កពី​ខែ​កញ្ញា លោក​បាន​និយាយថា​«​នេះ​មិន​ជា​យុគ​សង្គ្រាម​មួយ​ទេ​។​ដូច្នេះ​ឥណ្ឌា​គាំទ្រ​ជា​ខ្លាំង​​ការវិល​ទៅរក​ការចរចា​និង​កិច្ចការ​ទូត​»​។​

​ទោះជា​លោកខាងលិច​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​លើ​ទីក្រុង​មូ​ស្គូ​ដើម្បី​បិទ​ខ្ទប់​លុយ​សំរាប់​សង្គ្រាម​រុស្ស៊ី ក៏​ឥណ្ឌា​នៅតែ​បង្កើន​ការនាំ​ចូល​ប្រេង​រុស្ស៊ីចាប់​តាំង​រុស្ស៊ី​បញ្ជូនទាហាន​ចូល​ប្រទេស​ក្បែរ​ខាង​អ៊ុ​យក្រែន ។​​រដ្ឋាភិបាល​ទីក្រុង​ញូវដេល្លី​បាន​ការពារ​ការទិញ​ប្រេង​នេះ ដោយ​ថា​វា​ជា​ផលប្រយោជន៍​ជាតិ​របស់​ខ្លួន​។​

​លោក ចៃ​សាន់​កា បាន​និយាយថា ឥណ្ឌា​មិន​ផ្លាស់ប្តូរ​ជំហរ​ទេ ទោះជា​អាម៉េរិក​និង​សម្ពន្ធមិត្ត​ជំរុញ​អោយ​កំណត់​ថ្លៃ​លើ​ប្រេង​រុស្ស៊ី​ដោយសារ​ថា​«​វា​ជា​កាតព្វកិច្ច​មូលដ្ឋានរ​បស់​យើង​ដើម្បី​ធានា​ថា អ្នក​ប្រើប្រាស់​​ឥណ្ឌា​មាន​លទ្ធភាព​ប្រើប្រាស់​លក្ខខណ្ឌ​មានប្រៀប​បំផុត​នៅ​ទីផ្សារ​អន្តរជាតិ​។​ដូច្នេះ វា​ដំណើរការ​សំរាប់​ប្រៀប​របស់ខ្ញុំ ហើយ​ខ្ញុំ​នឹង​បន្ត​វា​»​។​

​តាមរយៈបន្ត​ធ្វើ​ការរកស៊ី​ជាមួយ​រុស្ស៊ី ឥណ្ឌា​បាន​លេចចេញ​ជា​អ្នកដើរតួ​ពីក្រោយ​ឆាក​ដ៏​សំខាន់​មួយ​ក្នុង​គំនិត​ផ្តួចផ្តើម​ការទូត​ក្នុងអំឡុងពេល​សង្គ្រាម​។​កាលពី​ខែ​កក្កដា ប្រទេស​នេះ​បាន​ជួយ​សម្របសម្រួល​​អោយ​មាន​កិច្ចព្រមព្រៀង​មួយ​ជាមួយ​រុស្ស៊ី​ដើម្បី​រំដោះ​គ្រាប់​ធញ្ញជាតិ​រាប់​លាន​តោន​ចេញ​ពី​បណ្តា​កំពង់ផែ​អ៊ុ​យក្រែន​។​ពីរ​ខែ​ក្រោយ ឥណ្ឌា​បាន​ស្នើ​សុំ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​អោយ​ដកថយ​នៅពេល​កងកម្លាំង​រុស្ស៊ីបន្ត​ការបាញ់​ផ្លោង​ដាក់​រោងចក្រ​នុយក្លេអ៊ែ​រហ្សា​ប៉ូរី​ហ្ស៍​ហ្ស៊ី​យ៉ា​៕

​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​លោក អេស ចៃ​សាន់​កា​(​ឆ្វេង​)​និង​សម​ភាគី​រុស្ស៊ី សឺ​ហ្គេ ឡាវ​រ៉ូវ ក្នុង​សន្និសីទកាសែត​នៅ​ក្រុង​មូ​ស្គូ​កាលពី​ថ្ងៃ​៨​វិច្ឆិកា​