ដោយ: សុខសុភ័ណ្ឌ / កំពង់ស្ពឺ: ពិធីអុំទូក នៅខេត្តកំពង់ស្ពឺ រយៈពេលពីរថ្ងៃ បានរកឃើញទូក ដែលទទួលបានជ័យលាភីហើយ នៅក្នុងពិធីបិទកាលពីល្ងាច ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយនៅវេលាល្ងាចដដែលនេះ រដ្ឋបាលខេត្ត ក៏បានប្រារព្ធពិធី​សំពះព្រះខែ និងអកអំបុក ផងដែរ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ​បានមានប្រសាសន៍ថាៈ ពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក ជា​ប្រពៃណី​ទំនៀមទម្លាប់ខ្មែរ ដែលជា​មរតកវប្បធម៌​ដូនតា​បានបន្សល់ទុក​តាំងពីសម័យបុរាណ​យូរលង់ណាស់​មកហើយ សព្វថ្ងៃ ពិធីបុណ្យនេះ ​ត្រូវបានពលរដ្ឋ​ក្នុងប្រទេសកម្ពុជា ប្រតិបត្តិបន្តរាល់ឆ្នាំ និងចាត់ទុកថា​ ជា​បុណ្យ​ប្រពៃណី​វប្បធម៌ជាតិ​ដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យសំខាន់ៗ ជាច្រើនទៀត។

លោកបានបន្តទៀតថាៈ ទូកដែលទទួលបានជ័យលាភីលេខ១ ប្រភេទទូកថ្នាក់ជាតិ និងអន្តជាតិ ទទួលបានពានមួយ ប័ណ្ណសរសើរមួយ និងថវិកា ចំនួន ៣.០០០.០០០ រៀល។ ទូកជ័យលាភីលេខ២ ទទួលបានពានមួយ ប័ណ្ណសរសើរមួយ ថវិកាចំនួន ២.០០០.០០០ រៀល ។ ទូកទទួលបានជ័យលាភីលេខ៣ ទទួលបានពានមួយ ប័ណ្ណសរសើរមួយ ព្រមទាំងថវិកាចំនួន ១.០០០.០០០ រៀល។

ក្រោយពីបញ្ចប់ចែកពានរង្វាន់ ជូនក្រុមកីឡាទូក រួចរាល់ហើយ ក៏មានការប្រារព្ធ ពិធីសំពះព្រះខែ និងអកអំបុក ដែលជា​ពិធីមួយដែលគេ​រំឭកទៅ​ដល់ ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គ​យោងយកកំណើតជា​សត្វទន្សាយ​នៅ​ក្នុងព្រះចន្ទ​ហេតុនេះហើយ បានជាខ្មែរយើង​តំណមក ធ្វើ​ពិធីសែនព្រះ​ខែ និងអកអំបុក ដើម្បីនឹកទៅ​ដល់គុណ​ព្រះចន្ទ​ដែលមានគុណមកលើ​សត្វលោកយើងទាំងអស់ ដែលយើងបានកើត​នៅ​ក្នុងលោកយើងនេះ​ឯង៕/V-PC