ដោយៈបូព៌ព្រឹក្ស/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាស៊ានប្តូរវេន នៅថ្ងៃទី៩ខែ​វិច្ឆិកានេះបានធ្វើការបញ្ជាក់ជាថ្មីម្តងទៀតអំពីអវត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ក្នុងឱកាសចូលរួមទទួលភរិយាថ្នាក់ដឹកនាំនៃប្រទេសនានា ។មូលហេតុសំខាន់ គឺដោយសារបញ្ហាសុខភាព។

នៅលើបណ្តាញសង្គមទំព័រហ្វេសប៊ុកផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “សោកស្តាយដោយភរិយាខ្ញុំមិនអាចចូលរួមទទួលភរិយាថ្នាក់ដឹកនាំនៃប្រទេសនានាបានដោយសារបញ្ហាសុខភាព។តាំងពីចូលរួមអាស៊ាន១៩៩៩មកភរិយាខ្ញុំមិនដែលខកខានក្នុងការ ចូលរួមប្រជុំអាស៊ានប្រចាំឆ្នាំជាមួយខ្ញុំឡើយ។ពេលធ្វើប្រធានអាស៊ានឆ្នាំ២០០២និងឆ្នាំ២០១២ភរិយាខ្ញុំបានបំពេញកិច្ចការដ៏ល្អក្នុងនាមភរិយាប្រធានអាស៊ាន”។

សម្តេចតេជោបានបន្តថា”មិនត្រឹមតែអាស៊ានទេដែលភរិយាខ្ញុំចូលរួមអមដំណើរខ្ញុំគឺគ្រប់វេទិកាអន្តរជាតិតែម្តងដែលភរិយានៅជាមួយខ្ញុំរហូតមានអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ ត្បូង ត្បូង អាស៊ី អឺរ៉ុប។ល។សូម្បីតែការចរចារកសន្តិភាពរវាងភាគីកម្ពុជាក៏មានវត្តមានភរិយាទៅចូលរួមជាប់ឮជានិច្ចដែលគេអាចមើលឃើញក្នុងខ្សែភាពយន្តគេនិងឃើញភរិយាខ្ញុំឈរពីក្រោយខ្ញុំពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីសតាំងពីក្មេងពាលនៅស្រាតនៅឡើយ”។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ជាចុងក្រោយថា”នៅមានទៀតភរិយាខ្ញុំនៅបានធ្វើសកម្មភាពដោយឡែកផ្សេងទៀតនៅតាមទីកន្លែងនិងប្រធានបទខុសៗគ្នារាប់ទាំងទៅថ្លែងការណ៍នៅអង្គការសហប្រជាជាតិតាមការអញ្ជើញពីអគ្គលេខាធិការអង្គការសហប្រជាជាតិទៀតផង។ផ្តាំទៅក្មេងពាលពីកំណើតឈប់បានឈប់ទៅរឿងបោកប្រាស់”។

គួររំលឹកថា កាលពីថ្ងៃទី៦ ខែវិច្ឆិកាកន្លងទៅសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់រួចម្តងហើយអំពីអវត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន។សម្តេចតេជោបានសរសេរនៅលើបណ្តាញសង្គមដដែលនេះថា”ពិតជាមានការងឿងឆ្ងល់ច្រើនអំពីការអវត្តមានភរិយាខ្ញុំក្នុងពិធីធំៗរយៈពេលកន្លងមកនិងការប្រជុំអាស៊ាននាពេលខាងមុខ។ភរិយាខ្ញុំមានបញ្ហាសុខភាពទាក់ទងដល់ឆ្អឹងខ្នងដែលគ្រូពេទ្យតម្រូវឲ្យគាត់មិនអាចអង្គុយយូរបាន។
ខ្ញុំសូមការអធ្យាស្រ័យពីលោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសនានាដែលនឹងអញ្ជើញមកកម្ពុជានាប៉ុន្មានថ្ងៃខាងមុខដែលភរិយាខ្ញុំមិនអាចចេញទទួលបានដោយសារស្ថិតក្នុងរយៈពេលនៃការព្យាបាល”៕សរន

(រូបថត  ទំព័រហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន)