​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ តួ Captain America លោក គ្រីស អ៊ី​វ៉ាន់ (Chris Evans) ត្រូវបាន​ប្រកាស​ជា “​បុរស​សិច​ស៊ី​បំផុត​” របស់​ទស្សនាវដ្ដី People សម្រាប់​ឆ្នាំ ២០២២ កាលពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​សហ​តារាភាពយន្ត​ក្នុង​រឿង Marvel របស់គាត់ លោក ផូល រូ​ដ (Paul Rudd) ទទួលបាន​តំណែង​នេះ​ក្នុង​ឆ្នាំ ២០២១​។​

​អ៊ី​វ៉ាន់ អាយុ ៤១ ឆ្នាំ​និង​នៅ​លីវ បាន​និយាយថា តំណែង​នេះ “​មាន​អារម្មណ៍​ដូច​ជា​ទម្រង់​ចម្លែក​នៃ​ការ​អួត​ដែល​បន្ទាបខ្លួន​”​។ ទោះ​យ៉ាងណា​លោក​ចង់​ចែករំលែក​ព័ត៌មាន​នេះ​ជាមួយ​អ្នកគាំទ្រ​ដ៏​ធំ​​បំផុត​របស់​គាត់ គឺ ម្តាយ​របស់​គាត់​។​

​អ៊ី​វ៉ាន់​បាន​ប្រាប់​ទស្សនា​វ​ដ្តី People ក្នុង​បទសម្ភាសន៍​មួយ​ថា “​ម៉ាក់​របស់​ខ្ញុំ​នឹង​សប្បាយចិត្ត​ខ្លាំងណាស់​។ គាត់​មាន​មោទនភាព​ចំពោះ​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ធ្វើ​ប៉ុន្តែ​នេះ​គឺជា​អ្វី​ដែល​គាត់​ពិតជា​អាច​​អួត​ប្រាប់​គេ​បាន​”​។​

​អ៊ី​វ៉ាន់​ទទួលបាន​ប្រជាប្រិយភាព​ខ្លាំង​ឡើង​ក្នុង​ប៉ុន្មាន​ច្រើន​ឆ្នាំ​ពី​ការសម្ដែង​ក្នុង​រឿង​ភាគ​ទូរទស្សន៍​ដំបូង​របស់​គាត់ Opposite Sex ក្នុង​ឆ្នាំ ២០០០ រហូត​ដល់​ការសម្ដែង​ជា​តួ ស្ទីវ រ៉ូ​ជើ (Steve Rogers) ឬ Captain America ដែល​គេ​ដាក់​រហស្សនាម​ថា “America’s Ass” នៅក្នុង​ខ្សែភាពយន្ត​របស់​ផលិតកម្ម Marvel រឿង “Avengers: Endgame” ក្នុង​ឆ្នាំ ២០១៩​។

​ថ្វីបើ​មាន​ពាន​ជាច្រើន​ពី​ហូលីវូដ​ក៏​ដោយ ក៏​តារា​ក្នុង​រឿង “Gray Man” រូប​នេះ​នៅតែ​មាន​សេចក្តីប្រាថ្នា​នៅ​ខាងក្រៅ​ការសម្ដែង ដែល​រួមមាន អាពាហ៍ពិពាហ៍​និង​បិតុភាព​។​

​អ៊ី​វ៉ាន់​និយាយថា “​នោះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់បាន​”​។​

“​នោះ​ជា​រឿង ដែល​អ្នក​ចង់​បាន​សម្រាប់​តែ​អ្នក​ឬ​សម្រាប់​តែ​គ្រួសារ​និង​មិត្តភក្តិ​របស់​ខ្ញុំ​។ ទិដ្ឋភាព​ដ៏​រីករាយ​បំផុត​នៃ​អាជីព​របស់​ខ្ញុំ​នៅពេលនេះ គឺ​មាន​អារម្មណ៍​សុវត្ថិភាព​គ្រប់គ្រាន់​ក្នុង​ការបន្ថយ​ការប្រឹងប្រែង​របស់​ខ្ញុំ​។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មាន​សេរីភាព​ជាង​មុន​បន្តិច​ក្នុងការ​ចំណាយ​ពេលវេលា​នៅ​ឆ្ងាយ​ពី​ឧស្សាហកម្ម​ភាពយន្ត ហើយ​នៅ​តែ​រក​ឃើញ​គម្រោង​ជាច្រើន ដែល​នឹង​បំពេញ​ចំណង់​ចំណូលចិត្ត​ច្នៃប្រឌិត​របស់ខ្ញុំ នៅពេលដែល​ខ្ញុំ​ត្រឡប់មកវិញ​”៕

លោក គ្រីស អ៊ី​វ៉ាន់