​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ ក្នុង​វ័យ ៩៧ ឆ្នាំ មេដឹកនាំ​ជើងចាស់​ម៉ាឡេស៊ី មហា​ធៀ មហា​ម៉ាត់ បាន​និយាយថា​លោក​បាន​ប្តេជ្ញាចិត្ត​ប្រយុទ្ធ​ក្នុង​ការបោះឆ្នោត​ចុង​ក្រោយ​ដើម្បី​បណ្តេញ​​រដ្ឋាភិបាល​ដែល​លោក​និយាយថា​ត្រូវបាន​ដឹកនាំ​ដោយ “​ពួកឧក្រិដ្ឋជន​” បើទោះបីជា​វា​អាច​មានន័យថា​ត្រូវ​រួម​គ្នា​ជា​ថ្មី​ម្តង​ទៀត​ជាមួយនឹង​គូប្រជែង​ដ៏​យូរអង្វែង លោក អាន់​វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ក៏ដោយ​។​

​លោក​មហា​ធៀ ដែល​បាន​បម្រើ​ប្រទេស​ម៉ាឡេស៊ី​អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​ពីរលើក កំពុង​ដឹកនាំ​ក្រុមចម្រុះ​ប្រឆាំង​មួយ ដែល​កំពុង​ព្យាយាម​ផ្តួល​ក្រុមចម្រុះ Barisan Nasional ដែល​ពោរពេញ​ដោយ​អំពើ​ពុករលួយ​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​កំពុងកាន់​អំណាច លោក អ៊ី​ស្មា​អ៊ី​ល សា​ព្រី យ៉ា​កូប (Ismail Sabri Yaakob) នៅក្នុង​ការបោះឆ្នោត​ថ្ងៃទី ១៩ ខែវិច្ឆិកា​។​

​នៅក្នុង​ការបោះឆ្នោត​ក្នុង​ឆ្នាំ ២០១៨ លោក​មហា​ធៀ​បាន​ចាកចេញ​ពី​ការចូលនិវត្តន៍ ហើយ​បាន​ចូលរួម​ជាមួយ​លោក​អាន់​វ៉ា​ដើម្បី​បណ្តេញ​រដ្ឋាភិបាល​របស់​ក្រុមចម្រុះ Barisan​ខណៈ​ពួកគេ​ប្រឈម​​មុខ​នឹង​ការចោទប្រកាន់​ពី​បទ​ពុករលួយ​ជុំវិញ​រឿងអាស្រូវ​មូលនិធិ 1MDB តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​។​

​លោក​មហា​ធៀ​បាន​សន្យា​ប្រគល់​តំណែង​ឱ្យ​លោក​អាន់​វ៉ា ប៉ុន្តែ​ក្រុមចម្រុះ​ជនជាតិ​ភាគតិច​របស់​ពួកគេ​បាន​ដួលរលំ​ក្នុង​រយៈពេល​ត្រឹមតែ ២២ ខែ​ប៉ុណ្ណោះ​ដោយសារ​តែ​ការឈ្លោះគ្នា​ជាហេតុ​ត្រួសត្រាយ​ផ្លូវ​​ឱ្យ​ក្រុមចម្រុះ Barisan ដែល​ដឹកនាំ​ដោយ​គណបក្ស​ជាតិ​និយម​ម៉ាឡេ UMNO វិលត្រឡប់​មក​កាន់​អំណាច​វិញ ជា​ផ្នែក​នៃ​សម្ពន្ធភាព​មួយ​ផ្សេង​ទៀត​។​

​ក្រុមអ្នកវិភាគ​និយាយថា​សំឡេងឆ្នោត​របស់​ជនជាតិ​ម៉ាឡេ​ភាគច្រើន​របស់​ប្រទេស​នេះ​ត្រូវ​គេ​រំពឹងថា​នឹង​ត្រូវ​បែងចែក​នៅក្នុង​ការបោះឆ្នោត​នា​ពេល​ខាង​មុខរ​វា​ងគ​ណ​បក្ស​ដែល​ផ្តោត​លើ​ជនជាតិ​ម៉ា​​ឡេ​ដែល​ទើប​ងើបឡើង​ចំ​ពេល​មាន​ភាពចលាចល រួមទាំង​ក្រុម​ចម្រុះ​របស់​លោក​មហាធៀ​ផងដែរ​។​

​ក្នុង​អ្វីដែល​លោក​និយាយថា​ទំនង​ជា​ការបោះឆ្នោត​ចុងក្រោយ​របស់​ខ្លួន លោក​មហា​ធៀ​បាន​ប្ដេជ្ញា​ប្រយុទ្ធប្រឆាំង​នឹង “​ជនជាតិ​ម៉ាឡេ​អាក្រក់ ឧក្រិដ្ឋជន​ម៉ាឡេ​…​ប្រឆាំងនឹង​ជនជាតិ​ម៉ាឡេ ដែល​បាន​បំផ្លាញ​ប្រទេស​នេះ​”​។​

​មេដឹកនាំ​បក្ស UMNO ជាច្រើន​នាក់​កំពុង​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពី​បទ​ពុករលួយ ដែល​ធ្វើឡើង​ដោយ​រដ្ឋបាល​របស់​លោក​មហា​ធៀ រួម​ទាំង​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សាក់ (Najib Razak) ដែល​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១២ ឆ្នាំ​បន្ទាប់ពី​ត្រូវបាន​រកឃើញ​ថា​មាន​ពិរុទ្ធភាព​ក្នុង​ខែកញ្ញា​ក្នុង​សំណុំរឿង​ដែល​ពាក់ព័ន្ធ​នឹង​មូលនិធិ 1MDB ។ លោក​ណា​ជីប​បាន​បដិសេធ​មិន​បាន​ធ្វើ​ខុស​ទេ​។​

​ពូជសាសន៍​និង​សាសនា​គឺជា​បញ្ហា​បែកបាក់​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ពហុ​ជាតិ​សាសន៍ ទី​ដែល​ជនជាតិភាគតិច​ចិន​និង​ឥណ្ឌា​បង្កើត​បាន​មួយ​ភាគបី​នៃ​អ្នកបោះឆ្នោត​។​

​ការស្ទង់មតិ​បានបង្ហាញ​ថា ការបោះឆ្នោត​នឹង​មាន​ភាពស្វិតស្វាញ​យ៉ាង​តឹងរ៉ឹង ដោយ​គ្មាន​គណបក្ស​ណាមួយ​ឬ​ប្លុក​ណា​មួយ​ទំនងជា​អាច​ឈ្នះ​សំឡេង​ភាគច្រើន​នោះទេ​។​

​លោក​មហា​ធៀ​បាន​និយាយថា គាត់​នឹងមិន​ធ្វើការ​ជាមួយ​បក្ស UMNO​ទេ ដោយ​លើកឡើង​ពី​ការចោទប្រកាន់​អំពី​អំពើពុករលួយ​ប្រឆាំង​នឹង​គណបក្ស​នេះ ដែល​គាត់​ធ្លាប់​បាន​ចោទ​។​ប៉ុន្តែ​លោក​មិនបាន​​ច្រាន​ចោល​លទ្ធភាព​នៃ​ការធ្វើការ​ជាមួយ​សម្ពន្ធភាព​របស់​លោក​អាន់​វ៉ា​នោះ​ទេ បើ​ទោះបីជា​លោក​បាន​និយាយ​ថា​ភាគី​នី​មួយៗ​នឹង​ត្រូវ​ការពិភាក្សា​អំពី​អ្នក​ណា​នឹង​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ក្រោយ​ការបោះ​​ឆ្នោត​ក៏​ដោយ​។​

​លោក​មហា​ធៀ​បាន​និយាយថា “​យើង​មិន​យល់​ស្រប​ថា​នរណា​ម្នាក់​គួរតែ​អះអាង​ថា​ខ្លួន​ជា​បេក្ខជន​សម្រាប់​នាយករដ្ឋមន្ត្រី សូម្បី​មុនពេល​លទ្ធផល​ចេញមក​”​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​កាលពី​សប្តាហ៍​មុន លោក​អាន់​វ៉ា​បាន​ច្រាន​ចោល​ការធ្វើការ​ជាមួយ​លោក​មហាធៀនិង​ក្រុមចម្រុះ​ផ្សេងទៀត ដោយ​លើកឡើង​ពី​”​ការខ្វែង​​គំនិត​គ្នា​ជា​មូលដ្ឋាន​”​។​

​ភាព​ជា​គូ​ប្រជែង​របស់​អ្នក​ទាំង​ពីរ​បាន​គ្រប់គ្រង​នយោបាយ​ម៉ាឡេស៊ី​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ​បន្ទាប់ពី​លោក​មហាធៀ​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​បាន​បណ្តេញ​លោក​ពី​តំណែង​ឧបនាយករដ្ឋមន្ត្រី​​និង​ដាក់គុក​លោក​អាន់​វ៉ា​ក្នុង​ឆ្នាំ ១៩៩៨ ដោយ​ចោទប្រកាន់​គាត់​ពីបទ​រួមភេទ​ជាមួយ​ប្រុស​ដូចគ្នា​និង​ប្រព្រឹត្ត​អំពើពុករលួយ​។​

​លោក​អាន់​វ៉ា​ត្រូវបាន​ដោះ​លែង​ក្នុង​ឆ្នាំ ២០០៤ ដោយ​បាន​ឡើង​ក្លាយជា​មេដឹកនាំ​បក្សប្រឆាំង ប៉ុន្តែ​ត្រូវបាន​ចាប់​ដាក់គុក​ឡើងវិញ​ក្នុង​ឆ្នាំ ២០១៥ ពី​បទ​រួមភេទ​ជាមួយ​ប្រុស​ដូចគ្នា​ហើយ​បាន​និយាយ​ជាប់​​លាប់​រហូត​មក​ថា រាល់​ការចោទប្រកាន់​មក​លើ​រូបគាត់​គឺជា​ហេតុផល​នយោបាយ​។ គាត់​ត្រូវបាន​លើកលែង​ទោស​ក្នុង​ឆ្នាំ ២០១៨ បន្ទាប់​ពី​ការ​ឈ្នះឆ្នោត ដែល​បាន​ទម្លាក់​បក្ស UMNO​ចេញ​ពី​អំណាច​ជា​លើក​​ដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ម៉ាឡេស៊ី​ក្រោយ​អាណានិគម​៕

​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហា​ម៉ាត់ ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​រ៉​យ​ទ័រ​នៅទី​ក្រុងគូឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី ១៣ ខែ​មីនា ឆ្នាំ ២០២០​