ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ នៅព្រឹកថ្ងៃពុធ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តម សេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ អញ្ជើញត្រួតពិនិត្យកម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងចរាចរណ៍ ដោយបានណែនាំ បន្ថែម ឲ្យយកចិត្តទុកខ្ពស់ ក្នុងការបំពេញ តួនាទីភារកិច្ច ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ តាមគ្រប់គោលដៅ ក្នុងឱកាសកិច្ចប្រជុំកំពូល អាស៊ាន លេីកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ។

ក្នុងឱកាសនោះដែរ លោកស្នងការ បានផ្តល់ជូន និងបំពាក់អាវពន្លឺចរាចរណ៍ថ្មី ចំនួន ១.០០០ អាវ ដែលខាងមុខមានដាក់អក្សរ ន.ប.ភ.ព ពិលពន្លឺបំពាក់លេីស្មា ចំនួន ៣៧០ និងស្រោមដៃស ចំនួន ៣០០ គូ ផងដែរ ។

គួរបញ្ជាក់ថា កម្លាំងសមត្ថកិច្ចប្រមាណជាង ១ម៉ឺននាក់ មកពី ១៤ ស្ថាប័នពាក់ព័ន្ធ រួមទាំងរថយន្តការពារគ្រាប់ និងមានទាំងការពារផ្លូវអាកាស ផ្លូវទឹក ដើម្បីត្រៀម ការពារប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូល អាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕ V / N