ដោយៈ សុក្ខារិន / ពោធិ៍សាត់ៈ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៩ បុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរ ភូមិន្ទ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២២ នៅលើបូរីវប្បធម៌ កោះសំពៅមាស ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតី ភាពលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោក​ចេង ឡៃ អភិបាលនៃគណៈ អភិបាលស្តីទីខេត្ត និងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សា ខេត្ត គណៈអភិបាលខេត្ត ស្រុក ក្រុង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ ទាំង៣ និងមន្ត្រីរាជការជុំវិញខេត្ត ជាង ៣០០ នាក់។

បន្ទាប់ពីដាក់កូរ៉ោនផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ចាប់ពីផែនទី១ ដល់ផែនទី៩ និងអញ្ជើញបូជាទាន ធូប និមន្តព្រះសង្ឃ ៩ អង្គ នមស្សការព្រះរតនត្រ័យ រួចមក លោក ចេង ឡៃ អភិបាល នៃគណៈអភិបាលខេត្តស្តីទី បានអាននូវជីវប្រវត្តិសង្ខេប ព្រះរាជបូជនីយកិច្ច ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ក្នុងការទាមទារឯករាជ្យ នៅកម្ពុជា ៩ វិច្ឆិកា ឆ្នាំ១៩៥៣ ។

លោកក៏បានលើកឡើងថាៈ ថ្ងៃនេះ មិនត្រឹមតែជាថ្ងៃគម្រប់ខួប ៦៩ ឆ្នាំ​នៃបុណ្យឯករាជ្យជាតិ ប៉ុណ្ណោះទេ តែក៏ជាទិវាកំណើតកងយោធពលខេមរភូមិន្ទផងដែរ ក្រោយពីព្រះករុណ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានបំពេញព្រះរាជ បេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ ក្នុងការទាមទារឯករាជ្យជាតិ នៅកម្ពុជា ឲ្យរួចផុតពីអាណានិគមបារាំង ៕ V / N