ដោយ៖តារារិទ្ធ(ភ្នំពេញ)រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានសំដែងការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានបង្ហា ញជំហរគាំទ្រអ៊ុយក្រែន តាមរយៈការចេញសេចក្តីថ្លែងការណ៍នានាប្រឆាំងនឹងការឈ្លានពានចូលអ៊ុយក្រែន ។ លោក Dmytro Kulebaបានថ្លែងថាប្រជា ជនអ៊ុយក្រែន មានបំណងប្រាថា្នចង់បានដូច កម្ពុជា ។ នេះបើតាមការបញ្ចាក់របស់លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ ហ៊ុន សែន ។

លោក Dmytro Kuleba បានថ្លែងបែបនេះនៅក្នុងជំនួបសាវនាការជាមួយសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី ៩ ខែ វិច្ឆិកា ២០២២ នៅវិមានសន្តិភាព ។

នៅក្នុងជំនួបនោះលោក Dmytro Kuleba បានថ្លែងអំណរគុណកម្ពុជាដែលបានគាំទ្រអ៊ុយក្រែនតាមរយៈការចេញសេចក្តីថ្លែងការណ៍រដ្ឋមន្ត្រីការបរទេសអាស៊ានដែលបង្ហាញពី កង្វល់ចំពោះស្ថានការដែលបានកំពុងកើតឡើងនៅអ៊ុយក្រែនដោយបានទាមទារឲ្យបញ្ឈប់ការប្រើប្រាស់កម្លាំងប្រដាប់អាវុធជាបន្ទាន់និងងាកមករកការចចាបញ្ឈប់សង្គ្រាមផងនិងធ្វើជាស្ថាបនិកគាំទ្រចំពោះសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលពាក់ព័ន្ធនឹងការឈ្លានពានមកលើកអុយក្រែនផង។

លោក Dmytro Kuleba បានមានប្រសាសន៍ថាលោកពិតជាមានការរំភើបនិងអបអរសាទរជូនដល់កម្ពុជាដែលកម្ពុជាបានឆ្លងកាត់សង្គ្រាមខ្ទេចខ្ទាំ ការកាប់សម្លាប់ប្រល័យ ពូជសាសន៍ មកដល់ពេលនេះកម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថេរភាព និង ការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងស្រស់បំព្រងផងនេះជាអ្វីដែលជាសេចក្តីប្រាថ្នារបស់អ៊ុយក្រែននិង ប្រជាជនអ៊ុយក្រេនគ្រប់រូបចង់បាន។

សម្ដេចតេជោបានមានប្រសាសន៍ថាកម្ពុជាធ្លាប់ការសង្គ្រាម ការឈ្លានពានការឈ្លាពាន កម្ពុជាយល់អំពីអារម្មណ៍របស់ប្រជាជនអ៊ុយក្រែន ។ ជំហររបស់កម្ពុជាលើបញ្ហាសង្គ្រាមនៅអ៊ុយ ក្រែនគឺការប្រកាន់ភ្ជាប់និងគោរពគោលការណ៍ដែលបានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិមកម្ពុជាប្រឆាំងនឹងការឈ្លានពានការគំរាមកំហែងការប្រើប្រាស់ហិង្សាមកលើអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់រដ្ឋឯករាជ្យនិងមិនគាំទ្រដល់ការបំបែករដ្ឋឬការទន្រ្ទានយកទឹកដីពីប្រទេសដទៃឡើយ។ឆ្លៀតក្នុងឱកាសនោះសម្ដេចក៏បានផ្ដាំផ្ញើសួរសុខទុក្ខដល់ប្រជាពលរដ្ឋអ៊ុយក្រែនទាំងអស់និងជូន ពរ ឲ្យប្រជាជនប្រជាពលរដ្ឋអ៊ុយក្រែនទាំងអស់ទទួលនូវសុខសន្តិភាពនិងការអភិវឌ្ឍនៅពេលឆាប់ៗខាងមុខកុំបីខានឡើយ ៕