ដោយ: បូកគោ / កំពត: ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងខេត្តកំពត បានបញ្ចប់ដោយភាពអធិកអធម និងមានភ្ញៀវចូលរួមប្រមាណជាង ៥៨ ម៉ឺននាក់ ជាមួយសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់ឲ្យដឹងថាៈ ពីធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តកំពត ដែលបានប្រព្រឹត្តឡើង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ មានភាពអធឹកអធម និងសប្បាយរីករាយបំផុត។ នាអំឡុងពេលបីថ្ងៃនោះ ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកចូលរួម ប្រមាណជាង ៥៨ ម៉ឺននាក់។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់ឲ្យ ដឹងថាៈ តាមការចង្អុលបង្ហាញរបស់ លោកអភិបាលខេត្ត រយៈពេលបីថ្ងៃ នៃពិធីបុណ្យអុំទូក នៅខេត្តកំពត កម្លាំងនៃគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានប្រើប្រាស់កម្លាំង ចំនួន ៧៥៥ នាក់ តាមគោលដៅសំខាន់ៗ ។ ក្រៅពីកើតឡើង នូវករណីគ្រោះថ្នាក់ចរាចរណ៍​បន្តិចបន្តួច អំឡុងពេលបីថ្ងៃនេះ សន្តិសុខ សណ្តាប់ធ្នាប់ ល្អប្រសើរ ដោយពុំមានបញ្ហាអ្វីកើតឡើង គួរឲ្យកត់សំគាល់ឡើយ។ និយាយរួម ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មានក្តីសប្បាយរីករាយ ក្នុងការដើរកម្សាន្តស្ទើរទល់ភ្លឺ ពិសេសនារាត្រីថ្ងៃទីបី នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នេះ៕/V-PC