​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក ស៊ីន ផេន (Sean Penn) បាន​ផ្តល់​ពាន​អូ​ស្ការ​ដល់​ប្រធានាធិបតី​អ៊ុ​យក្រែន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី ដោយ​ប្រាប់​គាត់​ឱ្យ​យក​វា​ត្រឡប់​ទៅ​ទីក្រុង​ម៉ាលី​ប៊ូ (Malibu)​វិញ នៅពេល​ដែល​ប្រទេស​របស់​គាត់​ទទួលបាន​ជ័យជំនះ​ពី​សង្គ្រាម​ជាមួយ​រុស្ស៊ី​។​

​តារា​សម្តែង​និង​ជា​អ្នកដឹកនាំ​រឿង​អាយុ ៦២ ឆ្នាំ​រូប​នេះ​គឺជា​អ្នក​គាំទ្រ​របស់​អ៊ុយ​ក្រែន​ចាប់តាំងពី​សង្គ្រាម​បាន​ផ្ទុះ​ឡើង​ក្នុង​ខែ​កុម្ភៈ ហើយ​បាន​ធ្វើដំណើរ​ទៅ​ទីក្រុង​គៀវ​ពីរដង​ក្នុង​ឆ្នាំនេះ មុនពេល​ធ្វើ​ដំណើរ​កាល​ពី​ថ្ងៃ​អង្គារ​ទី​៨​វិច្ឆិកា​។​

​ត្រឡប់​ទៅ​រដ្ឋធានី​អ៊ុយ​ក្រែន​វិញ​ដើម្បី​ជួប​លោក​ហ្សេ​លេន​ស្គី ដែល​ពី​មុន​គាត់​ហៅថា​ជា “​មិត្ត​ដ៏​អស្ចារ្យ​” របស់គាត់ លោក​ផេន​ត្រូវបានគេថតកំ​ពុង​ដក​ពាន Academy Awards របស់​គាត់​ចេញពី​កាបូប​មួយ ហើយ​ដាក់​វា​នៅ​លើ​តុ​របស់​ប្រធានាធិបតី​អ៊ុ​យក្រែន​។​

​តារា​សម្តែង​រូបនេះ​បាន​ប្រាប់​លោក​ហ្សេ​លេន​ស្គី​ថា “​នេះ​គឺ​សម្រាប់​អ្នក​។ វា​គ្រាន់តែ​ជា​និមិត្តសញ្ញា​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​តាម​ខ្ញុំ​ដឹង វា​នៅ​ទីនេះ​ជាមួយ​អ្នក នោះ​ខ្ញុំ​នឹង​មាន​អារម្មណ៍ល្អ​និង​រឹងមាំ​ជាង​មុន​សម្រាប់​ការប្រយុទ្ធ​…”​។​

​លោក​បាន​បញ្ជាក់ថា “​នៅពេល​អ្នកឈ្នះ សូម​នាំ​វា​ត្រឡប់​ទៅ​ទីក្រុង​ម៉ាលី​ប៊ូ​វិញ​។ ខ្ញុំ​នឹង​មាន​អារម្មណ៍​កាន់តែ​ប្រសើរ​ដោយ​ដឹង​ថា​មានពាន​មួយ​របស់​ខ្ញុំ​នៅ​ទីនេះ​”​។​

​លោក​ហ្សេ​លេន​ស្គី ដែល​មុនពេល​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ​គឺ​ជា​តារា​សម្តែង​និង​ជា​តារា​កំប្លែង​ដ៏​ល្បី ត្រូវបាន​មើលឃើញ​ពេញចិត្ត​យ៉ាងខ្លាំង​និង​បាន​ទទួលយក​រូបចម្លាក់​អូ​ស្ការ ដោយ​ពណ៌នា​ថា​វា​ជា “​កិត្តិយស​ដ៏​អស្ចារ្យ​”​។​

​ក្រោយមក​គេ​ឃើញ​គាត់​ដាក់​ពានរង្វាន់​មាស​នេះ​យ៉ាង​ប្រុងប្រយ័ត្ន​នៅលើ​តុ​នៅក្នុង​ការិយាល័យ​ប្រធានាធិបតី​របស់គាត់​។​

​លោក​ហ្សេ​លេន​ស្គី​បានប្រគល់​មេដាយ​កិត្តិយស​អ៊ុយ​ក្រែន​ដើម្បី​អរគុណ​តប​ទៅ​គាត់​វិញ “​សម្រាប់​ការគាំទ្រ​ដោយស្មោះ​របស់​គាត់​និង​ការរួមចំណែក​យ៉ាង​សំខាន់​ដល់​ប្រជាប្រិយភាព​របស់​អ៊ុយ​ក្រែន​នៅក្នុង​ពិភពលោក​”៕

លោក​ផេន​ប្រគល់ពាន​អូស្ការ​ឱ្យទៅ​លោក​ហ្សេ​លេន​ស្គី​កាលពី​ថ្ងៃ​អង្គារ