​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រសិនបើ​តួជែម​ស៍​ប៊នបន្ទាប់​ត្រូវការ​ម៉ូតូដ៏​លឿន​សម្រាប់​បេសកកម្ម​បន្ទា​ប់​របស់គាត់ ម៉ូតូ​នេះ​អាច​ជា​ម៉ាស៊ីន​ដ៏​ល្អ​សម្រាប់​ការងារ​។​

​វា​ត្រូវ​បាន​ហៅថា AMB 001 Pro និង​ត្រូវ​បាន​បង្ហាញ​ដោយ​ក្រុមហ៊ុន Aston Martin ក្នុង​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ផលិត​ម៉ូតូ​ដ៏​ល្បីល្បាញ Brough Superior ។​

​ម៉ូតូ​ទំនើប​នេះ​ត្រូវបាន​ដាក់​បង្ហាញ​កាលពី​ថ្ងៃ​អង្គារ​ទី​៨​វិច្ឆិកា​ក្នុង​កម្មវិធី EICMA Milan Motorcycle Show ដោយ​មាន​ការបញ្ជាក់​ថា​មាន​ត្រឹមតែ ៨៨ គ្រឿង​ប៉ុណ្ណោះ​កំពុង​ត្រូវបាន​ផលិត ដោយ​ម៉ូតូ​នី​មួយៗ​មានតម្លៃ​លើសពី ១០០.០០០ ផោន​។​

​ខណៈ​តួ ០០៧ បន្ទាប់ ដែល​នឹង​ជំនួស​លោក ដា​នី​ញែល ក្រេក (Daniel Craig) បន្ទាប់​ពី​ការឈរជើង​រយៈពេល ១៥ ឆ្នាំ​របស់​គាត់​ជា​ភ្នាក់ងារ​សម្ងាត់​របស់​ច​ក្រ​ភព​អង់គ្លេស​ឆ្លងកាត់​ខ្សែភាពយន្ត​ចំនួន ៥ រវាង​ឆ្នាំ ២០០៦ និង ២០២១ ប្រហែល​ជា​ចង់​ប្រើ​វា​ដើម្បី​ដេញតាម​ពីក្រោយ​តួ​ចិត្តអាក្រក់​នៅតាម​ផ្លូវ​ជួរ​ភ្នំ​ដ៏​ច្របូកច្របល់​ឬ​ផ្លូវ​ហាយវេ​ដែលមាន​ល្បឿន​លឿន គាត់​នឹង​មិន​អាច​ប្រើ​វា​ដោយ​ស្រាប​ច្បាប់​លើ​ដងផ្លូវ​ទូទៅ​នោះ​ទេ​។​

​នោះ​ក៏​ព្រោះ​តែ​ម៉ូតូ AMB 001 Pro គឺជា​ប្រភេទ​ទោចក្រយាន​ដែល​មិន​អាច​បើក​ស្របច្បាប់​លើ​ដងផ្លូវ ដែល​ផលិត​ពីក្រោយ​ស៊េរី​ម៉ូតូ​ដើម AMB 001 ជា​ម៉ាក​យីហោ​ទាំងពីរ​របស់​អង់គ្លេស ដែល​បាន​ប្រកាស​ក្នុង​ឆ្នាំ ២០១៩ ហើយ​ជា​ម៉ូតូ​ផលិត​តែ ១០០ គ្រឿង​គត់ ដែល​លក់ដាច់​អស់​ក្នុងពេល​តែ​ប៉ុន្មាន​នាទី​នៃ​ការចេញលក់​។​

Aston Martin និយាយថា​វា​ត្រូវបាន “​បំផុស​គំនិត​ដោយ​រថយន្ត Valkyrie AMR Pro” ហើយ​មាន​គោលបំណង​ផ្តោត​លើ “​អ្នក​ង​ប់ង​ល់​នឹង​ម៉ូតូ​”​។​

​ដូច​រថយន្ត​ទំនើប​ខាងលើ​ដែរ ម៉ូតូ AMB 001 Pro បាន​រុញ​សមត្ថភាព​បើកបរ​ទៅ​ដល់​កម្រិត​ថ្មី​។​

​ម៉ាស៊ីន V-twin ទំហំ ៩៩៧cc ត្រូវបាន​កែសម្រួល​ឱ្យ​ផលិត​កម្លាំង​បាន ២២២ សេះ ដែល​នេះ​ជា​ការបង្កើន​ថាមពល ២៥ ភាគរយ​លើស​កម្រិត​ស្តង់ដារ​របស់​ម៉ូតូ AMB 001 ។​

​ចំណុច​ត្រូវ​និយាយ​ធំ​បំផុត​គឺ​សំបក​ម៉ាស៊ីន​ថ្មី​របស់​វា ដែល​ធ្វើ​ពី​អាលុយមីញ៉ូម​រឹង​ទាំងស្រុង​ជា​ដំបូង​សម្រាប់​ម៉ូតូ​។​

​បំពាក់​ដោយ​កង់​កាបូន​ហ្វា​បឺទ​ម្ង​ន់​ស្រាល​ខ្លាំង​នៅ​ផ្នែក​ខាងក្រោយ​និង​បន្ទះ​ហ្វ្រាំង​នៅ​ខាងក្រោយ​ដែល​ផលិត​ពី​វត្ថុ​ធាតុ​ដូចគ្នា ម៉ូតូ​នេះ​មាន​ទម្ងន់ ១៧៥ គីឡូក្រាម​ដោយ​មិនទាន់​ចាក់​សាំង​ឬ​មាន​អ្នក​ជិះ​ពីលើ​។​

​វា​មានន័យថា វា​មាន​សមាមាត្រ​កម្លាំង​ទៅ​នឹង​ទម្ងន់​ស្រដៀង​នឹង​រថយន្ត Formula One ដែរ​។​

​ខណៈ​ក្រុមហ៊ុន Aston Martin មិន​បាន​បញ្ជាក់​ថា​តើ​វា​នឹង​ដំណើរការ​លឿន​ប៉ុណ្ណា​នោះ វា​ច្បាស់​ជា​លឿន​ជាង​ល្បឿន​កំពូល ៣០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​របស់​ម៉ូតូ AMB 001 កាល​ពី​បី​ឆ្នាំមុន​៕

ម៉ូតូ AMB 001 Pro ត្រូវបាន​បង្ហាញ​ដោយ​ក្រុមហ៊ុន Aston Martin កាលពី​ថ្ងៃ​អង្គារ