​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ថៃ​បាន​លុបចោល​ផែនការ​ថ្មី​មួយ​ដើម្បី​អនុញ្ញាត​ឱ្យ​ជនបរទេស​ទិញ​ដី​សម្រាប់​លំនៅឋាន​បន្ទាប់​ពី​ផែនការ​នេះ​បង្ក​ឱ្យ​មាន​ប្រតិកម្ម​ជា​សាធារណៈ ដោយ​គណបក្ស​ប្រឆាំង​និយាយថា ទង្វើ​នេះ​គឺ​ស្រដៀង​នឹង​ការលក់​ប្រទេស​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក អា​នូ​ចា ប៊ូ​រ៉ា​ផា​ឆៃ​ស្រី (Anucha Burapachaisri) បាន​ប្រាប់​សន្និសីទ​ខ្លី​មួយ​បន្ទាប់ពី​កិច្ចប្រជុំ​នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​អង្គារ​ទី​៨​វិច្ឆិកា​ថា​គណៈរដ្ឋមន្ត្រី​បាន​​អនុម័ត​សំណើ​របស់​ក្រសួង​មហាផ្ទៃ​ដើម្បី​ដក​ផែនការ​នេះ​ចេញ​វិញ​សម្រាប់​ការត្រួតពិនិត្យ​បន្ថែមទៀត​។ លោក​បន្តថា រដ្ឋាភិបាល​នឹង​វិភាគ​មតិ​សាធារណៈ​និង​មតិ​រិះគន់​ដើម្បី​វាយតម្លៃ​ផលប៉ះពាល់​ជារួម​។​

​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ផែនការ​នេះ “​មិន​ត្រូវ​បាន​លុបចោល​” ទាំងស្រុង​ទេ ព្រោះ​ថា​វា​នឹង​ត្រូវ​ពិនិត្យ​ឡើងវិញ​ជាថ្មី ដើម្បី​ដោះស្រាយ​កង្វល់​។​

​បទ​ប្បញ្ញត្តិ ដែល​ត្រូវបាន​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី​របស់​លោក​ប្រា​យុទ្ធ កាលពី​ខែ​មុន បាន​ព្យាយាម​អនុញ្ញាត​ឱ្យ​ជនបរទេស​ដែលមាន​ទិដ្ឋាការ​ស្នាក់​នៅ​រយៈពេល​វែង មាន​សិទ្ធិ​ទិញ​ដី​សម្រាប់​លំនៅឋាន ដែល​ជា​ផ្នែក​នៃ​វិធានការ​ដើម្បី​ទាក់ទាញ​ការវិនិយោគ​បរទេស​បន្ថែមទៀត​ដើម្បី​កសាង​សេដ្ឋកិច្ច​របស់​ប្រទេស​ឡើងវិញ​ក្នុង​យុគសម័យ​ក្រោយ​ជំងឺ​រាតត្បាត​។​

​ក្រោម​សំណើ​នេះ អ្នកជំនាញ បុគ្គល និង អ្នក​ចូលនិវត្តន៍ ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន ត្រូវបាន​អនុញ្ញាត​ឱ្យ​ទិញ​ដី​រហូតដល់ ១ រ៉ៃ (០,៤ ហិកតា​) ប្រសិន​បើ​ពួកគេ​វិនិយោគ​យ៉ាងហោចណាស់ ៤០​លាន​បាត​​រួម​ទាំង​តម្លៃ​ដី​សម្រាប់​រយៈពេល​យ៉ាងតិច​បី​ឆ្នាំ​។​

​ប៉ុន្តែ​ក្រុមប្រឆាំង​បាន​បដិសេធ​ផែនការ​នេះ ដោយ​និយាយថា វិធានការ​នេះ​អាច​បន្ថយ​ការរំពឹង​ទុក​អំពី​ប្រជាជន​ថៃ​ដែល​គ្មាន​ដី​ដើម្បី​មានលទ្ធភាព​ទិញ​ផ្ទះសម្បែង ហើយ​លក្ខខណ្ឌ​តម្រូវ​នៃ​ការវិនិយោគ​អប្បបរមា​បែបនេះ​នឹង​មិន​ធ្វើឱ្យ​សេដ្ឋកិច្ច​មាន​ដំណើរការ​ឡើងវិញ​នោះ​ទេ​៕

​ផែនការ​នេះ​អនុញ្ញាត​អោយ​ជនបរទេស​ដែល​មាន​ទិដ្ឋាការ​ស្នាក់​នៅ​រយៈពេល​វែង មាន​សិទ្ធិ​ទិញ​ដី​សម្រាប់​លំនៅឋាន​ដែល​ជា​ផ្នែក​នៃ​វិធានការ​ដើម្បី​ទាក់ទាញ​ការវិនិយោគ​បរទេស​បន្ថែមទៀត​