ដោយៈ ដេប៉ូ / ភ្នំពេញ៖ ក្នុងចំណោមអ្នកកាសែតជាតិ និងអន្តរជាតិ ប្រមាណជិត ២ ពាន់នាក់ នាខណៈពេលនេះ បានមកជួបជុំគ្នា នៅសណ្ឋានសុខា ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀម រង់ចាំយកព័ត៌មាន នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង ៤១ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងត្រូវចាប់ផ្តើម នៅថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ។

ក្នុងបទសំភាសន៍ជាមួយរស្មីកម្ពុជា ក្នុងចំណោម ក្រុមអ្នកកាសែតជាច្រើន ទាំងនេះ មួយចំនួន បានបង្ហាញពីការចាប់អារម្មណ៍រឿងធំៗ ក្នុងនេះ បានផ្តោតសំខាន់ទៅលើ បញ្ហារបស់បណ្តាប្រទេសអាស៊ាន និង ក្រៅពីនេះ ពួកគេក៏ផ្តោតសំខាន់ ទៅលើវិបត្តិ ភូមា វិបត្តិរុស្ស៊ី-អ៊ុយក្រែន ជាដើម។

បើគេសង្កេតនៅសណ្ឋារសុខា នៅក្នុងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ គេសង្កេតឃើញ ក្រុមអ្នកសារព័ត៌មាន ជាច្រើន បានប្រាប់ថា ពួកគេត្រៀមខ្លួនជាស្រេច អស់ហើយ ក្នុងការផ្តិតយករូបភាព និងខ្លឹមសារ គន្លឹះសំខាន់ៗ ក្នុងការចែកចាយ ដល់ស្ថាប័ន និងប្រទេសរបស់ខ្លួនវិញ។

ក្នុងពេលកំពុងឈររាយការណ៍ព័ត៌មាន កញ្ញា ភីប តាក់វ៉ាន់ អ្នកយកព័ត៌មានឱ្យ ទូរទស្សន៍ថៃមួយ ឈ្មោះThai pds បានឱ្យដឹងថាៈ កញ្ញា បានមកចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន លើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលនៅកម្ពុជានេះ ពិតជាសប្បាយ ចិត្ត ដោយក្នុងនេះ បានមកដល់កម្ពុជា ដើម្បីរង់ចាំយកព័ត៌មានដ៏សំខាន់មួយនេះ ពីព្រោះថា មេដឹកនាំថ្នាក់តំបន់ និងពិភពលោក នឹងអញ្ជើញមកចូលកិច្ចប្រជុំប្រចាំឆ្នាំ ដ៏សំខាន់នេះផងដែរ។

អ្នកសារព័ត៌មានថៃរូបនេះ បានលើកឡើងថាៈ “ ប្រទេសថៃ ក៏ជាសមាជិកអាស៊ាន ហេតុនេះ ខ្ញុំមកយកព័ត៌មាននេះ ក៏ជាផ្នែកមួយ ឆ្លុះបញ្ចាំងពីប្រទេសថៃ និងបណ្តា ប្រទេសដទៃទៀត ក្នុងប្រទេសសមាជិកអាស៊ាន។ ការមកយកព័ត៌មានរបស់ខ្ញុំលើក នេះ ខ្ញុំក្រៅពីផ្តោតទៅលើបញ្ហាអាស៊ាន ហើយខ្ញុំក៏បានផ្តោតសំខាន់ទៅលើបញ្ហា វិបត្តិភូមា ដែលកំពុងក្លាយជារឿង គួរជាទីចាប់អារម្មណ៍ នៅក្នុងបណ្តាប្រទេសអាស៊ាន បច្ចុប្បន្ន។ ចំពោះបញ្ហាសង្រ្គាម រ៉ុស្ស៊ី-អ៊ុយក្រែន ខ្ញុំក៏បានចាប់អារម្មណ៍វាដែរ”។

បញ្ជាក់ប្រាប់ឱ្យដឹងដូចគ្នានេះ លោក ព្រី ហានតូរ៉ូអាណុំ ( Prihantoro anom) អ្នកសារព័ត៌មានប្រចាំស្ថាប័ន ANTARA NEWS AGINCY របស់ប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងថាៈ លោកមកកាន់កម្ពុជា បានឃើញថា កម្ពុជាមានម្ហូបអាហារល្អ ប្រកបដោយរសជាតិឆ្ងាញ់ពិសា ពលរដ្ឋកម្ពុជា រាក់ទាក់ ហើយពួកគាត់ បានច្រឡំរូបលោក ជាជនជាតិខ្មែរ ដោយនិយាយជាភាសាខ្មែរ ជាមួយទៀតផង។

អ្នកសារព័ត៌មាន មកពីប្រទេសឥណ្ឌូណេស៊ី រូបនេះ បានបញ្ជាក់បន្ថែមថាៈ ការមកចូល រួមកិច្ចប្រជុំនៅកម្ពុជា លើកនេះ លោកបានផ្តោតសំខាន់ទៅលើ បញ្ហាតំបន់ប្រជាជាតិ អាស៊ីអាគ្នេយ៍ ដែលកំពុងមានបញ្ហាប្រឈម។ ជាមួយគ្នានេះ លោកក៏បានចាប់ អារម្មណ៍ផងដែរ ទៅលើកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង ៤១ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ ហើយដែលលើកក្រោយនេះ ក៏ដល់វេនប្រទេស ឥណ្ឌូណេស៊ី ជាអ្នករៀបចំវិញ។

ក្នុងពេលកំពុងវាយអត្ថបទ នៅក្នុងសណ្ខារគារសុខា លោក បែនសុខហ៊ាន ការីនិពន្ធ ព័ត៌មានជាតិ នៃកាសែតខ្មែរថាមស៍ (khmer times) បានបញ្ជាក់ប្រាប់ថាៈ «ខ្ញុំយល់ថា វាជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងការផ្តិតយករូបភាព និងវីដេអូ ក៏ដូចជាយកព័ត៌មាន សម្រាប់ផ្សព្វផ្សាយ ដល់ទស្សនិកជន និងអ្នកអានរបស់ខ្លួន ពីព្រោះកិច្ចប្រជុំអាស៊ាន មានអ្នកតាមដាន រាប់លាននាក់ នៅក្នុងពិភពលោក ជាពិសេសព្រឹត្តិការណ៍ក្ដៅៗ និងរសើបជាច្រើន កំពុងកើតមាន។

លោកបានបន្ថែមថាៈ « មិនខុសប៉ុន្មានពីអ្នកសារព័ត៌មានដទៃទៀតដែរ ដែលមានវត្ត មាននៅទីនេះ ខ្ញុំត្រូវបានអង្គភាពចាត់តាំង ឲ្យមកប្រចាំការយកព័ត៌មាន ក្នុងកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត។ ខ្ញុំរំពឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃ ខាងមុខ នឹងមានព្រឹត្តិការណ៍ និងខ្លឹមសារពិសេសៗ សម្រាប់អ្នកអានរបស់យើង។ មេដឹកនាំថ្នាក់តំបន់ និងពិភពលោក នឹងអញ្ជើញមកចូលកិច្ចប្រជុំប្រចាំឆ្នាំ ដ៏សំខាន់នេះ» ។

ដោយឡែក កញ្ញា អ៊ីន ហ្វានីន អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានវិទ្យុជាតិ កម្ពុជា បានបញ្ជាក់ឱ្យដឹងថាៈ កញ្ញាមានក្តីសប្បាយរីករាយ ក្នុងការបានមកចូលរួមយក ព័ត៌មាន ពាក់ព័ន្ធនឹងកិច្ចប្រជុំនេះ ហើយសង្ឃឹមថា ក្នុងកិច្ចប្រជុំនេះ កញ្ញា នឹងទទួល បានព័ត៌មានល្អៗ ទាំងក្នុងតំបន់ប្រទេសអាស៊ាន និងពិសេសទាក់ទិនក្នុងរឿងភូមា និងបញ្ហាសង្រ្គាម រុស្ស៊ី- អ៊ុយក្រែន។

ជាមួយគ្នានេះ កញ្ញា បានបន្តឱ្យដឹងថាៈ ”ក្នុងកិច្ចប្រជុំនេះ ក៏បានបង្ហាញឱ្យភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ បានឃើញពីការរៀបចំ ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ដោយក្នុងនេះ នឹងបង្ហា្ញញឱ្យគេឃើញ ពីរបៀបរៀបរយ ពីសន្តិសុខ សុវត្ថិភាព និងពិសេស គណៈប្រតិភូ នៃបណ្តាប្រទេសអាស៊ាន បានឃើញពីការរីកចម្រើន និងសុខសន្តិភាព របស់កម្ពុជា។ ជាមួយគ្នានេះដែរ វាក៏បានឆ្លុះបញ្ជាំងឱ្យឃើញ ពីកិច្ចការពារជំងឺកូវីដ ១៩ ដែលកម្ពុជាបានទទួលជោគជ័យកន្លងមក”។

គួរបញ្ជាក់ថា បើតាមលោក ផុស សុវណ្ណ អ្នកនាំពាក្យរបស់ក្រសួងព័ត៌មាន បានឱ្យដឹង កាលពីថ្មីៗ មកនេះថាៈ មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ប្រមាណជិត ២ ពាន់នាក់ នឹងចូលយកព័ត៌មាន ជុំវិញកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងរយៈពេលជិត មួយសប្តាហ៍ ពីថ្ងៃទី ៨ ដល់ ១៣ វិច្ឆិកា ដែលក្នុងនោះ មានអ្នក សារព័ត៌មានក្នុងស្រុក ដែលបានចុះឈ្មោះប្រមាណ ៣៥៤ នាក់ និងអ្នកសារព័ត៌មាន បរទេស ប្រមាណ ៩១០ នាក់ មកពីប្រទេសចំនួន ៣២ គិតត្រឹមថ្ងៃទី ៦ វិច្ឆិកា បូករួមវត្តមានរបស់អ្នកសារព័ត៌មានរបស់រដ្ឋ ធ្វើឱ្យចំនួនអ្នកចូលផ្តិតយកព័ត៌មាន មានក្នុងរង្វង់ជិត ២ ពាន់នាក់។

អ្នកនាំពាក្យរូបនេះ បានឱ្យដឹងបន្ថែមថាៈ មាន អ្នកសារព័ត៌មាន ចុះឈ្មោះយកព័ត៌មាន គឺមានចំនួនសរុប ១.៦៩០ រូប ក្នុងនោះ មានអ្នកកាសែតក្នុងស្រុក ចំនួន ៣៥៤ រូប មានស្រី ៤៤ រូប និងអ្នកសារព័ត៌មានបរទេស ចំនួន ៩១០ រូប មានស្រី ២៤៩ រូប ៕/V-PC