ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជួបប្រជុំទ្វេភាគីជាមួយលោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគមនាគមន៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ក្នុងកិច្ចប្រជុំដែលបានរៀបចំឡើង នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅជូនចំពោះ លោករដ្ឋមន្ត្រីក្រសួង ព័ត៌មាន និងគមនាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ចំពោះភាគីវៀតណាម ដែលតែងតែគាំទ្រដល់កម្ពុជា នាពេលកន្លងមក។

នៅក្នុងជំនួបទ្វេភាគីនេះ លោក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានលើកឡើង អំពីសមិទ្ធផលការងារសំខាន់នៃក្រសួង ដែលសម្រេចបាន នៅក្នុងរយៈពេល ពីរឆ្នាំចុងក្រោយនេះ ដែលរួមមាន គោលនយោបាយរបស់កម្ពុជា ក្នុងការកសាង រដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល តួនាទីរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ សមត្ថភាព ការរៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិ ការកសាង ហេដ្ឋារចនាសម្ព័ន្ធ និងការងារកំណែទម្រង់ របស់ក្រសួង ផងដែរ។

ថ្លែងក្នុងពិធីនេះដែរ លោករដ្ឋមន្ត្រី Nguyen Manh Hung បានកោតសរសើរ ចំពោះសមិទ្ធផលស្នាដៃរបស់ក្រសួង ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី និងបានបង្ហា ញគោលជំហរ នៅក្នុងការបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ ជាក់ស្តែងដូចជា ការចុះអនុស្សរណៈ នៃការយោគយល់ រវាងប្រទេសទាំងពីរ នាថ្ងៃនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម ក៏បាន ជម្រាបជូន អំពីក្របខណ្ឌគោលនយោបាយ នៃការធ្វើបរិវត្តកម្មឌីជីថល នៅសាធារណរដ្ឋ សង្គមនិយមវៀតណាម, ការបន្តជំរុញការវិនិយោគរបស់ ក្រុមហ៊ុនទូរគមនាគមន៍វៀតណាម នៅកម្ពុជា, ព្រមទាំងមានគោលបំណង ក្នុងការអញ្ជើញមន្ត្រីជំនាញកម្ពុជា ដើម្បីទទួលការបណ្តុះបណ្តាល នៅវៀតណាម ផងដែរ៕/V-PC