ដោយ: បូកគោ / កំពត: ថ្នាក់ដឹកនាំខេត្តកំពត បានបញ្ជាក់ថា ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ជាថ្ងៃដែលកម្ពុជា ទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ក្រោមព្រះរាជបេសកកម្មរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដោយព្រះអង្គ បានលះបង់ព្រះកាយពល ព្រមទាំងព្រះបញ្ញាញាណ យ៉ាងក្លៀវក្លាបំផុត។ ពលរដ្ឋខ្មែរគ្រប់រូប ត្រូវថែរក្សាស្មារតីនៃ ថ្ងៃឯករាជ្យនេះ ឲ្យបានគង់វង្សជានិរន្តរ។

កាលពីព្រឹកទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពត បានប្រារព្ធពិធីបុណ្យឯករាជ្យ ជាតិ ៩ វិច្ឆិកា លើកទី៦៩ នៅរមណីយដ្ឋានស្រះឈូក ក្រុងកំពត។

ថ្លែងក្នុងពិធីខាងលើ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានមាន ប្រសាសន៍ថាៈ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលេចឲ្យឃើញនូវ ព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ យ៉ាងក្លៀវក្លា ដើម្បីទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង។ ដូច្នេះ កុលបុត្រកុលធីតាខ្មែរ គ្រប់ជំនាន់តទៅ ត្រូវថែរក្សាស្មារតី នៃថ្ងៃឯករាជ្យនេះ ឲ្យបានគង់វង្សជានិរន្តរ។
លោកប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថាៈ ផ្អែកតាមខ្លឹមសារនេះ ប្រជាពលរដ្ឋ ក្នុងខេត្តកំពតទាំងមូល ក៏ត្រូវពង្រឹងស្មារតីសាមគ្គី ដើម្បីការពាររាល់សមិទ្ធផលសង្គម និងថែរក្សានូវសុខសន្តិភាព ក្នុងបុព្វហេតុកសាងអភិវឌ្ឍន៍ប្រទេស ឆ្ពោះទៅកាន់ អនាគតដ៏រុងរឿង។ ក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សូមប្ដេជ្ញាគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ រាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម នាពេលបច្ចុប្បន្ន ដើម្បីការពារសុខសន្តិភាព នៅកម្ពុជា៕/V-PC