ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាមបានយាងមកដល់ព្រះរាជាណាចក្រកម្ពុជាហើយនៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ។នេះជាព្រះរាជដំណើរតបតាមការយាងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ក្រៅពីបំពេញព្រះរាជទស្សនកិច្ចព្រះមហាក្សត្រនៃប្រទេសព្រុយណេក៏នឹងយាងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និងលើកទី៤១និងកិច្ចប្រជុំពាក់ព័ន្ធដែលចាប់ដំណើរការពីថ្ងៃទី៨ដល់ទី១៣ខែវិច្ឆិកានៅរាជធានីភ្នំពេញផងដែរ។

ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ក្នុងអំឡុងពេលព្រះរាជទស្សនកិច្ចនេះ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រនៃព្រុយណេ ដារូស្សាឡាម នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។ ព្រះចៅស៊ុលតង់ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងមានកិច្ចប្រជុំកំពូលទ្វេភាគី នៅវិមានសន្តិភាព នៅថ្ងៃទី១៤ ខែវិច្ឆិកាបន្ទាប់មកនឹងយាង/អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្តីពីកិច្ចពិគ្រោះយោបល់ទ្វេភាគី។

ព្រះចៅស៊ុលតង់ នៃព្រុយណេដារូស្សាឡាម ក៏នឹងយាងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម ប្រព្រឹត្តទៅស្របពេលដែលប្រទេសទាំងពីរ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូត នៅក្នុងឆ្នាំនេះ៕សរន

 

មហាក្សត្រនៃព្រុយណេបានយាងមកដល់ព្រះរាជាណាចក្រកម្ពុជាសម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនិងយាងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ(រូបថត ហ្រ្វេសញូវ)