ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ក្នុងព្រះរាជពិធីបិណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២២ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធី សំពះព្រះខែ អកអំបុក នៅបរិវេណសួនមានជ័យ (វេទិកាខេត្ត) នាកណ្តាលប្រជុំជន ខេត្ត ឬក្រុងសិរីសោភ័ណ រួចដង្ហែសំពៅត្រៃលក្ខណ៍ ទៅបណ្តែតជាមួយកូនកន្ទោង ប្រទីបតូចៗ របស់ពលរដ្ឋ។

លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ និងលោកស្រី ជ័យ ណារី បានអញ្ជើញជាអធិបតីក្នុងពិធីនោះ ដោយមានប្រជាពលរដ្ឋ ដែលចូលរួមរាប់រយពាន់នាក់ កាលពីរាត្រីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ជាមួយគ្នានេះដែរ នៅតាមវត្តអារាមខ្លះ ក្នុងចំណោម ២៤៣ វត្តព្រះពុទ្ធសាសនា ក្នុង ៩ ស្រុក ក្រុង ក៏មានពិធីសំពះព្រះខែ អកអំបុក បណ្តែតប្រទីប ផងដែរ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាៈ ក្នុងរាត្រី ប្រកបដោយពន្លឺរស្មីចាំងចែង នៃព្រះចន្ទពេញបូរមី ដ៏ត្រចះត្រចង់ នៅលើទឹកដី ខេត្តបន្ទាយមានជ័យដែរ នាពេលនេះ តាងនាមប្រជាពលរដ្ឋក្នុងខេត្ត សូមទ្ទិសបូជា រំលឹកគុណព្រះចន្ទ ដែលបានផ្តល់ពន្លឺ បំភ្លឺលោក នាពេលរាត្រី ព្រះធរណី និងព្រះគង្គា ដែលបានស្រោចស្រព និងនាំដីល្បាប់ថ្មី ដែលមានជីជាតិ ផ្តល់ឱ្យដំណាំស្រូវ និងដំណាំចម្ការ បានភោគផលចិញ្ចឹម មនុស្ស សត្វ រស់នៅលើភពផែនដី តាំងពីអតីតកាល រហូតដល់បច្ចុប្បន្ន។

ដោយឡែក តាមប្រពៃណីព្រះពុទ្ធសាសនា ប្រទីបនេះ គឺបូជាថ្វាយដល់ព្រះចង្កូមកែវ នៃព្រះពុទ្ធជាអម្ចាស់ ដែលតម្កល់ទុកនូវស្ថានភូជង្គនាគ ក្រោយព្រះអង្គ បរិនិព្វាន។

ចំពោះពិធីសំពះព្រះខែ និងអកអំបុក អត្ថន័យទូលំទូលាយ តាមប្រពៃណី ព្រះពុទ្ធសាសនា គឺត្រូវរៀបចំគ្រឿងស្កការៈ ដង្វាយបូជាថ្វាយដល់ព្រះពិសា យោនយកកំណើតជាសត្វទន្សាយ ហើយបានបរិច្ចាគផ្ទាល់ខ្លួនដល់ព្រះឥន្ទ្រព្រាហ្មណ៍ ដើម្បីប្រាថ្នាត្រាស់ដឹងជាព្រះពុទ្ធ។ ពេលនោះ ទន្សាយពោធិសត្វ ក្រោយធ្វើអធិដ្ឋាន ចំពោះព្រះចន្ទ ពេញបូរមី រួចហើយ ក៏លោតចូលទៅក្នុងភ្នក់ភ្លើង តែពេលនោះ ព្រះអគ្គិ ក៏រលត់សូន្យឈឹង មិនមានក្តៅដល់ព្រះអង្គឡើយ ដោយអំណាចបារមីរបស់ព្រះអង្គ។
បន្ទាប់មក ព្រះឥន្ទ្រ បានហោះនាំយកនូវថ្មកែវមនោសិលា ទៅគួសក្នុងរង្វង់ព្រះចន្ទ ជារូបទន្សាយពោធិសត្វ ដើម្បីជាទីសក្ការៈ រៀងដរាបមក។

ប្រភពនៃរឿងនេះហើយ ទើបប្រជាពលរដ្ឋ ដែលគោរពព្រះពុទ្ធសាសនា តែងបាននាំ គ្នា ប្រារព្ធពិធីសំពះព្រះខែ នាថ្ងៃពេញបូរមី ខែកក្តិក រៀងរាល់ឆ្នាំ ស្របពេលជាមួយ ពិធីបុណ្យអុំទូក។

លោក អ៊ុំ រាត្រី បានបន្តថាៈ ក្នុងនាមរដ្ឋបាលខេត្ត សូមកោតសរសើរ និងថ្លែងអំណរគុណ ដល់ការរៀបចំពីធិ និងការខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមទ្រោលសភាពការណ៍ និងអភិវឌ្ឍន៍ខេត្ត ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

សូមបញ្ជាក់ថា ក្នុងពិធីសម្រក់ទៀនជ័យ ផ្សងប្រមើមើលទឹកភ្លៀង បានលទ្ធផលថា ក្នុងឆ្នាំខាងមុខ នៅស្រុកភ្នំស្រុក នឹងមានទឹកច្រើន ។ ឯស្រុក ក្រុង ៨ ទៀត នៃខេត្ត មានទឹកមធ្យម និងតិច ដែលនេះ ជាប្រផ្នូលសម្រាប់ប្រជាកសិករ បង្កបង្កើនផល និងប្រកបរបររកស៊ី និងចុងបញ្ចប់ មានពិធីដង្ហែសំពៅត្រៃលក្ខណ៍ ទៅបណ្តែតក្នុង ស្ទឹងសិរីសោភ័ណ និងបង្ហោះគោម៕/V-PC