ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២២នេះអញ្ជើញទទួលបដិសណ្ឋារកិច្ចចំពោះដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់លោក លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិននៅវិមានសន្តិភាព ។

សូមបញ្ជាក់ថាលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន និងភរិយា ព្រមទាំងគណៈប្រតិភូ បានអញ្ជើញមកដល់កម្ពុជា កាលពីរាត្រីថ្ងៃអង្គារ ទី៨ ខែវិច្ឆិកាដើម្បីបំពេញទស្សនកិច្ចផ្លូវការពីថ្ងៃទី៨ ដល់១១ ខែវិច្ឆិកា។ ក្រៅតែពីបំពេញទស្សនកិច្ចផ្លូវការហើយនោះលោក លី ខឺឈាង ក៏នឹងបន្តអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធជាមួយអាស៊ានផងដែរ។

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច និងត្រួតពលរួច សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង នឹងអញ្ជើញពិភាក្សាការងារ។ បន្ទាប់មកសម្តេចតេជោនិងឯកឧត្តមលីខឺឈាងនឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារផ្តល់ជំនួយលើគម្រោងអភិវឌ្ឍន៍មួយចំនួននៅកម្ពុជា ក្នុងនោះ ក៏មានការរៀបចំសម្ពោធជានិមិត្តរូបដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុផងដែរ។

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការលើកទី២នៅកម្ពុជានៅថ្ងៃទី១០ ខែវិច្ឆិកាលោក លី ខឺឈាង និងភរិយា នឹងអញ្ជើញទស្សនកិច្ចនៅខេត្តសៀមរាបដោយទស្សនាប្រាសាទមួយចំនួនហើយក៏នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាប្រគល់គម្រោងស្ថាបនាឡើងវិញនៃប្រាសាទតាកែវ។

នៅថ្ងៃទី១១ ខែវិច្ឆិកាលោក លី ខឺឈាង នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ។

សូមបញ្ជាក់ថា កម្ពុជា និងចិន បានភ្ជាប់ទំនាក់ទំនងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ មានរយៈពេលប្រមាណ ៦៤ឆ្នាំហើយ។ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ ទំនាក់ទំនងប្រទេសទាំងពីរ ត្រូវបានដំឡើងកម្រិតទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាទំនាក់ទំនងកម្រិតខ្ពស់។

តាមរយៈទំនាក់ទំនងកម្រិតកំពូលនេះកម្ពុជានិងចិនបានបង្កើតនូវកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើនទាំងលើផ្នែកនយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ តាមរយៈទំនាក់ទំនងនេះ ធ្វើឱ្យមានការផ្លាស់ប្តូរនូវព្រះរាជដំណើរ និងដំណើរទស្សនកិច្ចជាញឹកញាប់រវាងប្រទេសទាំងពីរ។

ផ្តើមចេញពីទំនាក់ទំនងល្អនេះ ធ្វើឱ្យការធ្វើពាណិជ្ជកម្មរវាងចិន និងកម្ពុជាកាន់តែមានភាពរស់រវើក។ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន សម្រេចបានប្រមាណជាង ១១ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២១ ហើយ ៩ខែ ឆ្នាំ២០២២ ជិត ៩ពាន់លានដុល្លារ។ ពាក់ព័ន្ធការធ្វើពាណិជ្ជកម្មនេះ ប្រទេសទាំងពីរបានសម្រេចបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ហើយចូលជាធរមាននៅខែមករា ឆ្នាំ២០២២នេះ ដែលបើកលំហរពាណិជ្ជកម្មកាន់តែធំ។ ប្រទេសទាំងកំណត់គោលសម្រេចការធ្វើពាណិជ្ជកម្មជាមួយគ្នាឱ្យបាន ១៥ពាន់លានដុល្លារនៅឆ្នាំ២០២៥។

ចិន ក៏ជាប្រទេស ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ ចិន បានក្លាយទៅជាបង្អែកដ៏ចាំបាច់សម្រាប់ការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា។ ក្នុងនោះវ៉ាក់សាំងសរុបជិត ៤២លានដូស ដែលកម្ពុជាទទួលបានពីប្រទេសចិន។ក្នុងនោះចំនួន ១៣.៣លានដូសជាជំនួយរបស់ចិន ហើយចំនួន ២៨.៥លានដូស កម្ពុជា បានទិញពីប្រទេសចិន៕សរន