ដោយ: បូកគោ / កែប: ដោយគិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលជាឱកាសនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ព្រមទាំងថ្ងៃបុណ្យឯករាជ្យជាតិ ខេត្តកែប ទទួលភ្ញៀវមកពីទីជិតឆ្ងាយ បានជាង ៩ ម៉ឺននាក់។

លោក ​ប៉ិក ទាំង អនុប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានប្រាប់ឱ្យដឹងថាៈ រយ:ពេល ៣ ថ្ងៃ នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ព្រមទាំងថ្ងៃបុណ្យឯករាជ្យជាតិនេះ ភ្ញៀវទេសចរជិតឆ្ងាយ ចំនួន ៩១.៣០៤ នាក់ បានចូលមកលេងកម្សាន្ត និងស្នាក់អាស្រ័យនៅខេត្តកែប។ ក្នុងនោះ ទេសចរជាតិមាន ៩០.៧៤១ នាក់ និងភ្ញៀវអន្តរជាតិ ចំនួន ៥៦៣ នាក់។

លោក ខេង យ័ន អភិបាលក្រុងកែប បានបញ្ជាក់ថាៈ តាមការកត់សម្គាល់ ទោះបីភ្ញៀវ ទេសចរ សម្រុកចូលមកលេងក្នុងខេត្តកែប មានចំនួនច្រើនក្តី ក៏កងកម្លាំងសមត្ថកិច្ច ខិតខំសម្រួលចរាចរណ៍ បានល្អប្រសើរ ដោយមិនមានការកកស្ទះទេ។ ទោះបី កន្លងមក អាជ្ញាធរ បានផ្សព្វផ្សាយជាញឹកញយក្តី លោកសូមសំណូមពរ ដល់ភ្ញៀវទាំងអស់ មេត្តាយោគយល់ ចំពោះតម្លៃទំនិញ ព្រោះកាលណាតម្រូវការខ្ពស់ បរិមាណផ្គត់ផ្គង់តិច ពិតជាជៀសមិនផុត ពីការដំឡើងថ្លៃសេវាឡើយ។ យ៉ាងណា អាជ្ញាធរ នឹងបន្តចុះណែនាំបងប្អូនអាជីវករ លើបញ្ហានេះបន្ថែមទៀត៕/V-PC