ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩​ ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំមីទ្ទិញ អបអរសាទរ​ខួបអនុស្សាវរីយ៍ លើកទី៦៩ នៃទិវាបុណ្យ ឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ – ២០២២ ក្រោមអធិបបតីភាពលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត​ព្រមទាំងមាន ការចូលរួមពីលោក លោកស្រី សមាជិកព្រឹទ្ធសភា រដ្ឋសភា មណ្ឌលបន្ទាយមានជ័យ​ អភិបាលរងខេត្ត​កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ​ អស់លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរនានា ជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា អភិបាលស្រុក-ក្រុង មេឃុំ ចៅសង្កាត់ អស់លោក លោកស្រី មន្ត្រីរាជការ គរុសិស្ស និស្សិត។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍ថាៈ ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជា ត្រូវប្រារព្ធ ខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២២) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប ៦៩ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទ ផងដែរ។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍បន្តថាៈ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ក៏បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ យ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យ ដ៏ពិតប្រាកដនៅកម្ពុជា។

ក្នុងឱកាស ពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦៩ ទិវាបុណ្យជាតិនេះដែរ ជាមោទនភាពជាតិសម្រាប់សិទ្ធិសេរីភាព អធិបតេយ្យភាព បូរណភាពទឹកដី ពេញលេញបរិបូរណ៍ ចេញពីនឹមត្រួតត្រារបស់អាណានិគមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមបូជនីយកិច្ចតស៊ូទាមទារឯករាជ្យរបស់អតីតមហាក្សត្រ ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវិរក្សត្រ ដែលបារាំងបានជិះជាន់ សង្កត់សង្កិន និងរងទុក្ខវេទនា ជិត ១០០ ឆ្នាំ កន្លងមកហើយ និងជាការរួចផុតពីរបបយង់ឃ្នង ឃោរឃៅ នៃពួកប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ផងដែរ៕/V-PC