​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ បុរស​អូស្ត្រាលី​ម្នាក់​ត្រូវបាន​កាត់ទោស​ដាក់គុក​១២៩​ឆ្នាំ​នៅ​ហ្វីលីពីន ជា​ផ្នែក​នៃ​ករណី​រំលោភ​កុមារ​មួយ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជនរងគ្រោះ​អាយុ​តិចៗ​ដល់​ថ្នាក់​ខ្លះ​​អាយុ​ត្រឹម​១៨​ខែ នេះ​បើ​ការប្រកាស​របស់​រដ្ឋអាជ្ញា​កាលពី​ថ្ងៃ​ពុធ​។​

​វា​ជា​ការដាក់ទោស​លើក​ទី​ពីរ​សំរាប់ ផេ​ធឺ ជឺ​រ៉ាត ស្គូល​លី​(Peter Gerard Scully)​ដែល​ត្រូវបាន​ផ្តន្ទាទោស​អោយ​ជាប់គុក​មួយជីវិត​រួចហើយ​ចំពោះ​ការចោទប្រកាន់​មួយក្រុម​ដំបូង ពាក់ព័ន្ធ​នឹង​ការ​​រំលោភ​និង​ជួញដូរ​ក្មេងស្រី​។​

​ពួក​អ្នកជំនាញ​ព្រមាន​ថា​ហ្វីលីពីន​បាន​ក្លាយជា​ចំណុចក្តៅ​សកល​មួយ​នៃ​ការជួញដូរ​ផ្លូវភេទ​កុមារ ជំរុញ​ដោយ​ភាពក្រីក្រ ការចេះ​ភាសា​អង់​ច្រើន​និង​ការភ្ជាប់​អ៊ីនធឺណិត​កំរិត​ខ្ពស់​នៅក្នុង​ប្រទេស​អាស៊ី​​អាគ្នេយ៍​មួយ​នេះ​។​

​មែរ​លីន បា​រ៉ូឡា​-​យូ​វ៉ា​យ​(Merlynn Barola-Uy) រដ្ឋអាជ្ញា​តំបន់​ក្នុង​ទីក្រុង​កា​ហ្កា​យ៉ាន់ ដឺ អូរ៉ូ​(Cagayan de Oro) ភាគខាងត្បូង បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​«​ខ្ញុំ​សង្ឃឹមថា​វា​នឹង​ជ​ការបញ្ជូន​​សារ​ដ៏​ខ្លាំង​ណាស់​មួយ​ទៅកាន់​ជន​រំលោភ​ទាំង​អស់ ពួក​ជួញដូរ​មនុស្ស​ទាំងអស់ ថា​បទឧក្រិដ្ឋ​នឹងមិន​ផ្តល់​ផល​ចំណេញ​ទេ​»​។​

​តុលាការ​ទីក្រុង​កា​ហ្កា​យ៉ាន់ ដឺ អូរ៉ូ បាន​ផ្តន្ទាទោស​កាលពី​ថ្ងៃ០​៣​វិច្ឆិកា​ក្រោយ​ពី​ស្គូល​លី​និង​ចុង​ចម្លើយ​បី​នាក់​ទៀត​សុំ​ទទួលទោស​នៅក្រោម​កិច្ចព្រមព្រៀង​មួយ​។​ពួក​គេ​រង​ការចោទប្រកាន់​៦០​ករណី រួមមាន​​ការជួញដូរ​មនុស្ស រូ​ប​ភាព​អាសអាភាស​របស់​កុមារ បំពាន​និង​រំលោភ​ផ្លូវភេទ​កុមារ​។​

​មិត្តស្រី​របស់​ស្គូល​លី ត្រូវបាន​កាត់ទោស​អោយ​ជាប់គុក​១២៦​ឆ្នាំ និង​មនុស្ស​ពីរ​នាក់​ទៀត​ជាប់គុក​ជាង​៩​ឆ្នាំ​។​

​ការកាត់ទោស​កាលពី​ថ្ងៃ០​៣​វិច្ឆិកា ពាក់ព័ន្ធ​ជនរងគ្រោះ​ប្រាំពីរ​នាក់ រួម​មាន​ទារិកា​អាយុ​១៨​ខែ​ម្នាក់​និង​កូនក្មេង​ម្នាក់​ដែល​សាកសព​នាង​ត្រូវ​គេ​រកឃើញ​កប់​នៅ​ក្រោម​កម្រាល​ឥដ្ឋ​នៃ​ផ្ទះ​មួយ​ដែល​ស្គូល​លី​​បាន​ជួល​ស្នាក់នៅ​។​

​ផេ​ធឺ ជឺ​រ៉ាត ស្គូល​លី ត្រូវបាន​ចាប់ខ្លួន​កាលពី​ឆ្នាំ​២០១៥​នៅ​ទី​ក្រុម​ហ្វីលីពីន​មួយ ក្រោយ​ភៀសខ្លួន​ពី​អូស្ត្រាលី​នៅ​ឆ្នាំ​២០១១​។​ជន​នេះ​មក​ហ្វីលីពីន​ដើម្បី​គេ​ចពី​ការចោទប្រកាន់​ឆបោក​នៅក្នុង​ប្រទេស​កំណើត​​របស់ខ្លួន​។​បន្ទាប់មក​គាត់​បាន​បង្កើត​ជំនួញ​ផ្លូវភេទ​តាម​អ៊ីនធឺណិត​មួយ ដោយ​ថតរូប​ក្មេង​ស្រី​មក​ពី​គ្រួសារ​ក្រីក្រ ពេល​រួមភេទ​ជាមួយ​ពួកគេ ឬ​ប្រើ​ប្រដាប់​រួមភេទ​។​

​វីដេអូ​ដែល​ជន​នេះ​ថត​ត្រូវ​បាន​លក់​ទៅកាន់​អាល្លឺម៉ង់ អាម៉េរិកនិង​ប្រេ​ស៊ីល ហើយ​មាន​អតិថិជន​ជា​ច្រើន​បាន​បង់​លុយ​ដើម្បី​មើល​វីដេអូ​សិច​កុមារ​ទាំងនេះ​៕

​ជន​រំលោភ​និង​ជួញដូរ​កុមារ ផេ​ធឺ ជឺ​រ៉ាត ស្គូល​លី​(​ស្តាំ​) ត្រូវ​ដាក់​ខ្នោះដៃ​ជាមួយ​អ្នកទោស​ម្នាក់​ទៀត​ក្នុង​សវនាការ​កាលពី​ឆ្នាំ​២០១៥