គ​.​ជ​.​ប នឹង​ប្រើ​ឧទ្ធម្ភាគចក្រ​ចំនួន​ពីរ​គ្រឿង សម្រាប់​គ្រប់គ្រង​ស្ថាន​ការ​ទាំងស្រុង នៅ​ការបោះឆ្នោត​

1168
ចែករម្លែក

ឧទ្ធម្ភាគចក្រ (​រូប​ថ​តៈ​ឯកសារ​)​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ត្រៀម​ឧទ្ធម្ភាគចក្រ​ចំនួន​ពីរ​គ្រឿង ដើម្បី​ទុក​ឲ្យ​បម្រើការ​ទាំងស្រុង ដល់​បោះឆ្នោត​ជ្រ​រើស​តាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។ ការប្រើប្រាស់​ឧ​ទ្ធ​ម្ភា​ចក្រ​នេះ គឺ​ទុក​សម្រាប់​បម្រើ​ដល់​មណ្ឌលបោះឆ្នោត​នៅតាម​បណ្តា​ខេត្ត​ណាមួយ​ជួប​បញ្ហា​ដោយ​ប្រធាន​ស័ក្តិ​។​

​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ថា ការជួល​ឧទ្ធម្ភាគចក្រ​ចំនួន​ពីរ​គ្រឿង​នេះ គឺ​ទុក​បម្រុង​ទូទៅ ហើយ​ក្នុងនោះ​បញ្ហា​ទឹកខ្មៅ​ក៏​ជា​បញ្ហាសំខាន់​ដែរ​។ ឧទាហរណ៍​ទឹកខ្មៅ​ដែល​ផ្ញើ​ទៅ​ខាតបង់ ឬ​ខូចខាត​យ៉ាងម៉េច​ត្រូវតែ​ដោះស្រាយ​យក​ទឹកខ្មៅ​ទៅ​ឲ្យ​ទាន់ពេលវេលា ពីព្រោះ​ការបោះឆ្នោត​ធ្វើ​តែមួយ​ថ្ងៃ​។ ហើយ​ដើម្បី​បង្ការ​ហានិភ័យ​ទាំងឡាយ និង​ដើម្បី​ឲ្យ​ប្រតិបត្តិ​ការបោះឆ្នោត​ទទួលបាន​ជោគជ័យ​។ ឧទ្ធម្ភាគចក្រ​ដែល​ជួល​នោះ គឺ​ទុក​នៅ​អាកាសយាន ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ គឺ​ជួល​មុន​ថ្ងៃ​បោះឆ្នោត និង​ក​ក្រោយ​ការបោះឆ្នោត​មួយថ្ងៃ​។​

​អ្នកនាំពាក្យ គ​.​ជ​.​ប រូបនេះ បាន​បញ្ជាក់ថា ឧទ្ធម្ភាគចក្រ​ចំនួន​ពីរ​គ្រឿង​នេះ គឺ គ​.​ជ​.​ប ជា​អ្នក​ជួល​ពី​ក្រុមហ៊ុន​ឯកជន មិនមែន​រដ្ឋាភិបាល​ផ្តល់​ឲ្យ​ទេ ដោយ​ការជួល​នេះ គឺ​បានរៀបចំ​ការដេញថ្លៃ​រួចរាល់​អស់ហើយ​។ ដោយ​លោក​បាន​បញ្ជាក់ថា “​គ​.​ជ​.​ប ជួល​មុន​បោះឆ្នោត​មួយថ្ងៃ ហើយ​និង​ក្រោយ​ការបោះឆ្នោត​មួយថ្ងៃ ពីព្រោះ​ខ្លាច​ដឹកជញ្ជូន​សន្លឹកឆ្នោត​មក​មាន​បញ្ហា ហើយ​ការប្រើ​ឧទ្ធម្ភាគចក្រ​នេះ គឺ​មិនមែន​ជាទូទៅ​ទេ​។ ការប្រើ​ឧទ្ធម្ភាគចក្រ​នេះ គឺ​ក្នុង​គោលបំណង​គ្រប់គ្រង​ស្ថាន​ការ​ទាំងស្រុង​នៅ​ការបោះឆ្នោត​។ ឧទាហរណ៍​ដូចជា ការដឹកជញ្ជូន​សន្លឹក​ឆ្នោត​ជួប​បញ្ហា​ខ្យល់ព្យុះ​ដែល​កាណូត​ទៅ​អត់​កើត ការជួប​បញ្ហា​ធាតុអាកាស គឺ​ប្រើ​ឧទ្ធម្ភាគចក្រ​”​។​

​សូមជម្រាបថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ប្រព្រឹត្ត​ទ​ទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ដោយមាន​គណបក្សនយោបាយ​ចំនួន​២០​ចូលរួម​ប្រកួតប្រជែង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម