ដោយៈមុនីរ័ត្ន/ភ្នំពេញ៖អ្នកនាំពាក្យក្រសួងមហាផ្ទៃឯកឧត្តមនាយឧត្តមសេនីយ៍ ខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ ថាពុំមានករណីកងសន្តិសុខអាមេរិកស្នើសុំសិទ្ធិកម្ពុជាបាញ់ប្រសិនមានពលរដ្ឋលើកទូរសព្ទថតសំដៅមកក្បួនរថយន្តរបស់ប្រធានាធិបតីអាមេរិកមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានឡើយ។នេះបើតាមការបញ្ជាក់របស់ឯកឧត្តមនាយឧត្តម
សេនីយ៍ប្រាប់គេហទំព័រ EAC តាមទូរសព្ទនាល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ការបំភ្លឺរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ គឺធ្វើឡើងក្រោយពីមានការផ្សព្វផ្សាយសារសំឡេងតាមប្រព័ន្ធតេឡេក្រាមថា កងកម្លាំងអាមេរិកបានស្នើសុំសិទ្ធិបាញ់ពីរាជរដ្ឋាភិបាលកម្ពុជាថាប្រសិនមានពលរដ្ឋធ្វើដំណើរតាមក្បួនឬជិះវ៉ាក្បួន រថយន្តរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន និងគណៈប្រតិភូអាមេរិកដែលធ្វើដំណើរមកចូលរួមកិច្ចប្រជុំកំពូល អាស៊ាននៅកម្ពុជា នោះកងកម្លាំងអាមេរិកនឹងបាញ់ដោយពុំមានការលើកលែងឡើយ។ ជាមួយគ្នានេះស្នើសុំសិទ្ធិបាញ់ ប្រសិនពលរដ្ឋហ៊ានលើកទូរសព្ទថតដោយសង្ស័យថាជាអាវុធក្នុងអំឡុងក្បួនរបស់ប្រធានាធិបតីអាមេរិកមកកម្ពុជា។

ឆ្លើយតបមកអ្នកសារព័ត៌មាន EAC អ្នកនាំពាក្យក្រសួងមហាផ្ទៃបានអះអាងថា៖ «មិនមានព័ត៌មាននេះទេ។ នេះជាព័ត៌មានមិនពិត។ តាមពិតទៅវាគ្មានអ៊ីចឹងទេ បើរឿងពិតមែនហ្នឹងខ្មែរយើងយល់ព្រមទេ? ជាធម្មតាការងារអ៊ីចេះ (ធានាសុវត្ថិភាពគណៈប្រតិភូអាមេរិក) គេក្តាប់បានអស់ហើយ មុននឹងធ្វើគេដឹងអស់ហើយ គេប្រកាសមុន»។

គួរបញ្ជាក់ថា ដើម្បីធានាសុវត្ថិភាពគណៈប្រតិភូជាតិ និងអន្តរជាតិ រាជរដ្ឋាភិបាលបានត្រៀមកងកម្លាំងចម្រុះជាង ១ម៉ឺននាក់នៅចាំល្បាត និងការពារនៅតាមដងផ្លូវដែលមានក្បួនរថយន្តគណៈប្រតិភូ និងនៅបរិវេណសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

លោកប្រធានាធិបតី ចូ បៃឌិន នឹងមកបំពេញទស្សនាកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។

បន្ទាប់មកលោកប្រធានាធិបតីអាមេរិកនឹងបន្តចូលរួមកិច្ចប្រជុំកំពូល G20 ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានៅប្រទេសឥណ្ឌូណេស៊ី៕