ដោយៈមុនីរ័ត្ន/ភ្នំពេញ៖លោក ចូកូ វីដូដូ (Joko Widodo)ប្រធានាធិបតីឥណ្ឌូនេស៊ីនិងលោកជំទាវនៅវេលាម៉ោង៨​​រាត្រីថ្ងៃទី០៩ ខែវិច្ឆិកាឆ្នាំ២០២២នេះបានអញ្ជើញមកដល់កម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

រហូតដល់ពេលនេះ​មានប្រមុខរដ្ឋ និងប្រមុខរាជ/រដ្ឋាភិបាល ប្រទេសសមាជិកអាស៊ាន និងដៃគូនានារបស់អាស៊ាន បានចាប់ផ្តើមមកដល់កម្ពុជា ជាបន្តបន្ទាប់។ក្នុងនោះមាន ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រព្រុយណេ ឯកឧត្តម ហ្វឺឌីណាន់ម៉ាកូស ជូនៀ ប្រធានាធិបតីហ្វីលីពីន ឯកឧត្តម ចូកូ វីដូដូប្រធានាធិបតីឥណ្ឌូណេស៊ី ។ដោយឡែកឯកឧត្តមនាយករដ្ឋមន្រ្តីឡាវត្រូវបានរំពឹងថា នឹងមកដល់កម្ពុជានៅរាត្រីនេះ ខណៈដែលឯកឧត្តមនាយករដ្ឋមន្រ្តីថៃនិងឯកឧត្តមនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងអញ្ជើញមដល់នៅថ្ងៃស្អែកទី១០ខែវិច្ឆិកា។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានបញ្ជាក់ឱ្យដឹងថា ព្រឹត្តិការណ៍ថ្នាក់កំពូលដែល នឹងប្រព្រឹត្តទៅនៅ ថ្ងៃខាងមុខនេះ រួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូល អាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹក ខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនង អាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូល អាស៊ីបូព៌ា លើកទី១៧៕សរន