ដោយ៖តារារិទ្ធ(ភ្នំពេញ)៖នៅព្រឹកថ្ងៃ ទី១០ ខែវិច្ឆិកាឆ្នាំ២០២២ ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតី បើកកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ ។

កិច្ចប្រជុំនេះត្រូវបានរំពឹងថានឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ានឥស្សរជនជាន់ខ្ពស់ប្រទេសអាស៊ាននិងដៃគូអាស៊ានស្ថាន ទូតប្រទេសសមាជិកអាស៊ាននិងប្រទេសដៃគូអាស៊ានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ធុរកិច្ចជាតិនិងអន្តរជាតិវាគ្មិនសភាពាណិជ្ជកម្មរាជ ធានី -ខេត្ត សភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធដទៃទៀត។

មូលបទនៃកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន ឆ្នាំ២០២២ត្រូវបានដាក់ចេញដោយអនុលោមទៅតាមមូលបទរបស់រាជរដ្ឋាភិបាល «អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈម ទាំងអស់គ្នា»។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានបានឱ្យដឹងថា តំបន់អាស៊ីអាគ្នេយ៍កំពុង តែស្ថិតក្នុងពេលវេលាដ៏ប្រឈ ម។ឥទ្ធិពលនៃភូមិសាស្ត្រនយោបាយការកើនឡើងនៃអតិផរណាការរាំងស្ទះខ្សែច្រវ៉ាក់ផ្គត់ផ្គង់និងកម្រិតខុសៗគ្នានៃការបើកឡើងវិញនៃសេដ្ឋកិច្ចបង្កជាការលំបាកសម្រាប់ឆ្នាំ២០២២ ។ដោយសារតែសេដ្ឋកិច្ចកំពុងតែព្យាយាមជម្នះត្រឡប់មកសភាពដើមវិញគឺជាការចាំបាច់ដែលត្រូវសហការគ្នាមិនត្រឹមតែរួមគ្នាដោះស្រាយបញ្ហាប្រឈមប៉ុណ្ណោះទេគឺថែមទាំងរួមគ្នារៀបចំអនាគតផងដែរដែលមានលក្ខណៈឌីជីថល និង មិនប៉ះពាល់ដល់អាកាសធាតុ។

ផ្អែកលើគោលការណ៍ខាងលើនេះអ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថាកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២ ដែលរៀបចំឡើងនាពេលនេះដើម្បីឱ្យយល់កាន់តែច្បាស់ អំពីរឿងដែលកំពុងកើតឡើងនៅអាស៊ាននិងបញ្ហាគន្លឹះដែលត្រូវស្វែងយល់សម្រាប់ផែនការឆ្នាំ២០២៣។

អ្នកឧកញ៉ាបានឱ្យដឹងដែរថាមានកិច្ចពិភាក្សាចំនួនបួនត្រូវលើកមកពិភាក្សាក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់។ កិច្ចពិភាក្សានេះនឹងមានការអញ្ជើញចូលរួមដោយអ្នកជំនាញមកពី ប្រទេសអាស៊ាននិងដៃគូសន្ទនាអាស៊ាន ។ កិច្ចពិភាក្សាទាំង៤នោះរួមមាន៖១៖ ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអាស៊ាន ។២៖កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់(អាសិប) និងការវិនិយោគនៅអាស៊ាន ។៣៖ ការត្រៀមសម្រាប់ឌីជីថលអាស៊ាននិង៤៖ អាស៊ាន ដែលបៃតងជាងមុននិងប្រកបដោយចីរភាព ។

អ្នកឧកញ៉ា គិត ម៉េង បង្ហាញក្តីសង្ឃឹមថាកិច្ចពិភាក្សានៅក្នុងកិច្ចប្រជុំនេះនឹងផ្តល់ចំណេះដឹងព័ត៌មានស៊ីជម្រៅ និងការយល់ដឹងកាន់តែច្បាស់លាស់សម្រា ប់ត្រៀមលក្ខណៈអាជីវកម្ម ឆ្នាំ២០២៣ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា៕