ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​លោក អែន​រីក​គេ អេ ម៉ា​ណា​ឡូ (Enrique A. Manalo) រដ្ឋមន្ដ្រីការបរទេស​ហ្វីលីពីន បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ចំណងមិត្តភាព​ដ៏​យូរអង្វែង ទំនាក់ទំនង​ល្អ និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ រវាង​ប្រទេស​ទាំងពីរ លើ​វិស័យ​ជាច្រើន ក្នុងជំនួប​ទ្វេភាគី នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ និង ៤១ នៅ​រាជធានី​ភ្នំពេញ​។​

​លោក ម៉ា​ណា​ឡូ បាន​អបអរសាទរ​កម្ពុជា សម្រាប់ «​ភាពជា​ប្រធាន​អាស៊ាន​ដ៏​ល្អ​ឯក​» ខណៈពេល​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ហ្វីលីពីន ដែល​បាន​គាំទ្រ​ភាពជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា នៅ​ឆ្នាំ​២០២២​។​

​លោក​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ បាន​ចែករំលែក​ជំនឿ​ជាក់​ថា ជំនួប​ទ្វេភាគី​រវាង​លោក ប្រធានាធិបតី ហ្វឺ​ឌី​ណាន់ ម៉ា​កូ​ស និង​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២២ ខណៈពេល​ប្រទេស​ទាំងពីរ កំពុង​ប្រារព្ធ​ខួប អនុស្សាវរីយ៍ លើក​ទី​៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត និង​បន្ថែម​សន្ទុះ​ដល់​ការ លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។

​លោក​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ បាន​រំលឹក​អំពី​លទ្ធផល ប្រកបដោយ​ផ្លែផ្កា​របស់ កិច្ចប្រជុំ​លើក​ទី​៣ នៃ​គណៈកម្មការ​ចម្រុះ ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី កម្ពុជា​-​ហ្វីលីពីន ដែល​ធ្វើជា​សហប្រធាន ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោក តែ​វ​ដូ​រ៉ូ ឡក់​ស៊ីន ជេ​អរ អតីត​រដ្ឋមន្ដ្រីការបរទេស​ហ្វីលីពីន កាលពី​ខែធ្នូ ឆ្នាំមុន និង​បាន​លើកទឹកចិត្ត​ឱ្យ​អនុវត្ត​កំណត់ហេតុ នៃ​កិច្ចប្រជុំ​នោះ ដែលជា​ផែនទី បង្ហាញផ្លូវ សម្រាប់​ភាគី​ទាំងពីរ ក្នុងការ​ធ្វើឱ្យ​ស៊ីជម្រៅ​នូវ កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ នាពេល​បច្ចុប្បន្ន​។​

​លោក​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ បានកត់សម្គាល់​ដោយ​ក្តី​ពេញចិត្ត ចំពោះ​កំណើន​នៃ ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម រវាង​ប្រទេស​ទាំងពីរ ហើយ​ដើម្បី​ជំរុញ​បន្ថែមទៀត នូវ​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​វិនិយោគ និង​ពាណិជ្ជកម្ម​ទ្វេភាគី​។ លោក​រដ្ឋមន្ត្រី ការបរទេស​ទាំងពីរ បាន​លើកទឹកចិត្ត​ឱ្យ​ភាគី​ទាំងពីរ ព​ន្លឿ​ន​ការចរចា លើ​សេចក្តីព្រាង កិច្ចព្រមព្រៀង ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​។ លោក ឧបនាយករដ្ឋមន្ត្រី បានស្នើ​ភាគី​ហ្វីលីពីន បង្កើន​ការនាំ​ចូល​អង្ករ និង​ទាញយក​ប្រយោជន៍​ពី​ច្បាប់ វិនិយោគ​ថ្មី​របស់​កម្ពុជា ដែល​ផ្តល់នូវ​ការលើកទឹកចិត្ត​ច្រើនជាង​មុន សម្រាប់​ស្វែងរក ឱកាស​វិនិយោគ នៅ​កម្ពុជា ជាពិសេស​ក្នុង​ឧស្សាហកម្ម ក​សិ​-​ម្ហូបអាហារ​។​

​លោក រដ្ឋមន្ត្រីការបរទេស​ទាំងពីរ បានលើកឡើង​ពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ វិស័យ​ទេសចរណ៍ ហើយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានផ្តល់​អនុសាសន៍ ឱ្យ​បង្កើន​ជើងហោះហើរ​ត្រង់ រវាង​ទីក្រុង​ម៉ានីល​- រាជធានី​ភ្នំពេញ​- ទីក្រុង​ម៉ានីល និង​លទ្ធភាព​ហោះហើរ រវាង​ទីក្រុង​សេ​ប៊ូ – សៀមរាប – សេ​ប៊ូ ។​

​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ការអភិវឌ្ឍ​ធនធានមនុស្ស សន្តិសុខ​និង​ការពារជាតិ កសិកម្ម និង​ការផ្លាស់ ប្តូរ​ការគាំទ្រ​គា្ន រវាង​ប្រទេស​ទាំងពីរ នៅលើ​ឆាក​អន្តរជាតិ ក៏ត្រូវ​បាន​លើក​យកមក ពិភាក្សា​នៅក្នុង​ជំនួប​នេះ ផងដែរ​។​

​លោក​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ពី​វិបត្តិ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​ក្នុងឱកាស​នោះ លោក ម៉ា​ណា​ឡូ បាន​កោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងឋានៈ​ប្រ​សិត​ពិសេស​របស់​ប្រធាន អាស៊ាន ស្តីពី​មី​យ៉ាន់​ម៉ា និង​បានបញ្ជាក់​ពី​ការបន្ត​គាំទ្រ​របស់​ហ្វីលីពីន ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​៕/V​