​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មន្ត្រី​សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៩​វិច្ឆិកា​ថា ប្រធានាធិបតី ចូ បៃ​ដិន នឹង​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន ហ្វ៊ុយ​មី​អូ គី​ស៊ី​ដា​និង​ប្រធានាធិបតី​​កូរ៉េខាងត្បូង យូ​ន ស៊ុក​យ៉ូល ក្នុងអំឡុង​ដំណើរ​ទៅកាន់​អាស៊ី​នាពេលខាងមុខ ដើម្បី​ពិភាក្សា​អំពី​វិធី​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​មេដឹកនាំ​ទាំង​បី​នឹង​ជួប​គ្នា​នៅ​កម្ពុជា​នៅ​ថ្ងៃអាទិត្យ ទី​១៣ ខែវិច្ឆិកា នៅពេលដែល​លោកបៃ​ដិន​ធ្វើ​ទស្សនកិច្ច​នៅអាស៊ី​សម្រាប់​កិច្ចប្រជុំជាមួយ​អាស៊ាន​និង​ក្រុម​ប្រទេស​ឧស្សាហកម្ម​ទាំង​២០​។ ​មន្ត្រី​សេត​វិមាន​និយាយថា ពួកលោក​នឹង​”​ដោះស្រាយ​ការគំរាមកំហែង​ជា​បន្តបន្ទាប់​ដែល​បង្កឡើង​ដោយ​អាវុធ​ប្រល័យ​លោក​និង​កម្មវិធី​មី​ស៊ី​ល​ផ្លោង​ខុស​ច្បាប់​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មា​​និត​កូរ៉េ​”​។ កាលពី​ខែ​តុលា កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ផ្លោង​ចម្ងាយ​ឆ្ងាយ​ជាង​ពេល​មុនៗ​ដោយ​បញ្ជូន​វា​ហោះ​រំលង​ប្រទេស​ជប៉ុន​ជា​លើកដំបូង​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​និង​បាន​ជំរុញ​​ឱ្យ​មាន​ការ​ព្រមាន​ដល់​ប្រជាជន​នៅ​ទី​នោះ​ឱ្យ​ជ្រក​នៅ​កន្លែង​សុវត្ថិភាព​។​

​រឿង​នេះ​បាន​ជំរុញ​ឱ្យ​លោកបៃ​ដិន​ទូរស័ព្ទ​ទៅ​លោក​គី​ស៊ី​ដា​និង​រំលឹក​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត “​រឹង​ដូច​ដែក​ថែប​” របស់​អាម៉េរិក​ចំពោះ​ការការពារ​ប្រទេស​ជប៉ុន​។​

​យន្តហោះ​ចម្បាំង​កូរ៉េ​ខាងត្បូង​និង​អាម៉េរិក​ក៏បាន​អនុវត្ត​ការទម្លាក់​គ្រាប់បែក​លើ​គោលដៅ​នៅ​សមុទ្រ​លឿង​ជា​ការឆ្លើយតប​ផងដែរ​ហើយ​យន្តហោះ​ចម្បាំង​របស់​អាម៉េរិក​និង​ជប៉ុន​បាន​ធ្វើ​សមយុទ្ធ​រួមគ្នា​​លើ​សមុទ្រ​ជប៉ុន​។​

​កាលពី​សប្តាហ៍​មុន មន្ត្រី​អាម៉េរិក​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​ថា​ចិន​និង​រុស្ស៊ី​មាន​ឥទ្ធិពល​ដែល​ពួកគេ​អាច​ប្រើប្រាស់​ដើម្បី​បញ្ចុះបញ្ចូល​កូរ៉េខាងជើង​កុំ​ឱ្យ​បន្ត​ការសាកល្បង​អាវុធ​នុយ​​ក្លេ​អ៊ែរ​ឡើងវិញ​។​មន្ត្រី​រូប​នេះ​ក៏​បាន​កត់សម្គាល់​ផងដែរ​ថា ខណៈ​សហរដ្ឋ​អាម៉េរិក​បាន​និយាយ​តាំងពី​ខែ​ឧសភា​មក​ថា​កូរ៉េខាងជើង​កំពុង​រៀបចំ​ឡើងវិញ​នូវ​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​លើកដំបូង​​ចាប់តាំងពី​ឆ្នាំ ២០១៧ មក គេ​មិន​ច្បាស់​ទេ​ថា​តើ​ពេលណា​ដែល​កូរ៉េខាងជើង​អាច​ធ្វើ​ការសាកល្បង​បែបនេះ​។​

​កាលពី​ខែ​ឧសភា នៅពេលដែល​លោកបៃ​ដិន​ធ្វើ​ទស្សនកិច្ច​លើកចុងក្រោយ​នៅអាស៊ី ក្រុមមន្ត្រី​រដ្ឋបាល​បាន​និយាយថា​ពួកគេ​បាន​ស្ថិត​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ការ​ពិនិត្យ​ឡើងវិញ​នូវ​គោល​​នយោបាយ​របស់​ខ្លួន​ចំពោះ​កូរ៉េខាងជើង ហើយ​មាន​បំណង​ចង់​លើក​ទឹកចិត្ត​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​ត្រីភាគី​កាន់តែច្រើន​ជាមួយ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​និង​តូ​ក្យូ​លើ​បញ្ហា​នេះ​។​

​កូរ៉េខាងជើង​ត្រូវបាន​ហាមឃាត់​ជា​យូរ​មក​ហើយ​ពី​ការសាកល្បង​នុយក្លេអ៊ែរ​និង​ការបាញ់​មី​ស៊ី​ល​ផ្លោង​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ដែល​បាន​ពង្រឹង​ការដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ក្នុងអំឡុងពេល​ជាច្រើន​ឆ្នាំ​ដើម្បី​ព្យាយាម​កាត់ផ្តាច់​មូលនិធិ​សម្រាប់​កម្មវិធី​ទាំងនោះ​៕

លោកបៃ​ដិន មេដឹកនាំ​កូរ៉េខាងត្បូង​និង​ជប៉ុន បាន​ជួបគ្នា​អំពី​បញ្ហា​កូរ៉េ​ខាងជើង​កាលពី​ពេល​ថ្មីៗ​។​មេដឹកនាំ​ទាំង​បី​នឹង​ជួប​គ្នា​នៅ​កម្ពុជា​នៅ​ថ្ងៃអាទិត្យ ទី​១៣ ខែវិច្ឆិកា​