​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​យោធា​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​នឹង​ដកចេញ​ពី​ទីក្រុង​ឃើ​សុន​ដែល​ខ្លួន​បាន​វាយ​ដណ្តើមយកតាំងពីដើមសង្រ្គាមតែ​រដ្ឋាភិបាល​ទីក្រុង​គៀវ​ហាក់​មិនសូវ​ជឿ​នៅពេល​អ្នកវិភាគ​​ម្នាក់​បាន​ព្រមាន​ថា​វា​អា​ជា​អន្ទាក់​អោយ​ទាហាន​អ៊ុយ​ក្រែន​ចូលក្នុង​ទី​ក្រុងនេះ​។

​ការដក​ទ័ព​នេះ​កត់សំគាល់​ការដើរថយក្រោយ​ដ៏​អាក្រក់​បំផុត​របស់​រុស្ស៊ី​នៅក្នុង​សង្គ្រាម​ចំណាស់​៨​ខែ​មកនេះ​។​

​អាជ្ញាធរ​អ៊ុយ​ក្រែន​មាន​ការប្រយ័ត្នប្រយែង​អំពី​ការប្រកាស​ដកទ័ព​ចេញពី​ឃើ​សុន ដែល​ជា​ច្រក​មួយ​ទៅកាន់​ឧបទ្វីប​គ្រី​ម៉េនិង​តំបន់​ក្បែរ​ខាង​។​ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី បាន​ព្រមាន​ថា​ពួក​​រុស្ស៊ី​ធ្វើ​ពុត​ជា​ដកទ័ព​ចេញពី​ឃើ​សុន​ដើម្បី​ទាក់ទាញ​អោយ​ទាហាន​អ៊ុយ​ក្រែន​ចូល​ក្នុង​អន្ទាក់​ក្នុង​ទីក្រុង​កំពង់ផែ​ឧស្សាហកម្ម​យុទ្ធសាស្ត្រ​នេះ​។​

​បើ​ជា​ការពិត ការដកចេញ​ពីឃើ​សុន នឹង​ជា​បរាជ័យ​បន្ថែម​មួយទៀត​ចំពោះ​ការប៉ុនប៉ង​របស់​រុស្ស៊ី​កាលពី​ដំបូង​ក្នុង​ការចាប់យក​រដ្ឋធានី​គៀវ​និង​ការដកចេញ​យ៉ាង​តក់ក្រហល់​ពី​ទីក្រុង​ខា​គី​វ​។​

សូមបញ្ជាក់ថា ​កងកម្លាំង​រុស្ស៊ី​បាន​វាយ​ចាប់​យក​ឃើ​សុន​នៅ​ដើមដំបូង​នៃ​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​ចូល​អ៊ុយ​ក្រែន​ដែល​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​២៤​កុម្ភៈ​។​

​កងកម្លាំង​អ៊ុយ​ក្រែន​នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​បាន​ផ្តោត​លើ​ទីក្រុង​យុទ្ធសាស្ត្រ​ដែល​ពីដំបូង​មាន​ប្រជាជន​២៨០.០០០​នាក់នេះ ដោយ​បាន​កាត់ផ្តាច់​ផ្លូវ​ផ្គត់ផ្គង់​នៅក្នុង​ផ្នែក​នៃ​ការ​វាយបក​ដ៏​ធំ​មួយ​​នៅ​ប៉ែក​ខាងកើត​និង​ខាងត្បូង​អ៊ុ​យក្រែន​។​

​ការចាប់យក​ទីក្រុង​ឃើ​សុន​ឡើងវិញ​អាច​អនុញ្ញាត​អោយ​អ៊ុយ​ក្រែន​ដណ្តើម​បាន​ទឹកដី​ដែល​បាត់បង់​មក​វិញ​នៅ​តំបន់​ហ្សា​ប៉ូរី​ហ្ស៍​ហ្សី​យ៉ានិ​ង​តំបន់​ភាគខាងត្បូង​ដទៃទៀត រួម​មាន​ឧបទ្វីប​គ្រី​ម៉េ ដែល​រុស្ស៊ី​​ដាក់​ជា​ឧបសម្ពន្ធ​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៤​។​ការដកថយ​របស់​រុស្ស៊ី​លើក​នេះ​កាន់តែ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​អោយ​បង្កើន​សង្គ្រាម​ចំណាស់​៨​ខែ​មួយ​នេះ​។​

​ថ្លែង​ក្នុង​ទូរទស្សន៍​រុស្ស៊ី មេបញ្ជាការ​យោធា​កំពូល​របស់​វិមាន​ក្រឹម​ឡាំង​ប្រចាំ​អ៊ុ​យក្រែន បាន​ចង្អុល​ទៅកាន់​ផែនទី​ព្រា​លៗ​មួយ​ដែល​លោក​រាយការណ៍​ជូន​រដ្ឋមន្ត្រី​ការពារជាតិ សឺ​ហ្គេ សយ​ហ្គូ កាលពី​ថ្ងៃ​ពុធ​ថា​​វា​មិន​អាច​ធ្វើបាន​ទេ​ក្នុង​ការផ្គត់ផ្គង់​ស្បៀង​និង​គ្រាប់រំសេវ​ដល់​ទីក្រុង​ឃើ​សុន​ហើយ​ការបន្ត​ការពារ​វា​នឹង​«​ឥតប្រយោជន៍​»​។​

​ឧត្តមសេនីយ៍ សឺ​ហ្គេ ស៊ូ​រ៉ូវី​គីន​(Sergei Surovikin)​បាន​និយាយថា មនុស្ស​១១៥.០០០​នាក់​ត្រូវបាន​រើ​ទី​លំនៅ​ដោយសារតែ​«​អាយុជីវិត​របស់​គេ​ប្រឈម​គ្រោះថ្នាក់​ជា​ប្រចាំ​»​និង​បាន​ស្នើសុំ​ដកទ័ព​នៅ​​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​នៅ​ទល់​មាត់ទន្លេ​ឌី​នី​ភើ​(Dnieper)​។​

​លោក សយ​ហ្គូ បាន​យល់ស្រប​នឹង​ការ​វាយ​តំលៃ​របស់ ស៊ូ​រ៉ូវី​គីន និង​បាន​បញ្ជា​អោយ​លោក​«​ចាប់ផ្តើម​ដក​ទាហាន​និង​ចាត់​គ្រប់​វិធានការ​ដើម្បី​ធានា​ការផ្ទេរ​បុគ្គលិក​យោធា សព្វាវុធ​និង​គ្រឿង​បរិក្ខា​កាត់​​ទន្លេ​ឌី​នី​ភើ​ដោយ​សុវត្ថិភាព​»​។​

​តែ​ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែន​បាន​និយាយថា តាំងពី​មុន​មក​«​យើង​មិន​បាន​ឃើញ​សញ្ញា​ណា​ថា​រុស្ស៊ី​ដកចេញ​ពី​ទីក្រុង​នេះ​ទាំង​ស្រុង​ទេ នេះ​មានន័យថា​សេចក្តីថ្លែងការណ៍​នេះ​ជា​មាន​បំភាន់​ព័ត៌មាន​។​

​អ្នកវិភាគ​យោធា​លោក អូ​ឡេក ហ្សី​ដា​ណូ​វ​(Oleg Zhdanov)​បាន​ប្រាប់​សារព័ត៌មាន​ថា ការប្រកាស​ដកថយរ​បស់​រុស្ស៊ី​«​អាច​ជា​អន្ទាក់​ឈ្លប​វាយប្រហារ​របស់​រុស្ស៊ី​មួយ​លើ​កងកម្លាំង​អ៊ុ​យក្រែន​»៕

​លោក រដ្ឋមន្ត្រី​សយ​ហ្គូ​(​ស្តាំ​) បាន​យល់ស្រប​នឹង​ការ​វាយ​តំលៃ​របស់ ស៊ូ​រ៉ូវី​គីន​(​ឆ្វេង​) និង​បាន​បញ្ជា​អោយ​មេបញ្ជាការ​ទ័ព​ប្រចាំ​សង្គ្រាម​អ៊ុយ​ក្រែន​ចាប់ផ្តើមដ​កទាហាន​

​ទាហាន​រុស្ស៊ី​ឈរ​នៅ​ទីលាន​មួយ​ក្នុង​ទីក្រុង​ឃើ​សុន​កាលពី​ខែ​មីនា​